(អត្ថបទលោក ហ៊ុន សិរីវឌ្ឍន៍, VOD News, 27-3-2019)
កម្ពុជា​ ជាប់បំណុល​បរទេស ​គិត​ត្រឹម​ចុងឆ្នាំ២០១៨ កើន​ដល់​ជាង ១ម៉ឺន ១ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ចិន ​ជា​ម្ចាស់បំណុល​ធំជាង​គេ​របស់​កម្ពុជា​។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា ​ចេញផ្សាយ​កាលពី​ម្សិលមិញ​ ក្រសួងសេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ១៩៩៣ មក​ទំហំ​កម្ចី​ ដែល​មាន​សរុប​ជាង ១ម៉ឺន​លាន​ដុល្លារ​នេះ ​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​ប្រមាណ ៨៧% ​នៃ​កម្ចី​សរុប​។

ក្រសួង ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា ​ម្ចាស់​បំណុល​ធំៗ​របស់​កម្ពុជា ​រួមមាន​ប្រទេស​ចិន ​គ្រប់គ្រង​បំណុល​ប្រមាណ​ជាង ៤ ពាន់ ៦ រយ​លាន​ដុល្លារ​អាមេរិក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ គ្រប់គ្រង​បំណុល​ប្រមាណ ២ ពាន់ ៦ រយ​លាន​ដុល្លារ​ ជប៉ុន​ ជាង ១ ពាន់ ៣ រយ​លាន​ដុល្លារ​ និង​ធនាគារពិភពលោក​ជាង ១ ពាន់ ១ រយលាន​ដុល្លារ​។

បើ​ពិនិត្យ​លើ​ព្រឹត្តិបត្រ​នោះ​ក្នុង​ឆ្នាំ២០១៨​ កម្ពុជា ​បាន​ចុះហត្ថលេខា ​ទទួល​កម្ចី​ពី​បរទេស​ដល់ទៅ​ជិត ២ ពាន់​លាន​ដុល្លារ​ ខណៈ​សង​ត្រលប់​ទៅបរទេស​វិញ​ បាន​ត្រឹមតែ​ជាង ២ រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

បើ​តាម​ក្រសួងសេដ្ឋកិច្ច ​គិត​មកទល់​នឹង​ពេលនេះ​កម្ពុជា​ បាន​ដក​សាច់ប្រាក់​មក​ប្រើប្រាស់​បាន​ជាង ៧ ពាន់​លាន​ដុល្លារ​ ខណៈ​នៅសល់​បំណុល​ជាង ៧ ពាន់​លាន​ដុល្លារ​ទៀត ​ដែល​នៅ​មិនទាន់​សង​៕