HS

អ្នក​ស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​ ថា​លទ្ធផល​ពីការ​បោះឆ្នោត​ ​ថ្ងៃទី​ ២៩ ​កក្កដា ២០១៨ ​បាន​នាំមក​ឲ្យកម្ពុជា ​នូវ​ហានិភ័យ​នៃ​ការ​បាត់​បង់​ការទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ ពី​អន្តជាតិ​ ​ជា​ពិសេស​ពី​​បស្ចិមប្រទេទេស​។


ហ៊ុល រស្មី / 

ការបោះឆ្នោត​ជាតិនៅ​កម្ពុជា ​កាលពីថ្ងៃ​អាទិត្យ​ ​ទី​២៩ ខែកក្កដា​ ឆ្នាំ​២០១៨ ​កន្លងទៅ​ ​បាន​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ អ្នក​ស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​ ដែល​បាន​រក​ឃើញ​ថា ​លទ្ធផល​ពីការ​បោះឆ្នោត​នេះ​ ​បាន​នាំមក​ឲ្យកម្ពុជា ​នូវ​ហានិភ័យ​នៃការ​បាត់​បង់​ការទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ ពី​អន្តជាតិ​ ​ជា​ពិសេស​ពី​ប្រទេស​នៅ​បស្ចិម​លោក។​ ​នេះបើ​យោងតាម​សេចក្តី​រាយការណ៍​ របស់​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ​Financial Times​ ​ដែល​មានមូលដ្ឋាន​នៅ ចក្រភព​អង់គ្លេស។​

លទ្ធផលបឋម​នៃកា​របោះឆ្នោតជាតិ​ លើក​៦​ នៅកម្ពុជា​ បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទំនង​ជាអាច​គ្រប់​គ្រងបានទាំងស្រុង​រដ្ឋសភាជាតិ {អាសនៈ ១២៥ លើ ១២៥} ដែល​នឹង​ធ្វើ​ការ​បោះឆ្នោត ​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ នាពេល​ខាងមុខនេះ។

​កាសែត Financial Times​ ​ដែលធ្វើ​សេចក្តី​រាយការណ៍​ដោយផ្អែកលើ​ការស្រាវជ្រាវ​របស់​ ក្រុម​ហ៊ុន​វាយតម្លៃ​ស្ថានភាព​ទីផ្សារ​ ​និង​សេចក្តី​វិភាគ​ខាង​ហិរញ្ញវត្ថុ​ ឈ្មោះ​ថា​ Moody ​បានឲ្យ​ដឹង​ថា​ ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​បំផុត​របស់​កម្ពុជា​នេះ​ ត្រូវបានរិះគន់​យ៉ាង​ចាស់​ដៃ​ ពីរដ្ឋាភិបាល​នា​នា​ និង​អ្នក​តស៊ូមតិ​ខាង​ប្រជាធិបតេយ្យ ។ ហើយ​ក្រុមហ៊ុន​ ​Moody​ ​បាន​ព្រមាន​ថា​ ​ការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ហានិភ័យ​ ដែល​អន្តរជាតិ​អាច​ដក​ការ​គំាទ្រ​ របស់​ពួកគេ​ ខាង​ជំនួយ​ខាងហិរញ្ញប្បទាន។

ក្រុម​អ្នក​ស្រាវជា្រវ​របស់​ក្រុមហ៊ុន​ ​Moody ត្រូវ​បានដក​ស្រង់​សំដីថា​ ​ប្រសិន​បើ​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ទាំងនោះ​ បានដក​ការ​ជួយ​ជាជំនួយ​ ឬ​ក៏ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ការណ៍នេះ​នឹង​បង្ក​ការ​លំបាក​នៃការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ និង​តុល្យភាព​នៃ​ការចំណាយ និង​ធ្វើ​ឲ្យមាន​ការបារម្ភ ​ទៅលើ​កំណើន​ផលិតផល​ក្នុងស្រុក​។ ពួក​អ្នកវិភាគ ​បាន​បញ្ជាក់​ទៀត​ថា​ ការវិវត្តន៍​បែបនេះ​ នឹង​បង្កផល​ប៉ះពាល់​ជាលក្ខណៈ​អវិជ្ជមាន ​លើបំណុល​ប្រទេស​កម្ពុជា។

ពួកអ្នក​វិភាគ​នៃ​ក្រុម​ហ៊ុន Moody ត្រូវបាន​ស្រង់​សំដី​ថា៖​ «លំហូរនៃជំនួយ​ និងវិនិយោគ​ទុន​បរទេស​ដោយ​​ផ្ទាល់​ បាន​ជួយ​ផ្តល់លុយ​ដល់​ឱនភាពធំធេង ​នៃ​គណនី​បច្ចុប្បន្ន និង​បាន​បង្កើន​នូវការ​ផ្លាស់​ប្តូរ​ទុន​បម្រុង​បរទេស​ ដែលបាន​ឡើងដល់​ ១២,២៥ ​ពាន់​លាន​ដុល្លារ ​ក្នុងខែមិថុនា​ ឆ្នាំ ​២០១៨ (ឬ​ប្រមាណជា ​៥៥ ​ភាគរយនៃ​ ផលិតផលក្នុង​ស្រុក​សរុប​ ឆ្នាំ ​២០១៧)​ ជា​កម្រិត​កំពូល​ដែល​មិនធ្លាប់​មានពីមុនមក»។​

ពួក​អ្នកវិភាគ​បាន​និយាយ​បន្ថែមថា៖​ «កំណើន​ខ្លាំងក្លា​នៅក្នុង​ ការ​នាំចេញ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​ ដែលស្មើនឹង​ប្រមាណ ​៧៣ ​ភាគរយ​ នៃ​គ្រប់មុខ​ទំនិញ​នាំចេញ​ទាំងអស់​ និង​ស្មើនឹង ​៣៦ ​ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុបក្នុង ឆ្នាំ ​២០១៦​ ត្រូវបាន​ជ្រែងទប់​ដោយ​ការអនុគ្រោះ​ពន្ធ​ ទៅសហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប»។​

ទោះជា​មាន​ការព្រមាន​យ៉ាងនេះ​ក៏​ដោយចុះ​ លោក​ ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា​ ពលរដ្ឋ​កម្ពុជា​ បាន​បង្ហាញ​ឆន្ទៈ​ចួលរួម​ការបោះឆ្នោត​ដ៏ត្រឹមត្រូវមួយ​ ហើយ​អ្វីដែលពលរដ្ឋ​កម្ពុជា​ បានសម្រេច​គឺក្នុង​នាមការពារ​អធិបតេយ្យភាព​ប្រទេស​របស់​ខ្លួន។

«​ការ​បោះឆ្នោត​ហ្នឹង​ ជាសេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ការសម្រេច​ហ្នឹង ជាការ​សម្រេច​របស់​ ដើម្បី​ផលប្រយោជន៍​ខ្មែរ​ ដែល​ជា​អធិបតីភាព​របស់​ខ្លួន​ ក្នុង​កិច្ច​ធានា​ជោគ​វាសនា​ ការសម្រេច​ចិត្ត​ពីជោគ​វាសនា​របស់​ផង​ខ្លួន​ មិនមែន​ជា​ការបោះឆ្នោត​បម្រើសហភាព​អឺរ៉ុប​ បម្រើ​អាមេរិកាំង​ ​បម្រើ​យួន បម្រើចិន​នោះទេ​បាទ»។

ទាក់ទិន​នឹង​ផល​វិបាក​ខាង​ហិរញ្ញវត្ថុ​ អ្នកនាំពាក្យ​រូបនេះ​ អះអាង​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្លាយ​ជាអ្នក​បម្រើ​បរទេស​នោះទេ។ «យើង​ត្រៀម​លក្ខណៈ​គ្រប់​បែបយ៉ាង​ ជា​រដ្ឋាភិបាល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​។ យើងមិន​នាំ​ជាតិ​យើង ​ទៅធ្វើ​ខ្ញុំ​អ្នកណា​ទេបាទ​។ យើង​រៀបចំ​ត្រៀម​លក្ខណៈ​រួចស្រេច»។

នៅពេល​ ​VOA​ ​សួរ​លោកថា​ តើកម្ពុជា​នឹង​ធ្វើ​យ៉ាងណា​ប្រសិនបើ​ប្រទេស​នៅលោក​ខាង​លិច ​បន្ថយការ​ជួយ​ខាង​ហិរញ្ញវត្ថុ​នោះ​ លោក ​ផៃ ស៊ីផាន​ អះអាង​ថា​ កម្ពុជា​ក្នុង​នាម​ជា​សមាជិក​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ជាប្រទេស​ដែលអាច​រក​ចំណូល​បាន​ដោយ​ខ្លួន​ឯង​ បាន​ផ្តើម​កសាង​ដៃគូ ខាង​ហិរញ្ញវត្ថុ​ជាមួយ​ប្លុក​សេដ្ឋកិច្ចមួយ​ ​ដែល​មាន​ឈ្នោះ​ថា​ BRICS។​ ​ប្លុក​សេដ្ឋកិច្ច​ BRICS ​រួម​មាន​ប្រទេស​ប្រេស៊ីល រុស្សី​ ឥណ្ឌា ​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង។

លោកបន្ថែម​ថា​ ការ​មានទំនាក់​ទំនង​យ៉ាងដូច្នេះ​ បញ្ជាក់​ថា​ កម្ពុជា​មិនមែន​រស់​នៅ​តែ​ឯងទេ​ ហើយ​កម្ពុជា​បាន​បង្ហាញ​សេចក្តី​ក្លាហាន​របស់ខ្លួន ​ក្នុងពេល​បោះឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ។ «ដូច្នេះ​ អានេះ​ជា​ ការ​អាទិភាព​របស់​កម្ពុជា​ ក្នុង​កិច្ច​បង្ហាញ​ភាព​ក្លាហាន​ មិនលក់​ មិន​លត់​ជង្គង់​ បោះបង់​ចោល​ទឹកដី​ខ្លួន​ឯង​[…] ពីរបស់​ខ្លួនទេ​ ក្នុងកិច្ច​ការពារឆន្ទៈ​របស់​មហាជន​ តាម​រយៈ​សំឡេង​នៃការ​បោះឆ្នោត​ ការ​ចេញ​មក​បោះឆ្នោត​របស់​មហាជន​កម្ពុជា​បាទ»។

ក៏ប៉ុន្តែ​ ​សេចក្តី​រាយការណ៍​របស់​កាសែត​ Financial Times​ ​បាន​បញ្ជាក់​ឲ្យដឹង​តាមអ្នក​ស្រាវ​ជ្រាវ​ពីររូប​របស់​ក្រុមហ៊ុន​ ​Moody ថា​លទ្ធផលនៃ​ការបោះឆ្នោត​កម្ពុជា​ បាន​បង្កើន​ហានិភ័យ​ជាច្រើន ​ទៅលើ​ការ​ទ្រទ្រង់​ហិរញ្ញវត្ថុ​របស់​បរទេស​ ដែលបាន​បន្ត​មកដល់​ពេលនេះ​ នៅ​ពេល​ប្រទេស​ម្ចាស់​ជំនួយទំាងឡាយ​របស់​កម្ពុជា រួមមាន​អូស្រា្តលី កាណាដា​ សហរដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ បាន​បង្ហាញការ​បារម្ភ​អំពី​ភាពដែល​អាច​ជឿទុកចិត្ត​បាន​របស់​ការ​បោះឆ្នោត។​

សេចក្តី​រាយការណ៍​ដដែល​បាន​បន្តថា​ លុយសុទ្ធ​ដែលបាន​ពីសហរដ្ឋ​អាមេរិក​ ​និង​សមាជិក​និង​ស្ថាប័ន​សហភាព​អឺរ៉ុប ហើយនិង​ប្រទេស​អូស្រា្តលី​ ស្មើនឹង​ប្រមាណជា​ ៤៣ ភាគរយ ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​កម្ពុជា​ ឬប្រមាណ​ជា​ ៨ ភាគរយ ​នៃ​ចំណូល​របស់​រដ្ឋាភិបាល​ទាំងស្រុង​ក្នុង ​ឆ្នាំ​២០១៦។ ​

នៅ​ក្រោយ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ប្រឆាំង ​កាល​ពីថ្ងៃទី​ ២៩ ខែកក្កដា​ កន្លងទៅ មានតែ​ក្រុមមន្ត្រីរបស់​ប្រទេស​ ចិន​កុម្មុយនីស្ត ដែល​ជាសម្ព័ន្ធមិត្ត​ស្អិត​រមួត​របស់​កម្ពុជា​ និង វៀតណាម​ ​ត្រូវ​គេរាយ​ការណ៍​ថា បាន​អបអរ​ដល់​ ការ​បោះ​ឆោ្នត​នៅកម្ពុជា​ ​ថា​ធ្វើឡើង​ដោយ​ជោគជ័យ។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ថ្មីៗ​នេះ ក៏បាន​ប្រកាសពី​ការដឹក​នាំប្រទេស​បន្តក្នុង​រយៈ​ពេល ៥ ​ឆ្នាំ​ទៀត​ បន្ថែម​ទៅ​លើការ​គ្រប់គ្រង​ប្រទេសរបស់​លោក​រយៈ​ពេល ៣៣ ​ឆ្នាំ​កន្លង​មក។ ​យ៉ាង​ណាក្តី​ ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ ​និង​សហភាពអឺរ៉ុប​ ​បាន​សំដែង​ការ​ខក​ចិត្ត​ ​និង​រិះគន់​ចំពោះការ​បោះឆ្នោត​ដែលគ្មាន​វត្តមាន​ គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវបាន​រដ្ឋា​ភិបាល​កម្ពុជា ​រំលាយ​ចោល​កាល​ពីឆ្នាំមុន៕

Capture,,,