
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២០ តុលា ២០១៩)
……………………
អតីតសមាជិកសភា និងជាសកម្មជនព្រំដែនខ្មែរ លោក អ៊ុំ សំអាន ផ្សព្វផ្សាយឯកសារសម្ងាត់ ស្តីអំពីកំណត់ហេតុកិច្ចប្រជុំ ជុំវិញការកំណត់បង្គោលព្រំដែនខ្មែរ-យួន រវាង លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៃរបបលោក ហ៊ុន សែន និង លោក វូ យុង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែន បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៧។
លោក អ៊ុំ សំអាន បានដកស្រង់ខ្លឹមឯកសារសម្ងាត់នោះថា «ភាគីកម្ពុជា ស្នើឲ្យភាគី វៀតណាម ផ្តល់នូវផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០» ជាផែនទី ដែលបានគូសដោយកងទ័ពអាមេរិកាំង ក្នុងសម័យសង្គ្រាមវៀតណាម ហើយវាជាផែនទី ដែលផ្ទុយពីមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញកម្ពុជា កំណត់យកផែនទីរបស់អាណានិគមបារាំង ជាប្រភេទបោន (Bonne) ខ្នាត ១/១០០.០០០។
ក្នុងកំណត់ហេតុកិច្ចប្រជុំ ដែលចាត់ទុកជាឯកសារសម្ងាត់ ខែមសា ឆ្នាំ២០០៧ ដដែលនោះ ក៏បានសរសេរថា «ភាគីវៀតណាម ត្រៀមជាស្រេចជួយបណ្តុះបណ្តាលអ្នកបច្ចេកទេសលើ ដីជាក់ស្តែងរបស់កម្ពុជា» ។
លោក អ៊ុំ សំអាន សរសេរបញ្ជាក់ថា «ប្រទេសទាំងអស់លើពិភពលោក ពេលដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង គឺគ្មានប្រទេសណាមួយ ល្ងង់ដូចមេដឹកនាំកម្ពុជា ដែលស្នើសុំផែនទី ពីភាគីទំនាស់» នោះទេ។ លោក បន្តថា «គេអាចស្នើសុំផែនទី ពីភាគី ដែលគ្មានទំនាស់ផលប្រយោជន៏រួមគ្នា ដូចជាប្រទេសបារំាង ឬអង្គការសហប្រជាជាតិ (អ.ស.ប) ជាដើម»។ លោក សំអាន លើកឧទ្ទាហរណ៍ថា «បើយើងមានទំនាស់ដីធ្លី ជាមួយអ្នកជាប់របងជាមួយយើង ក៏យើងមិនល្ងង់ ទៅសុំប្លង់ដី ពីអ្នកជាប់របងជាមួយយើង ដែលមានទំនាស់ជាមួយយើងនោះដែរ ពីព្រោះគេអាចគូសប្លង់ដី ដើម្បីយកដីយើង ឬក្លែងប្លង់ដីនោះ»។
ក្រុមអ្នកជំនាញការព្រំដែន សកម្មជនព្រំដែន នៅក្រៅប្រទេស បានយល់ស្របការលើកឡើងរបស់លោក អ៊ុំ សំអាន ដែលថា «យើងសុំផែនទីពីវៀតណាម វៀតណាម អាចឲ្យផែនទីក្លែងក្លាយ ឬផែនទី ដែលនាំចំណេញដល់វៀតណាម»។ ត្រង់ចំណុចនេះ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានមានព្រះបន្ទូលរំលឹកញឹកញាប់ កាលពីឆ្នាំ២០០០ ឆ្នាំ២០០៤ និងដើមឆ្នាំ២០០៥ ថាលោក វ៉ា គឹមហុង ប្រធានគណៈគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល បាន «ភូតភរ» ព្រះអង្គ ចំពោះការបង្ហាញផែនទីព្រំដែន។
ថ្មីៗនេះកាលពីថ្ងៃទី០៥ តុលា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានជិះយន្តហោះទៅប្រទេសវៀតណាម ដើម្បីចុះហត្ថលេខាជាមួយមេដឹកនាំវៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក ទទួលស្គាល់លទ្ធផលបង្គោលព្រំដែន ដែលបោះរួមគ្នាបាន ៨៤% ហើយនោះ។ ក្រុមអ្នកធ្វើកិច្ចការព្រំដែនខ្មែរ និងក្រុមអ្នកជំនាញព្រំដែន នៅក្រៅប្រទេស បានទិតៀន និងថ្កោលទោសលោក ហ៊ុន សែន «ទៅចុះហត្ថលេខាជាមួយវៀតណាម ជាការកាត់កងទឹកដីខ្មែរ ជូនវៀតណាម»៕


