អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក (USA) លោកស្រី Heather Nauert ធ្វើសន្និសីទសារព័ត៌មាន អំពីស្ថានភាពតានតឹងនយោបាយនៅកម្ពុជា ដែលរដ្ឋាភិបាល ហ៊ុន សែន បានព្រមានបិទ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង កាសែត The Cambodia Daily ហើយរឹតបន្តឹងលើសេរីភាព នៃការបញ្ចេញមតិ និង អង្គការសង្គមស៊ីវិល មុនការបោះឆ្នោតជាតិ ឆ្នាំ ២០១៨។ វិទ្យុ VOA Khmer និងវិទ្យុ RFA Khmer ក៏ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យផ្អាក ការផ្សាយបន្ត ជាមួយវិទ្យុក្នុងស្រុក កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧។ (ដោយ ម៉ែន ណាត)
អាមេរិក ស្នើឲ្យកម្ពុជា កុំបណ្តេញអង្គការ និងសារព័ត៌មានឯករាជ្យ
(VOA, ដោយ សុខ ខេមរា, 24-8-2017)
ក្រសួងការបទេស ស.រ.អា.បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តច្បាប់ជូនអង្គការឯករាជ្យនានា សារព័ត៌មានឯករាជ្យនានា ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់ ស.រ.អា. និងកាសែត The Cambodia Daily ជាដើម ដោយមិនត្រូវបណ្តេញចេញ ឬបញ្ឈប់សកម្មភាពពួកគេទេ។ ការនេះគឺដើម្បីធានាភាពសេរី និងយុត្តិធម៌សម្រាប់ការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ គឺអ្នកស្រី Heather Nauert បានទទូចតាមខ្លឹមសារដើមថា៖
«យើងជំរុញឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យអង្គការ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និង កាសែត The Cambodia Daily ហើយនឹងអង្គការព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិលឯករាជ្យផ្សេងទៀត បន្តសកម្មភាពដ៏មានសារៈសំខាន់របស់ពួកគេ។ ដូច្នេះ ការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ អាចប្រពឹត្តទៅដោយមានបរិយាកាសសេរី និងបើកទូលាយ»។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៣ ខែសីហានេះ ឱ្យដឹងថា អាជ្ញាធរកម្ពុជាសម្រេចបញ្ឈប់សកម្មភាពរបស់ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ទាំងស្រុងក្នុងប្រទេស ដើម្បីធានាការអនុវត្តន៍ត្រឹមត្រូវ និងប្រសិទ្ធភាពច្បាប់ ពង្រឹងនីតិរដ្ឋ និងគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងការបរទេសកម្ពុជា ដែលទុករយៈពេល ៧ ថ្ងៃ ដល់អង្គការនេះ បានយោងថា អង្គការនេះបានធ្វើសកម្មភាពមិនស្របច្បាប់ បន្ថែមពីលើការចោទប្រកាន់ដែលថា អង្គការនេះធ្វើសកម្មភាពប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាល។
បន្ថែមលើនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបណ្តេញចេញកាសែត The Cambodia Daily ដែលជាកាសែតឯករាជ្យមួយថា មិនបានបង់ពន្ធ ជូនរដ្ឋអស់រយៈពេល ១០ ឆ្នាំ ទោះបីជាកាសែតនេះ ទាមទារឲ្យមានការធ្វើសវនកម្ម និងត្រួតពិនិត្យដោយតម្លាភាព តាមច្បាប់ជាមុនក្តី។ កាសែតនេះ ត្រូវបានរដ្ឋាភិបាល ទុកឳសានវាទ បង់ពន្ធនូវចំនួនទឹកប្រាក់ ៦ លាន ៣ សែនដុល្លារ ត្រឹមថ្ងៃទី ៤ ខែកញ្ញា ខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេស ស.រ.អា សម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាសប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលកម្ពុជា បានប្រែក្លាយពីប្រទេស ដែលមានការទទួលស្គាល់ថា បានរៀបចំការបោះឆ្នោត ឃុំសង្កាត់ ដោយតម្លាភាព និងអហិង្សា ទៅកាន់សកម្មភាពដែលបន្ថយសេរីភាពព័ត៌មាន និង ប្រតិបត្តិការរបស់ អង្គការសង្គមស៊ីវិល។
លោកស្រី Heather Nauert បានបញ្ជាក់ថា រឿងនោះ គឺកើតឡើងដោយការសម្រេចចិត្ត របស់រដ្ឋាភិបាល ក្នុងការបណ្តេញអង្គការ NDI កាលពីថ្ងៃទី២៣ ខែសីហាពីកម្ពុជា របាយកាណ៍ស្តីអំពីការបិទវិទ្យុដែលមានសម្ព័ន្ធភាព ជាមួយគណបក្សជំទាស់ ហើយនឹងការស៊ើបអង្កេតពន្ធ លើសារព័ត៌មាន និងអង្គការឯករាជ្យ រួមទាំងកាសែត The Cambodia Daily វិទ្យុសំឡេងស.រ.អា VOA វិទ្យុអាស៊ីសេរី (RFA) ហើយនឹងអង្គការនានា ដូចជាអង្គការអាដហុក អង្គការខុមហ្វ្រែលជាដើម។
លោកស្រីបានបន្តថា រដ្ឋមន្ត្រីក្រសួងការបរទេស Rex Tillerson បានពិភាក្សាជាមួយសមភាគីកម្ពុជា របស់លោក កាលពីខែមុន និងសប្តាហ៍ថ្មី ហើយឯកអគ្គរដ្ឋទូត ស.រ.អា. ប្រចាំកម្ពុជា ក៏បានពិភាក្សាជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរអំពីបញ្ហាកម្ពុជា។ «មានកិច្ចពិភាក្សាជាច្រើន នៅពីក្រោយឆាក ដែលយើង បានធ្វើតាមរយៈការទូត ក្នុងកិច្ចប្រជុំបិទទ្វារ ពីព្រោះនៅក្នុងប្រទេសខ្លះ ការធ្វើដូច្នេះ ជាវិធីដែលមានប្រសិទ្ធភាព សម្រាប់រដ្ឋាភិបាលនានា ដើម្បីធ្វើកិច្ចការផ្សេងៗ។ ដូច្នេះយើងនឹងបន្តកិច្ចពិភាក្សាគ្នា»។
លោកស្រីថ្លែងដូច្នេះ ក្រោយពេលដែលមានការលើកសំណួរថា ប្រសិនបើកម្ពុជា មិនព្រមធ្វើតាម តើនឹងមានផលវិបាកអ្វីកើតឡើង។ លោកស្រី បានបន្ថែមថា លោកស្រី មិនចង់ទស្សន៍ទាយពីការណ៍នោះទេ។ តែលោកស្រីថា ស.រ.អា នៅមានកិច្ចពិភាក្សាបន្ត។
ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជាតិ នៅខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានធ្វើរួច កាលពីខែ មិថុនា។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានលក្ខណៈសេរី យុត្តិធម៌ អាចទទួលយកបាននោះ បានធ្វើឲ្យ គណបក្សជំទាស់ កើនសំឡេងយ៉ាងខ្លាំង ពីចំនួនក្រុមប្រឹក្សាឃុំសង្កាត់ជាង ៤០ មកដល់ជិត ៥០០ ក្នុងចំណោមជាង ១៦០០ ឃុំសង្កាត់ សរុបនៅទូទាំងប្រទេស ជាពិសេសគណបក្សជំទាស់ បានឈ្នះ នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ សឹងពាសពេញប្រទេស៕