
(The Cambodia Daily /ដោយ តាំង សារ៉ាដា /០៥ កម្ភៈ ២០១៩)
ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំរិះគន់យ៉ាងខ្លាំង ចំពោះលិខិតរដ្ឋបាលផ្លូវការរបស់ក្រសួងឧហ្សាហកម្ម និងសិប្បកម្ម ដែលអញ្ជើញមន្រ្តីរបស់ក្រសួងនេះទាំងអស់ ទៅចូលរួមពិធីសែនចូលឆ្នាំចិន នៅទីស្តីការក្រសួង។
ក្នុងលិខិតអញ្ជើញមួយ ចុះថ្ងៃទី ៣០ ខែមករា ដែលធ្វើឡើងដោយលោក ឡុង សុភ័ណ្ឌ អគ្គនាយករងកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ហើយដែលបានបែកធ្លាយជាសាធារណៈ លើបណ្តាញសង្គមហ្វេសប៊ុកនោះ «បានណែនាំដល់មន្ត្រីក្រសួងទាំងអស់ ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ចូលរួមពិធីសែនចូលឆ្នាំចិន នៅទីស្តីការក្រសួង នាថ្ងៃទី ៤ ខែកុម្ភៈ ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្ម»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេស Norway លោក ម៉ែន ណាត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «ការចេញលិខិតក្នុងក្របខណ្ឌក្រសួងរបៀបនេះ ជាកំហុសរដ្ឋបាលសាធារណៈផង ហើយនិងធ្វើឲ្យស្ថាប័នជាតិ កាន់តែមានភាពរញ៉េរញ៉ៃ»។
លោក {ម៉ែន ណាត} បន្តថា ពិធីបុណ្យចូលឆាំ្នចិន និងវៀតណាមនេះ មិនមែនជាប្រពៃណីរបស់ខ្មែរ ឬជាពិធីផ្លូវការរបស់ខ្មែរនោះទេ ដូច្នេះអ្នកដែលមានសែស្រឡាយចិន និងវៀតណាម ភាគច្រើន ធ្វើពិធីនេះនៅតាមផ្ទះ ហើយអញ្ជើញសាច់ញាតិ មិត្តភក្តិ ឬអ្នកជិតខាងមកចូលរួមតែប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក អ៊ុំ សុថា បានប្រាប់វិទ្យុ VOD ថា៖ «យើងអត់មានទៅធ្វើអី ពិធីសែនចិនអីនៅក្នុងក្រសួងទេ។ យើងគ្រាន់តែនាំគ្នា អុជធូប នៅពេលថ្ងៃសីលធម្មតាទេ ហើយដោយសារថ្ងៃហ្នឹង មន្រ្តីរាជការគាត់មកធ្វើការទាំងអស់គ្នាទៅ យើងក៏ប្រាប់តៗគ្នា»។ លោកទទួលស្គាល់កំហុស ក្នុងការចេញលិខិតរបស់ក្រសួងថា «ខាងរដ្ឋាបាល គាត់ទៅធ្វើលិខិតផ្លូវការអញ្ចឹង វាខុស យើងកំពុងកែតម្រូវវិញ»។ ។

.