
សេចក្តីប្រកាសព័ត៌មាន
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council International – CWCI) នឹងសរសេរលិខិតផ្លូវការ ផ្ញើជូនស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, ន័រវ៉េស៍, ស៊ុយអែត, បារាំង, អាល្លឺម៉ង់ ក្រសួងការបរទេសអូស្ត្រាលី និងក្រសួងសន្តិសុខជាតិអូស្រ្តាលី រួមទាំងអង្គការអន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Organization- AIPO) និងអគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ដើម្បីសំដែងក្តីព្រួយបារម្ភ ចំពោះសន្ទរកថាដ៏ហិង្សារបស់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា បានថ្លែងគំរាមកំហែងដល់ពលរដ្ឋខ្មែរ-អូស្រ្តាលី ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រឆាំងនឹងសិទ្ធិជួបជុំសាធារណៈ និងសេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលការពារដោយច្បាប់ជាតិ, អាស៊ាន និង អង្គការសហប្រជាជាតិ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងស្នើរសុំឲ្យរដ្ឋាភិបាលអូស្រ្តាលី ឲ្យលុបចោលការអញ្ជើញលោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី គ្រោងធ្វើឡើងនៅប្រទេសអូស្ត្រាលី ថ្ងៃទី១៥-១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបញ្ចៀសអំពើហិង្សាជាយថាហេតុណាមួយ ដែលបង្កដោយលោក ហ៊ុន សែន និងបក្ខពួក ចំពោះពលរដ្ឋខ្មែរ-អូស្រ្តាលី។
ផ្ទុយទៅវិញ ប្រសិនបើមិនមានការលុបចោលការអញ្ជើញទេ ហើយលោក ហ៊ុន សែន ពិតជានឹងសម្រេចចិត្ត ទៅចូលរួមប្រជុំកំពូលនោះមែន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ជាពិសេសក្រសួងសន្តិសុខជាតិអូស្រ្តាលី ត្រូវតែចាប់ខ្លួន លោក ហ៊ុន សែន ឲ្យទទួលខុសត្រូវចំពោះការគំរាមកំហែងរបស់ខ្លួនចំពោះមុខច្បាប់ តាមរយៈការចាប់ខ្លួនលោក ហ៊ុន សែន កាត់ទោសចំពោះចេតនាហិង្សានេះ ពីបទបឧក្រិដ្ឋ និងបង្កភេរវកម្ម។ ប្រទេសអូស្រ្តាលី មិនគួរអនុញ្ញាតិឲ្យជនណាម្នាក់ គំរាមកំហែង ប្រើហិង្សាលើពលរដ្ឋរបស់ខ្លួន នៅលើទឹកដីរបស់ខ្លួនឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្ឃឹមលើការគាំទ្ររបស់បងប្អូនខ្មែរ ដែលស្រឡាញ់មាតុភូមិ យុត្តិធម៌ ភាពអហិង្សា និងការគិតចំពោះប្រយោជន៍ជាតិ នឹងគាំទ្រនូវការទាមទារនេះ ចំពោះចំណាត់ការលើលោក ហ៊ុន សែន ពីសំណាក់រដ្ឋាភិបាលអូស្រ្តាលី។
ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
(ត្រា)
លេខាធិការដ្ឋានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ឬទាញយកត្រង់នេះ)
