
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល ASEAN-Australia (ទាញយកលិខិតជាភាសាអង់គ្លេស)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ និងបណ្តាប្រទេសមួយចំនួន ក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង បារាំង) ដោយមានភ្ចាប់ឯកសារឯទៀត ស្តីអំពីលោក ហ៊ុន សែន គំរាមកំហែង និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងស្រុក មិនស្ងប់ចិត្ត ហើយថែមទាំងតាមគំរាមកំហែងពលរដ្ឋខ្មែរ នៅអូស្ត្រាលីទៀតថា «បើដុតរូបទីងមោង ហ៊ុន សែន {ពេលបាតុកម្មតវ៉ា}! អញ តាមវាយដល់ផ្ទះ» នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (ASEAN-Australia) ពាក់កណ្តាលខែមីនា ២០១៨ ខាងមុខ។
ខ្លឹមសារលិខិតរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើឲ្យលុបចោលការអញ្ជើញ លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី ដើម្បីបញ្ចៀសអំពើហិង្សាជាយថាហេតុ ដែលអាចបង្កដោយ លោក ហ៊ុន សែន និងបក្ខពួក ទៅលើពលរដ្ឋខ្មែរ-អូស្រ្តាលី។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ជាពិសេសក្រសួងសន្តិសុខជាតិអូស្រ្តាលី ត្រូវតែចាប់ឃាត់ខ្លួនលោក ហ៊ុន សែន ឲ្យទទួលខុសត្រូវ ចំពោះការគំរាមកំហែងរបស់ខ្លួន ចំពោះមុខច្បាប់ពីបទញុុះញង់បែបហិង្សា បង្កបទឧក្រិដ្ឋ និងកភេរវកម្ម។
ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨


