
សេចក្តីថ្លែងការណ៍៖
សោកស្តាយចំពោះរបប ហ៊ុន សែន ពុំគួរថ្កោលទោសមេដឹកនាំសាំងហ្កាពួរ ដែលរំលឹករឿងពិតក្នុងប្រវត្តិសាស្រ្តខ្មែរ រឿងវៀតណាម ឈ្លានពានកម្ពុជា
ក្រមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះរបប ហ៊ុន សែន ពុំគួរមានប្រតិកម្ម និងថ្កោលទោសនាយករដ្ឋមន្រ្តីសាំងហ្កាពួរ លោក លី សៀនឡុង (Lee Hsien Loong) ដែលបានរំលឹកពីតួនាទីរបស់សមាគមអាស៊ាន (ASEAN) ក្នុងទសវត្សទី៨០ បានជួយកិច្ចការកម្ពុជា ដើម្បីទប់ស្កាត់ការឥទ្ធិពលឈ្លានពាន ពីសំណាក់ប្រទេសវៀតណាម ចន្លោះឆ្នាំ១៩៧៨-១៩៨៩ (ក្នុងសេណារីយ៉ូនៃក្រុមខ្មែរក្រហមនិយមវៀតណាម និងខ្មែរក្រហមនិយមចិន)។
ការគួសបញ្ជាក់របស់លោក Lee Hsien Loong ជាការរំលឹករឿងពិតក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងទៅ ដែលមានសារសំខាន់ណាស់ ជាការដាស់តឿនស្មារតីពលរដ្ឋខ្មែរ និងមេដឹកនាំខ្មែរ ឲ្យចេះធ្វើការពិចារណាត្រឹមត្រូវ ព្រមទាំងសរសេរប្រវត្តិសាស្ត្រឈរលើការពិតទាំងស្រុង។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កត់សម្គាល់ឃើញថា របបលោក ហ៊ុន សែន មានកំហុស ២ ធំៗក្នុងប្រវត្តិសាស្ត្រ ដែលនាំឲ្យខាតបង់ផលប្រយោជន៍របស់កម្ពុជា ខណៈពេលរបបនេះមិនព្រមទទួលស្គាល់ការពិតរបស់ខ្លួន៖
• កំហុសទី១ គឺគាំទ្រការឈ្លានពានរបស់វៀតណាម នៅកម្ពុជា បើទោះបីកាលនោះអង្គការសហប្រជាតិ (UN) ចាត់ទុករបបក្រុងភ្នំពេញ នៅក្រៅច្បាប់ក្តី។
• កំហុសទី២ គឺនៅតែបន្តអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់នានា ដោយរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងនោះរបប ហ៊ុន សែន ធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីមួយចំណែក ហើយនឹងបាត់បង់ប្រជុំ «កោះត្រល់» ក្នុងរឿងសន្ធិសញ្ញាព្រំដែនទឹក ឆ្នាំ១៩៨២ ព្រមទាំងផ្តល់ឯកសារស្របច្បាប់ ដល់ជនជាតិយួនខុសច្បាប់នៅកម្ពុជាសព្វថ្ងៃផង។
ជាថ្មីម្តងទៀត ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវដល់របប ហ៊ុន សែន ត្រូវទម្លាក់ចោលនូវប្រតិកម្មនានា ជាមួយប្រទេសសាំងហ្កាពួរ ដែលអាចធ្វើឲ្យអារីភាពមួយចំនួន ក្នុងចំណោមសមាជិកអាស៊ានដូចគ្នា។ របប ហ៊ុន សែន គួរតែអរគុណប្រទេសសាំងហ្កាពួរ ដែលជួយជ្រោមជ្រែងពលរដ្ឋកម្ពុជា ឲ្យទទួលស្គាល់ការពិតក្នុងប្រវត្តិសាស្រ្ត និងជួយជ្រោមជ្រែង ឲ្យមានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងមកទល់សព្វថ្ងៃ។
សូមអំពាវនាវលោក ហ៊ុន សែន ត្រូវប្រញាប់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងត្រូវដោះលែងលោក កឹម សុខា ដើម្បីរក្សាផលប្រយោជន៍របស់កម្ពុជា ក្នុងរឿងរក្សាប្រព័ន្ធអនគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។ រឿងសេសសល់មួយចំនួនទៀត ក្រុមមេដឹកនាំខ្មែរ និងពលរដ្ឋខ្មែរ ត្រូវចេះរួមគ្នាដោះស្រាយ ដើម្បីស្តារកិត្តិជាតិឡើងវិញ។
ធ្វើនៅក្រុងគ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ម៉ែន ណាត
(ហត្ថលេខា និងត្រា)

