
លិខិតចំហ
រំលឹកជូនលោក ហ៊ុន សែន លើគម្រោងចុះហត្ថលេខាទទួលស្គាល់ព្រំដែន ៨៤% ចាញ់ប្រៀបវៀតណាម
គេហទំព័រផ្លូវការវៀតណាម (vietnamplus.vn) ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ចុះផ្សាយថាកម្ពុជា និងវៀតណាម គ្រោងចុះហត្ថលេខាទទួលស្គាល់ព្រំដែនគោក នៅឆ្នាំនេះ បន្ទាប់ពីបានបោះបង្គោលរួមគ្នា ៨៤% រួចហើយ។ កាលលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ង្វៀន គួកយុង (Nguyen Quoc Dung) និងរដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ លោកស្រី អ៊ាត សោភា នៅភ្នំពេញថ្មីៗនេះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមប្រឆាំងជំទាស់ដាច់ខាត ចំពោះគម្រោងការចុះហត្ថលេខារួមគ្នា ទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែនគោក បាន ៨៤% ហើយក្តី និង នៅតែមិនអាចទទួលស្គាល់ «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥» ដែលជាមូលដ្ឋានគ្រឹះ ធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដីរបស់ខ្លួន។ ពលរដ្ឋខ្មែរ ជាសាក្សីរស់ ដែលរស់នៅតាមបណ្តោយព្រំដែនខ្មែរ-វៀតណាម បានបាត់បង់ដីស្រែចំការរបស់ខ្លួន ជាបន្តបន្ទាប់។
គួររំលឹកថា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បានធ្វើឡើងយ៉ាងចម្រូងចម្រាស់ គ្មានឯកភាពជាតិ ហើយវាផ្ទុយនឹងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញខ្មែរ ឆ្នាំ១៩៩៣ ព្រមទាំងផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យកម្ពុជាត្រូវលុបចោលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលធ្វើឡើងនៅមុនឆ្នាំ១៩៩០។
ភាគីវៀតណាម តម្រូវឲ្យកម្ពុជា ចុះហត្ថលេខាលើលទ្ធផលនៃការបោះបង្គោលព្រំដែន ៨៤% នេះបានន័យថា វៀតណាម ចង់រំលឹកកម្ពុជាថា «ការបោះព្រំដែនគោករួចហើយនោះ គឺគ្មានការកែប្រែទៀតទេ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត» ក្រោយពេលវៀតណាម បានបង្ខំឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ម្តងហើយម្តងទៀត ត្រូវតែបំភ្លេចចោលនូវ បង្គោលព្រំដែនគោក ដែលបន្សល់ទុកពីសម័យបារាំង ១២៤ បង្គោល និង សម័យវៀតណាមត្រួតត្រាកម្ពុជា ៧២ បង្គោល (១៩៨៦១-៩៨៨) តាមរយៈសន្ធិសញ្ញាខុសច្បាប់នានារួមគ្នា។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមក្រើនរំលឹកជាថ្មីដល់រដ្ឋាភិបាល លោក ហ៊ុន សែន ថា«មិនត្រូវចុះហត្ថលេខាលើឯកសារព្រំដែនណាថ្មី ជាមួយវៀតណាមទៀតទេ ហើយត្រូវតែបញ្ឈប់បោះបង្គោលព្រំដែនផងដែរ» ដោយរង់ចាំកម្ពុជា មានឯកភាពផ្ទៃក្នុងជាតិជាមុនសិន, មានឯកភាពនយោបាយ, មានសង្គមស៊ីវិល និងមានអ្នកជំនាញការព្រំដែនខ្មែរពីគ្រប់ភាគី ចូលរួមប្រឹក្សាយោបល់ និងពិនិត្យឡើងវិញ នូវការបោះបង្គោលព្រំដែនកន្លងទៅ។
យើងខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលកម្ពុជាមានឯកភាពជាតិ មានមេដឹកនាំល្អ ដែលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ពេលនោះកម្ពុជាអាចសើរើ និងប្តឹប្តល់ទឹកដីខ្មែរដែលបាត់បង់យកមកវិញ រួមទាំងកោះត្រល់ផង ទៅតាមយន្តការអន្តរជាតិ តាមមានកិច្ចព្រមព្រៀងក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ។
ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
(ហត្ថលេខា និងត្រា)
ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលម្ពុជា
