
សេចក្តីថ្លែងការណ៍៖ រំលឹកខួប ២៨ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញរបបលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការ និងស្តារស្ថានភាពលទ្ធិប្រជាធិបតេយ្យ
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា ខួបគម្រប់ ២៨ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ – ថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ គឺជាទិវាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលបាននាំមកនូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិភាព អព្យាក្រឹតភាព អធិបតេយ្យ បូរណភាពដែនដី និងការបង្រួបបង្រួមជាតិ។ ដោយសារកិច្ចព្រមព្រៀងសន្តិភាពនេះ បានទាញកម្ពុជា ចាកផុតពីជម្លោះនយោបាយដ៏រ៉ាំរ៉ៃ និងរំដោះខ្លួនចេញពីរបបផ្តាច់ការ ក្រោមការត្រួតត្រារបស់វៀតណាមម្តងរួចមកហើយ ព្រមទាំងបានដាក់មោឃភាព នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារនានា ដែលធ្វើជាមួយវៀតណាម នៅមុនទសវត្សទី៩០។
ជាអកុសល ដោយហេតុតែការរស់នៅក្នុងអំណាចយូរពេក និងមានទ្រព្យសម្បត្តិពីការកេងប្រវញ្ចជាតិមិនស្កប់ស្កល់ ធ្វើឲ្យលោក ហ៊ុន សែន រួមទាំងក្រុមគ្រួសារ និងរបបដឹកនាំរបស់លោក បានបំភ្លេចអស់នូវគុណធម៌ជាមនុស្ស, បានរំលោភបំពានច្បាប់មនុស្សជាតិ, បានលុបចោលទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពី«ថ្ងៃឈប់សម្រាកបុណ្យជាតិ» និង បានរំលោភបំពានម្តងហើយម្តងទៀត ទៅលើកិច្ចព្រមព្រៀងសន្តិភាពនេះ ហើយនិងរដ្ឋធម្មនុញ្ញជាតិផង ដោយរុញច្រានប្រទេសកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងរបបយោធានិយម ផ្តាច់ការជាថ្មី កំពុងប្រឈមរឿងទ្វេគ្រោះធ្ងន់ធ្ងរ ចាប់តាំងពីរបបនេះ ចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ឃុំឃាំង និងប្រើប្រព័ន្ធតុលាការ រំលាយចោលរចនាសម្ព័ន្ធបក្សប្រឆាំង «គណបក្សសង្គ្រោះជាតិ» កាលពីចុងឆ្នាំ ២០១៧។
មកទល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នេះ របបលោក ហ៊ុន សែន បានបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង ចំនួន ៥៣ នាក់ដាក់ឃុំឃាំង, ១៨៦ នាក់ត្រូវបានកោះហៅទៅបំភ្លឺ និង ១២ នាក់ ត្រូវបានក្រុមជនមិនស្គាល់មុខលបវាយប្រហារបង្ករបួសស្នាម ព្រមទាំងបន្តគគម្រាមកំហែងតាមរូបភាពផ្សេងៗទៀត។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូចដល់របបលោក ហ៊ុន សែន ត្រូវភ្ញាក់រលឹក ត្រូវប្រញាប់កែប្រែស្ថានការណ៍នយោបាយកម្ពុជា ឲ្យមានប្រក្រតីភាពឡើងវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបញ្ជៀសការគាបសង្កត់ និងទណ្ឌកម្មនានា ពីសហគមន៍អន្តរជាតិបន្ថែមទៀត ពោលគឺចាំបាច់ត្រូវស្តារលទ្ធិប្រជាធិបតេយ្យ, ស្តារស្ថានភាពសិទ្ធិមនុស្ស, ទទួលយកលក្ខខណ្ឌមួយចំនួនរបស់ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
របបលោក ហ៊ុន សែន ត្រូវដោះលែង លោក កឹម សុខា និងដោះលែងអ្នកទោសមនសិការទាំងអស់ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងត្រូវទម្លាក់ចោលបទចោទប្រកាន់នានា ទៅលើអ្នកនយោបាយប្រឆាំង, ទៅលើពលរដ្ឋរងគ្រោះ និង សកម្មជនរបស់អង្គការសង្គមស៊ីវិល។
អ្នកនយោបាយទាំងអស់ គប្បីប្រើយន្តការផ្សះផ្សារជម្លោះនយោបាយជាថ្មី ដោយការអង្គុយជជែកទល់មុខគ្នា តាមគោលការណ៍សមធម៌ ស្មោះត្រង់ និងផ្សាយផ្ទាល់ជូនពលរដ្ឋមើល ដែលជាការបង្កើតគំរូល្អសម្រាប់ជាតិ និងពលរដ្ឋខ្មែរជំនាន់ក្រោយ។
ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ហត្ថលេខា និងត្រា)
ម៉ែន ណាត ប្រធាន
ឯកសារភ្ជាប់៖
– ឯកសារ៖ ខ្លឹមសារកិច្ចព្រមពៀងទីក្រុងប៉ារីស ជាមួយវិបត្តិនយោបាយខ្មែរ
– ឯកសារទាំងស្រុងនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១៖ Download
– លោក ឌី ការេត៖ គុណ និង ទោស នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា

