
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស (Norway) ជំរុញរបបក្រុងភ្នំពេញ ឱ្យបញ្ឈប់ប្រតិកម្មតបតនឹងមេដឹកនាំ សិង្ហបុរី ជុំវិញរឿង វៀតណាមឈ្លានពានកម្ពុជា នៅទសវត្សទី៨០។ ក្រុមប្រឹក្សានេះថា អ្វីដែលរបបក្រុងភ្នំពេញត្រូវធ្វើនោះ គឺស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលរបបនេះ បានវាយបំផ្លាញចោល កាលពីពេលកន្លងទៅ។
(RFA Khmer /ដោយ ទីន ហ្សាការីយ៉ា /10 th-6-2019)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សម្ដែងការសោកស្ដាយ ចំពោះរបបលោក ហ៊ុន សែន ដែលបញ្ចេញប្រតិកម្មមិនទទួលស្គាល់ប្រវត្តិសាស្ត្រពិតរបស់ខ្លួន ហើយនាំគ្នាទៅវាយប្រហារនាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ដែលហ៊ាននិយាយការពិត រឿងវៀតណាមចូលលុកលុយកម្ពុជា ក្នុងទសវត្សទី៨០។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី ៩ មិថុនា ថាកាយវិការរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ មានន័យស្មើនឹងការគាំទ្រការឈ្លានពានរបស់វៀតណាម។ លោក បន្តថា ដោយសារតែការមិនទទួលស្គាល់ការពិតនេះហើយ ទើបបានជារបបលោក ហ៊ុន សែន បានធ្វើកិច្ចការជាច្រើន ដែលហុចផលចំណេញទៅឱ្យប្រទេសវៀតណាម ជាពិសេសរឿងទឹកដី និងការស្នាក់នៅខុសច្បាប់របស់ជនអន្តោប្រវេសន៍វៀតណាម៖ «តើ លី សៀនឡុង ជាអ្នកកសាងកំហុស សម្រាប់កម្ពុជា ក្នុងការលើកឡើងហ្នឹង ឬក៏របបភ្នំពេញហ្នឹង ជាអ្នកដែលមិនទទួលស្គាល់កំហុស? បើមិនទទួលស្គាល់កំហុស អ៊ីចឹងរបបហ្នឹង មិនអាចសង្ឃឹមជាមុខជាមាត់អី ក្នុងការធ្វើឱ្យប្រទេសហ្នឹងរីកលូតលាស់បានទេ។ ហើយពលរដ្ឋខ្មែរ អាចធ្វើការពិចារណាទៅ ថ្ងៃក្រោយ តើយើងរើសមេដឹកនាំ ជាកូនជាចៅរបស់ពួកមន្ត្រីគ្រាក់ៗ បច្ចុប្បន្នហ្នឹង បន្តដឹកនាំអំណាចទៀតដែរឬទេ?»។
មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំ និងមន្ត្រីគ្រាក់ៗ នៃរបបលោក ហ៊ុន សែន បាននាំគ្នាវាយប្រហារលោក លី សៀនឡុង ដោយឥតសំចៃមាត់ បន្ទាប់ពីមេដឹកនាំសិង្ហបុរីរូបនេះ បានរំឭកពីប្រវត្តិសាស្ត្រតំបន់អាស៊ាន ក្នុងសម័យសង្គ្រាមត្រជាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ អាស៊ាន ដើម្បីទប់ទល់នឹងការរីករាលដាលនៃលទ្ធិកុម្មុយនិស្ត តាមរយៈការជំទាស់នឹងការឈ្លានពានរបស់វៀតណាម លើកម្ពុជា។ លោក បានថ្លែងថា ថ្នាក់ដឹកនាំអាស៊ាន នៅពេលនោះ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងអំពើឈ្លានពាននេះ ដែលធ្វើឱ្យរបបថ្មីដែលវៀតណាម លើកបន្តុបក្រោយសម័យខ្មែរក្រហម មិនត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់។
ទោះជាយ៉ាងណា ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ហាក់បន្ថយកំហឹងរបស់ខ្លួនមកវិញ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សិង្ហបុរី បានពន្យល់អំពីបំណងនៃសេចក្ដីថ្លែងការណ៍របស់លោក លី សៀនឡុង។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) បានប្រាប់មកសមភាគីកម្ពុជា លោក ប្រាក់ សុខុន ថាលោក លី សៀនឡុង ពុំមានចេតនាអាក្រក់ណាមួយ ក្នុងការបញ្ចេញសារនោះឡើយ។ លោកថា លោក លី សៀនឡុង គ្រាន់តែចង់រំឭកអំពីស្ថានភាព និងការប្រឈមនៅក្នុងសម័យកាលនោះ ដែលរឿងទាំងនេះ សុទ្ធតែធ្លាប់បានផ្សព្វផ្សាយសាធារណៈរួចមកហើយ។ លោកបញ្ជាក់ថា សិង្ហបុរី ចង់បានតែសន្តិភាព និងវិបុលភាព សម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហមឡើយ ហើយរឹតតែមិនចង់ឃើញរបបនេះ វិលត្រឡប់មកកម្ពុជាសាជាថ្មីទៀតដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៧ មិថុនា កន្លងទៅ។
ក៏ប៉ុន្តែយោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ភាគីសិង្ហបុរី មិនបានកែប្រែនូវពាក្យពេចន៍របស់លោក លី សៀនឡុង នោះឡើយ ពោលគឺសិង្ហបុរី ហាក់ដូចជា គ្រាន់តែចង់សម្រួលទំនាក់ទំនងការទូត កុំឱ្យមានភាពតានតឹងជាមួយរបប លោក ហ៊ុន សែន ប៉ុណ្ណោះ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ ជាច្រើនដងនៅថ្ងៃទី ៩ មិថុនា ដើម្បីសុំប្រតិកម្មតបនឹងរឿងនេះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អំពាវនាវដល់របបលោក ហ៊ុន សែន ឱ្យបញ្ឈប់ប្រតិកម្មត្រឹមនេះ ដើម្បីកុំឱ្យបង្កើតអរិភាព ឬភាពជាសត្រូវជាមួយសិង្ហបុរី ពីព្រោះប្រទេសទាំងពីរ សុទ្ធសឹងតែជាសមាជិកអាស៊ានដូចគ្នា។ ម្យ៉ាងវិញទៀត លោក ថា បញ្ហាចំពោះមុខ ដែលរបបនេះត្រូវដោះស្រាយនោះ គឺត្រូវប្រញាប់ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាផលប្រយោជន៍របស់កម្ពុជា ក្នុងបរិបទនៃរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក៖ «រឿងសំខាន់ជាងគេបំផុត គឺត្រូវតែរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ហ្នឹងឱ្យបាន ដែលអឺរ៉ុបគេត្រូវតែពិនិត្យសម្រេចចុងក្រោយនៅពីរខែខាងមុខទៀតនេះ។ ទីពីរ ត្រូវស្ដារប្រជាធិបតេយ្យកម្ពុជាហ្នឹងឡើងវិញ ហើយដោះលែង កឹម សុខា ទៅ ផ្ដល់សុពលភាពឱ្យគណបក្សប្រឆាំងអីរស់ឡើងវិញធ្វើការងារជាធម្មតាទៅ។ អាហ្នឹងវាជាជំហានវិជ្ជមាន ដែលយើងត្រូវដោះស្រាយ»។
អ្នកវិភាគ និងអ្នកតាមដានសង្គមយល់ឃើញស្របគ្នាថា មូលហេតុដែលថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ចេញមុខប្រតិកម្មនឹងប្រសាសន៍របស់មេដឹកនាំសិង្ហបុរីនេះ គឺដើម្បីជួយការពារមុខមាត់របស់ វៀតណាម និងដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលធ្លាប់ត្រូវបានវៀតណាម លើកបន្តុបឱ្យកាន់អំណាចដោយមិនស្របច្បាប់ ក្នុងអតីតកាល។ ក៏ប៉ុន្តែនេះ គឺជាការពិតនៃប្រវត្តិសាស្ត្ រដែលមិនអាចប្រកែកបាន ហើយគ្រប់យន្តការអន្តរជាតិ សុទ្ធតែបានកត់ត្រាទុកថា អន្តរាគមន៍របស់វៀតណាម នៅពេលនោះ ជាការលុកលុយឈ្លានពានកម្ពុជា មិនមែនជាការសង្គ្រោះពលរដ្ឋខ្មែរនោះឡើយ៕