0acacd63-8758-4cb7-8f07-d639b55de33b

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបញ្ជាក់ជំហរថា «យើងមិនដែលទទួលស្គាល់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម តាម សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទេ»។ ការបោះបង្គោលព្រំដែនថ្មី តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី តាមបណ្តោយព្រំដែនគោក ទៅខាងភាគីវៀតណាម យ៉ាងពិតប្រាកដ។

ពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែន គឺជាសាក្សីរស់ ដែលបានបញ្ជាក់ជាហូរហែរថា ដីស្រែចំការរបស់ពួកគាត់ ត្រូវបានរអិតចូលក្នុងទឹកដី វៀតណាម ក្រោយការបោះបង្គោលព្រំដែន ក្នុងនោះសូម្បីតែភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភា គឺភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ ក៏ត្រូវបានដោះដូរភូមិខ្មែរចំនួន ២ នៅស្រុកមេមត់ ទៅឲ្យ វៀតណាម។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រក្សាសិទ្ធិក្នុងការទាមទារបូរណភាពទឹកដីកម្ពុជា ដែល​បាត់បង់មកវិញ នៅពេលណា កម្ពុជា មានមេដឹកនាំល្អ និងស្រឡាញ់ជាតិ ពលរដ្ឋពិតប្រាកដ។ (អត្ថបទដោយ៖ ម៉ែន ណាត)


ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ស្នើ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម

(RFA Khmer / ដោយ សេក បណ្ឌិត / 09-11-2017)
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ធ្វើការ​អង្កេត​ទៅ​លើ​ បញ្ហា​ព្រំដែន​កម្ពុជា ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​សម្រុក​ បោះ​បង្គោល​ព្រំដែន ​ជាមួយ​ប្រទេស ​វៀតណាម ដ៏​ចម្រូង ចម្រាស ខណៈ​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។

​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា កាល​ពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ថា កម្ពុជា-​វៀតណាម បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ធំ ​រវាង​ខេត្ត​ក្រចេះ និង​ប៊ិនភឿក ប្រទេស​វៀតណាម រួចរាល់ ១០០% ហើយ​ភាគី​ទាំង​ពីរ​ ក៏​កំពុង​បន្ត​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម ហើយ​នឹង​ឯកភាព​គ្នា ​បញ្ចប់​ការងារ​របស់​ខ្លួន​ នៅ​ដំណាច់​ឆ្នាំ​២០១៧ នេះ

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ថ្លែង​​ប្រាប់​​ អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ថាអង្គការ​លោក ​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម ក្នុង​​ពេល​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ជាពិសេស​ខណៈពេល គណបក្ស​អំណាច និង​គណបក្ស​ឆាំង​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ​កំពុង​ប្រេះឆា ហើយ​រដ្ឋសភា​កម្ពុជា ពុំ​អាច​ដំណើរ​ការ​បាន​រលូន​ពេញ​លក្ខណៈ​ផង​នោះ៖ «ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ គឺ​មិន​អាច​ឲ្យ​យើង ​ទទួល​ស្គាល់​លើ​ការ​បោះ​បង្គោល​ព្រំដែន​នេះ​បាន​ជា​ដាច់ខាត»

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​ឲ្យ​ផ្អាក​ជា​ផ្លូវការ​ ចំពោះ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម  នៅ​ពេល​នេះ​ជា​បន្ទាន់។

​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បញ្ជាក់​ថា អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គណៈប្រតិភូ​ព្រំដែន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ត្រួត​ពិនិត្យ​មើល​ ការ​បោះ​បង្គោល​ព្រំដែន បំពេញ​បន្ថែម​ នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម។ រហូត​ដល់​ពេល​នេះ ការ​រៀបចំ​បោះ​បង្គោល​ព្រំដែន​នេះ​ បាន​សម្រេច​ជាង ៨០% ហើយ៕