
(The Cambodia Daily ដោយ តាំង សារ៉ាដា / ០៨ មករា ២០១៩)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានហៅការរំឭកខួប ៤០ ឆ្នាំ នៃថ្ងៃ ៧ មករា គឺជាការរំឭកដល់ប្រទេសវៀតណាម ដែលបានឈ្លានពានចូលក្នុងទឹកដីកម្ពុជា ជាពិសេសឈ្លានពាន កោះត្រល់ បូរណភាពទឹកដី និងការហូរចូលជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ មកក្នុងប្រទេសកម្ពុជាថែមទៀត។
សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ៦ ខែមករា បញ្ជាក់ថា កម្ពុជា កំពុងមានវិបត្តិរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានរំលោភបំពានធ្ងន់ធ្ងរ ការរំលាយបក្សប្រឆាំង និងចាប់ឃុំឃាំង លោក កឹម សុខា មេដឹកនាំបក្សប្រឆាំងយ៉ាងអយុត្តិធម៌។
ប៉ុន្តែរបបលោក ហ៊ុន សែន បែរជារំឭកខួប៤០ឆ្នាំរួមគ្នាជាមួយ វៀតណាមនៃថ្ងៃឈ្លានពាននេះយ៉ាងសប្បាយ ភ្ជាប់ជាមួយគុណបំណាច់ និងសមិទ្ធផលនានាដែលវៀតណាម ជួយលើកបន្តុបក្រុមមេដឹកនាំខ្មែរក្រហមថ្មី រួមមានលោក ហេង សំរិន និង ហ៊ុន សែន ជាដើម ដែលមានចំណេះដឹងបន្តិចបន្តួច ឡើងកាន់អំណាច រហូតមកទល់សព្វថ្ងៃនេះទៅវិញ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកថា ទិវាថ្ងៃ ៧ មករា មិនមែនជាថ្ងៃកំណើតទី២ ដូចការអះអាងរបស់របប ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទេ។ ប៉ុន្តែថ្ងៃទី ៧ មករា ១៩៧៩ គឺថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា អស់រយៈពេល ១០ ឆ្នាំ ដោយកម្លាំងយោធាវៀតណាម ដែលផ្ទុយពីច្បាប់អន្តរជាតិ។ លើសពីនេះ វៀតណាម បានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់ ដែលជានិគមជនជាតិវៀតណាមខុសច្បាប់ រហូតមកទល់បច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចាត់ទុកអ្នកដែលប្រឆាំងនឹងថ្ងៃ ៧ មករា គឺជាជនអគតិ។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រកាសថា ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ហើយគ្មានជនណា ឬកម្លាំងណាមកបំភ្លៃ ឬបំផ្លាញបានឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ថា ក្នុងអំឡុងពេលវៀតណាម ត្រួតត្រាប្រទេសកម្ពុជា ១០ ឆ្នាំ (១៩៧៩-១៩៨៩) ត្រូវបានអង្គការសហប្រជាជាតិ និង សហគមន៍អន្តរជាតិនានា ចាត់ទុកថា វៀតណាម ពិតជាបានចូលឈ្លានពានប្រទេសកម្ពុជា។ ពេលនោះវៀតណាម បានបង្ខំឲ្យរបប ហ៊ុន សែន បង្កើតនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួន មកលើប្រទេសកម្ពុជា ដូចជាសន្ធិសញ្ញាព្រំដែនទឹក ការកំណត់ព្រំដែនគោកជាថ្មី និង កោះត្រល់ រួមនឹងកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត។
ក្រុមនេះ បានអំពាវនាវឲ្យរបបលោក ហ៊ុន សែន ត្រូវវិលមកអនុវត្តរដ្ឋធម្មនុញ្ញ និង ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ តាមរយៈការដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ ផ្តល់នីតិសម្បទាដល់ គណបក្សសង្គ្រោះជាតិ និង ផ្តល់សិទ្ធិធ្វើនយោបាយដល់មន្រ្តីគណបក្សនេះចំនួន ១១៨ រូប ឡើងវិញដោយឥតលក្ខខណ្ឌ។
ជាងនេះទៅទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានទាមទារឲ្យរបបលោក ហ៊ុន សែន លុបចោលសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និង កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយត្រូវប្តឹងសើររើទាមទារ កោះត្រល់ និងទឹកដីដែលបាត់បង់ មកជូនពលរដ្ឋកម្ពុជាវិញ តាមរយៈហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
អ្នកវិភាគនយោបាយលោក កឹម សុខ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ថ្ងៃ ៧ មករា ជាព្រឹត្តិការណ៍មុខ ២ ដោយថា ជាទិវាឃាតករមុខស្រស់ នៃការឈ្លានពានរបស់ប្រទេសវៀតណាម ក្រោមស្លាកមុខបំភ័នថា ជួយកម្ពុជា។ លោក ថា ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជារាស្ត្រខ្មែរភាគច្រើន និងប្រទេសលោកសេរី មើលឃើញថា ជាថ្ងៃដែលកងទ័ពវៀតណាមចំនួនប្រមាណ ២០ ម៉ឺននាក់ លើកមកលុកលុយឈ្លានពានកម្ពុជា៕
(ខ្លឹមសារ សេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
.