
(RFI ដោយ អេង គីមហុង / 26-12-2018)
«២ ឆ្នាំចុងក្រោយនេះ ជនអន្តោប្រវេសន៍ចិន បានហូរចូលមកកម្ពុជាយ៉ាងកំហុក ហើយអាជ្ញាធរ ពុំមានវិធានការច្បាស់លាស់ ដើម្បីទប់ស្កាត់ឡើយ» ។ នេះគឺជាក្ដីបារម្ភរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃពុធ ទី ២៦ ធ្នូ ២០១៨ នេះ។ បន្ថែមពីការព្រួយបារម្ភស្ថាប័នឃ្លាំមើលមួយនេះ និយាយថា ពលរដ្ឋខ្មែរ អាចនឹងក្លាយជាជនជាតិភាគតិច នៅលើទឹកដីខ្លួន បើពុំមានការទប់ស្កាត់ ឲ្យទាន់ពេលវេលា។ ប៉ុន្តែយ៉ាងណាមិញ នៅក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញមកបដិសេធ នឹងការលើកឡើងទាំងនេះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបរិហាថា បច្ចុប្បន្នកំណើនជនជាតិចិន មានចំនួនកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យខេត្តក្រុងមួយចំនួន គ្មានសណ្ដាប់ធ្នាប់ និងបង្កអន្តិសុខ។ ជាក់ស្ដែង ខេត្តព្រះសីហនុ បានបង្កភាពភ័យខ្លាច ដល់ភ្ញៀវទេសចរបរទេស និងពលរដ្ឋក្នុងស្រុក ដែលទៅលេងកំសាន្ត នៅខេត្តមួយនេះ។ ក្រៅពីខេត្តព្រះសីហនុ លំហូរជនជាតិបានធ្វើដំណើរទៅដល់ខេត្ត កោះកុង កំពត ស្វាយរៀង ជាដើម។
តាមរយៈក្ដីព្រួយបារម្ភនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថាពលរដ្ឋខ្មែរ អាចនឹងក្លាយជាជនជាតិភាគតិច នៅលើទឹកដីខ្លួន បើពុំមានការទប់ស្កាត់អន្តោប្រវេសន៍ចិន ឲ្យទាន់ពេលវេលា។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានគូសបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនមែនជាការរើសអើងពូជសាសន៍ឡើយ តែចង់ស្នើឲ្យរដ្ឋាភិបាល មានវិធាការទប់ស្កាត់ ចំពោះលំហូរជនអន្តោប្រវេសន៍ចិន ឲ្យបានច្បាស់លាស់។ លោកបន្ថែមថា ដោយសារតែការគ្រប់គ្រង ពុំមានភាពច្បាស់លាស់ វត្តមានជនជាតិចិន បានធ្វើឲ្យប៉ះពាល់ដល់មុខរបរ និងការងាររបស់ពលរដ្ឋខ្មែរ។
លោក រ៉ុង ឈុន រំពឹងថា កង្វល់ និងសំណើររបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ទទួលបានការឆ្លើយតបវិជ្ជមាន ពីរដ្ឋាភិបាលកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថា កង្វល់បែបណា ក៏អាជ្ញាធរទទួលយកមកដោះស្រាយជាបន្តបន្ទាប់ដែរ។ ជាក់ស្ដែងបញ្ហានៅក្នុងខេត្តព្រះសីហនុ ថ្នាក់ជាតិ បានបញ្ជូនក្រុមការងារ ទៅដោះស្រាយជាបន្តបន្ទាប់។ បន្ថែមលើនេះអ្នកនាំពាក្យដដែល ស្នើឲ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាល ក្នុងបញ្ហាលំហូរជនជាតិចិន។
ជាការកត់សម្គាល់ ក្ដីព្រួយបារម្ភទៅលើលំហូរជនជាតិចិន នៅកម្ពុជា តែងតែកើតមានឡើងជារឿយៗ។ វិធានការរបស់រដ្ឋាភិបាល តែងតែកើតមានជាបន្តបន្ទាប់ដែរ ប៉ុន្តែរលករិះគន់ និងក្ដីព្រួយបារម្ភពីវត្តមាន ចិន នៅកម្ពុជា នៅតែកើតឡើង។ តួលេខដោយឡែកស្ដីពីកំណើនភ្ញៀវទេសចរណ៍ ចិន មកទស្សនាកម្ពុជា មានជិត ២ លាននាក់ ក្នុងឆ្នាំ ២០១៨ នេះ ៕

.