
សម្គាល់៖ ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ នៅប្រទេសបារាំង និង ក្រុមសកម្មជនព្រំដែន តែងតែរំលឹករដល់រដ្ឋាភិបាលម្ពុជា តាំងពីឆ្នាំ១៩៩៩ ព្រមទាំងផ្តល់ឯកសារ និងអនុសាសន៍នានា ក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយនិងយន្តការអភិវឌ្ឍព្រំដែនផង។ កាលនោះព្រះមហាក្សត្រ នរោត្តម សីហនុ ជាអ្នកសម្របសម្រួល រវាងក្រុមចលនានិស្សិត ក្រុមអ្នកជំនាញព្រំដែន ប្រទេសបារាំង និងភាគីរដ្ឋាភិបាល ក្នុងរឿងដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម។ កិច្ចការនេះ បានជំរុញដល់ការបង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន ដែលមានសម្តេចព្រះបាទ នរោត្តម សីហនុ ជាប្រធាន នៅ២០០៥ ព្រមទាំងបានកោះប្រជុំតែមួយលើក នៅទីក្រុងប៉េកាំង ប្រទេស ចិន ថ្ងៃទី ១១-១២ ឧសភា ២០០៥។ បន្ទាប់មករដ្ឋាភិបាល ហ៊ុន សែន រកលេសរំលាយឧត្តមក្រុមប្រឹក្សាជាតិព្រំដែននេះចោលតែម្តង រួចហើយជំរុញដោយបង្ខំឲ្យមាន សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ខែតុលា ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥ ដែលនាំឲ្យមានចម្រូងចម្រាសបំផុត ស្ទើរតែផ្លាស់ប្តូររបបដឹកនាំ ពីរាជានិយម ទៅជារបបសាធារណរដ្ឋ នេះបើតាមការគំរាមរបស់លោក ហ៊ុន សែន ទៅក្រុមគ្រួសាររាជវង្ស ពេលនោះ។ ទោះបីយ៉ាងណាក្តី ពលរដ្ឋខ្មែរ បន្តដំណើរទៅមុខក្នុងការជំរុញការការពារព្រំដែន និងការអភិវឌ្ឍតំបន់ព្រំដែនខ្មែរ ដែលជារបងដ៏រឹងមាំរបស់កម្ពុជា។ (អត្ថបទបន្ថែមដោយ លោក ម៉ែន ណាត)
————————–
RFA: ក្រុមយុវជន ស្នើរដ្ឋាភិបាល ឱ្យបង្ហាញភាពច្បាស់លាស់រឿងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន និងគ្រប់គ្រងព្រំដែនឲ្យរឹងមាំ
(វិទ្យុ RFA Khmer អត្ថបទដោយ សេក បណ្ឌិត / ២៧ តុលា ២០១៩)
ក្រុមយុវជន និងពលរដ្ឋ ស្នើឲ្យរដ្ឋាភិបាល បង្ហាញពីគម្រោងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន {កម្ពុជា-វៀតណាម} ឲ្យច្បាស់លាស់ និងគ្រប់គ្រងដែនរដ្ឋបាលព្រំដែន ឱ្យត្រឹមត្រូវ ជាពិសេស ត្រូវរកយន្តការបំបាត់អំពើពុករលួយ។ ពួកគេអះអាងថា សមត្ថភាពការពារព្រំដែន របស់រដ្ឋាភិបាល នៅខ្វះចន្លោះច្រើន បើធៀបប្រទេសជិតខាង និង គ្មានការអភិវឌ្ឍតាមព្រំដែនជាច្រើនទសវត្សរ៍មកហើយ។
ក្រុមយុវជន និងពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន មានទស្សនៈថា ការអភិវឌ្ឍតាមព្រំដែន និង ការគ្រប់គ្រងរដ្ឋបាលឱ្យច្បាស់លាស់ គឺជាចំណុចសំខាន់ ដែលទាមទារឲ្យរដ្ឋាភិបាល ត្រូវគិតជាចម្បង និងត្រូវបង្កើតច្បាប់បញ្ញត្តិ ឬលិខិតបទដ្ឋាននានា ធ្វើយ៉ាងណាគ្រប់គ្រង និងការពារព្រំដែនឱ្យរឹងមាំ។ ទន្ទឹមនឹងនេះ ពួកគេថា រដ្ឋាភិបាលត្រូវបង្ហាញភាពច្បាស់លាស់ ក្នុងការលុបបំបាត់អំពើពុករលួយ ហាមមិនឲ្យមន្ត្រីខ្មែរលក់ខ្លួន ឬបម្រើប្រទេសជិតខាង ដោយសារប្រយោជន៍ផ្ទាល់ខ្លួនជាដើម។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី ឲ្យដឹងនៅថ្ងៃទី ២៧ តុលា ថាមានបញ្ហាប្រឈមជាច្រើន ដែលរដ្ឋាភិបាលខ្វះចន្លោះ ក្នុងការអភិវឌ្ឍតាមព្រំដែន ធ្វើឲ្យប៉ះពាល់ជីវភាពប្រជាជននៅតំបន់នោះ និងអធិបតេយ្យជាតិ។ លោក ចង់ឃើញរដ្ឋាភិបាល បង្ហាញពីគម្រោង អភិវឌ្ឍន៍តាមបណ្តោយព្រំដែនឱ្យជាក់លាក់ ដោយត្រូវដាក់បញ្ចូលក្នុង សេចក្តីព្រាងច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០២០ ជាអាទិភាព ជាពិសេស ត្រូវបង្ហាញពីទំហំថវិកាជាតិ ដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់ សាលារៀន អគ្គិសនី និងប្រព័ន្ធធារាសាស្ត្រនៅតាមព្រំដែនឲ្យឆាប់រហ័ស។ លោកថ្លែងដូច្នេះថា «ចង់ស្នើទី១ ទៅកាន់រដ្ឋាភិបាល ឱ្យដាក់គម្រោងអភិវឌ្ឍន៍តាមព្រំដែនកម្ពុជាវៀតណាម ដោយមានភាពច្បាស់លាស់ប្រាកដប្រជា នូវទំហំទឹកប្រាក់ ប្រាកដនិយម ដើម្បីអភិវឌ្ឍន៍ឲ្យបានរហ័ស។ ជួយជំរុញ បង្កើតច្បាប់បទបញ្ញត្តិនានា ក្នុងការគ្រប់គ្រងរដ្ឋបាលឲ្យច្បាស់លាស់ ដើម្បីកុំឲ្យមានអំពើពុករលួយ»។
លោក មួង សូនី សង្កេតឃើញថា នៅតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាមជាង ១ពាន់គីឡូម៉ែត្រ ភាគច្រើន ពុំសូវមានការអភិវឌ្ឍនោះទេ ធ្វើឱ្យពលរដ្ឋលំបាករស់នៅ ជាពិសេស ងាយនឹងធ្វើឲ្យកម្ពុជា របូតដីទៅទៀតណាមគ្រប់គ្រង។ លោក ថា បច្ចុប្បន្នពលដ្ឋខ្មែរភាគច្រើន រស់នៅតាមព្រំដែន គ្មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយក៏មានពលរដ្ឋខ្មែរមួយចំនួនធំ បានទិញអគ្គិសនីពីអាជ្ញាធរវៀតណាម៖ «កាលណាយើងមិនអភិវឌ្ឍន៍តាមព្រំដែន វាបន្ថយចំនួនមនុស្សខ្មែររស់នៅតាមព្រំដែន អត់មានការរីកចម្រើន ហើយវៀតណាម ចេញតែចូលមក វាប៉ះពាល់អធិបតេយ្យ និងបាត់បង់ទឹកដី។ យើងអត់ធ្វើរបងការពារព្រំរបងការពារ គេនឹងរំកិល។ យើងមានបង្គោលព្រំដែន គឺគេយកពលរដ្ឋទៅធ្វើរបង គឺពលរដ្ឋ និងការអភិវឌ្ឍហ្នឹងហើយ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល បានយកចិត្តទុកដាក់ការពារព្រំដែនលើគ្រប់វិស័យ រួមមាន វិស័យការពារជាតិ សន្តិសុខ និងការអភិវឌ្ឍតាមព្រំដែន ជាពិសេស រដ្ឋាភិបាលបានកសាងលំនៅឋាន ជូនគ្រួសារយុទ្ធជន ដែលកំពុងឈរជើងការពារព្រំដែន។ លោកថា រដ្ឋាភិបាលបានបង្ហាញខ្ទង់ចំណាយថវិកាជាតិរួចរាល់ហើយ ក្នុងការពង្រឹងវិស័យសន្តិសុខជាតិ និងសន្តិសុខសង្គម នៅតាមព្រំដែន។ ក្រៅពីនេះ លោក បញ្ជាក់ថា អាជ្ញាធរបានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនរួចរាល់ហើយដែរ និងបានបញ្ជូនតម្រូតការពារព្រំដែន ឱ្យឈរជើងប្រចាំការគ្រប់តំបន់។ លោក ផ្តាំឲ្យក្រុមនិស្សិត គួរតែស្រាវជ្រាវឲ្យច្បាស់ជាងនេះ ហើយបើមិនទាន់ច្បាស់លាស់ទេ លោកថា លោក នឹងជូនទៅមើលការអភិវឌ្ឍតាមព្រំដែន។ លោកថ្លែងដូច្នេះថា «គឺវិស័យការពារជាតិនៅហ្នឹង ទាហាន និងតម្រូវនៅហ្នឹង។ បញ្ហាទី២ យើងធ្វើការអភិវឌ្ឍ ដូចជា តំបន់សេដ្ឋកិច្ចនៅហ្នឹង យើងធ្វើបណ្តើៗ។ វិស័យគមនាគមន៍ យើងធ្វើខ្សែក្រវ៉ាត់តាមបណ្តោយព្រំដែន យើងធ្វើរួចហើយ យើងគ្មានកៅស៊ូត្រឹមត្រូវ តែយើងមានផ្លូវតាមព្រំដែន»។
ទោះជាយ៉ាងណា ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្លែងសុំលាក់ឈ្មោះ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ តុលាថា ស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរតាមព្រំដែននៅខេត្តនេះភាគច្រើន គ្មានអគ្គិសនីប្រើប្រាស់គ្រាប់គ្រាន់ និងខ្វះទឹកស្អាតជាដើម។ រីឯផ្លូវថ្នល់ ប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រ ក៏មិនឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ស្ថាបនា ជាច្រើនឆ្នាំមកហើយ ធ្វើឲ្យពលរដ្ឋលំបាកធ្វើស្រែចម្ការ៖ «ការអភិវឌ្ឍតាមព្រំដែននៅមានកម្រិតនៅឡើយទេ មិនទាន់មានឃើញកត់សម្គាល់ធំដុំទេនៅ។ ភាគច្រើនពលរដ្ឋ ធ្វើចំណាកស្រុកខ្លះទៅរោងចក្រ និងខ្លះទៅថៃច្រើន។ យើងទិញរបស់គេហូប ដូចមិនឃើញមានអីទេ»។
របាយការណ៍របស់ក្រុមការងារ ១០០រាត្រី បង្ហាញថា នៅខេត្តតាកែវ ក្នុងស្រុកចំនួន ២ គឺស្រុកបូរីជលសារ និង ស្រុកគិរីវង្ស មានច្រកព្រំដែនអន្តរជាតិ ភ្នំដិន ច្រករបៀងកំណប់ និង ច្រកថ្មបីដុំ ឋិតនៅចន្លោះបង្គោលព្រំដែន លេខ ២៦៥ ដល់បង្គោលលេខ ២៧៥ គឺស្ថានភាពព្រំដែននៅតំបន់នោះ គ្មានការអភិវឌ្ឍនោះទេ។ ប្រជាជនខ្មែរ ធ្វើចំណាកស្រុកស្ងាត់ភូមិ ហើយស្រូវស្រែខ្លះ គ្មានអ្នកធ្វើ និងជួលឱ្យវៀតណាម ដែលផ្ទុយគ្នាដាច់ស្រឡះពីប្រទេសវៀតណាម មានហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនរស់នៅច្រើនស្អេកស្កះ។ លើសពីនេះ នៅតាមបណ្ដោយព្រំដែន ខេត្តព្រៃវែង ខេត្តស្វាយរៀង និង ខេត្តត្បូងឃ្មុំ ក៏ទិដ្ឋភាពព្រំដែនមានលក្ខណៈដូចគ្នានេះដែរ៕