(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត /២៤ កក្កដា ២០១៩)
លោក ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី (ជំនួសខ្មោចលោក សុខ អាន) បាន​​ជូនដំណឹង​ដល់សមាជិក​រដ្ឋាភិបាល នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ អំពី​ការលើកពេល​ប្រជុំ​គណៈរដ្ឋមន្រ្តី ប្រចាំ​សប្តាហ៍ ដែល​តែងតែ​ធ្វើឡើង​រៀងរាល់​ថ្ងៃសុក្រ នៅ​ក្រោម​អធិបតី​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្នុងលិខិត​ជូនដំណឹង​នេះ មិនបាន​បញ្ជាក់​ច្បាស់​អំពីមូលហេតុ​នៃការលើក​ពេល​ប្រជុំ​ទេ ហើយ​ក៏មិន​បានបញ្ជាក់​ថា ឧបនាយករដ្ឋមន្រ្តី ស ខេង ឬ​ឧបនាយក​រដ្ឋមន្រ្តីណាម្នាក់​ផ្សេង​ទៀត អាច​ទទួលការផ្ទេរ​សិទ្ធិ​ដឹកនាំអង្គប្រជុំ ជំនួសលោក ហ៊ុន សែន ក៏ទេដែរ បើទោះបីជាលោក មានសុខភាពមិនល្អ ហើយឧស្សាហ៍​ទៅពិនិត្យ​សុខភាព​ញឹកញាប់​នៅប្រទេស សិង្ហបុរី (Singapore) ខណៈ​លោក​មានអាយុ​ឈាន​ចូល ៦៨ ឆ្នាំ។

ជាទូទៅ​លោក ស ខេង តែងតែទទួលភារៈ​ជា នាយករដ្ឋមន្រ្តីស្តីទី ជំនួសលោក ហ៊ុន សែន ដែល​មាន​បេសកកម្ម​​ទៅក្រៅ​ប្រទេស ឬអវត្តមាន​ក្នុងប្រការ​ណា​មួយ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន មិន​ផ្ទេរតួនាទី​របស់​ខ្លួន ទៅឲ្យអ្នកណា​មក​ជំនួស​ដូចមុនៗ​ទេ។ ទង្វើបែបនេះ លោក ហ៊ុន សែន ទំនង​ជាលែងទុកចិត្ត​លោក ស ខេង និងមន្រ្តីគ្រាក់ៗ​ក្បែរខ្លួនលោក​​ទៀត​ហើយ លើកលែង​តែ​ក្រុមគ្រួសារ និងកូនចៅ​របស់​លោក​ប៉ុណ្ណោះ។

សប្តាហ៍​កន្លងទៅ ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ពន្យារ​ពេល​កិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន​រួចហើយ​ដែរ ដោយសារ​​លោក ហ៊ុន សែន ត្រូវទៅពិនិត្យសុខភាពជាបន្ទាន់នៅ សិង្ហបុរី។ លោក ហ៊ុន សែន បានលើកឡើងថា «លោកគ្រិចស្មា ត្រូវការព្យាបាល»។ ហើយលោកព្រមាន​ក្រុមអ្នក​រិះគន់ថា «ត្រូវចាត់វិធានការផ្លូវច្បាប់ បើអ្នកណាផ្សព្វផ្សាយខុសទំនង អំពីស្ថានភាពជំងឺរបស់លោក»

គួសបញ្ជាក់​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ទទួល​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុមប្រទេសលោកសេរី ដែលមានទីផ្សារធំបំផុត ក្នុងការនាំចូលសម្លៀក​​បំពាក់ និង​ផលិតផល​​ច្រើនមុខ​ទៀត ពីប្រទេស​កម្ពុជា បន្ទាប់ពី​គណបក្សប្រឆាំង​​ត្រូវ​បាន​រំលាយ​ចោល និង​លោក កឹម សុខា មេដឹកនាំ​បក្សប្រឆាំង ត្រូវចាប់ដាក់​គុក នៅ​ចុង​ឆ្នាំ​​២០១៧។ លោក ហ៊ុន សែន សុខចិត្តបាត់បង់ផលប្រយោជន៍ជាតិជាច្រើនជំពូក ឲ្យលោកអាចរក្សាអំណាចបាន និងការពារទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារលោក៕