
(CWCI Cambodia /សម្រួលអត្ថបទដោយលោក ម៉ែន ណាត /២៣ តុលា ២០១៩)
គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង សព្វថ្ងៃលោកបណ្ឌិត ឌី ការេត ជាប្រធាន បានផ្សាយអត្ថបទមួយ ស្តីអំពីខួប ២៨ ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០១៩) ដោយបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួន ដែលរបបដឹកនាំរបស់លោក ហ៊ុន សែន បាននិងកំពុងអនុវត្ត រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង៖
គុណ និងទោស នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា
ថ្ងៃទី២៣ តុលា ១៩៩១ នៃការចុះហត្ថលេខាអន្តរជាតិ លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា ត្រូវចាត់ទុកជាថ្ងៃជីវិតថ្មី នៃប្រទេសកម្ពុជា ដែលចាកផុត អំពីកម្លាំងកាន់កាប់ និងអាណានិគមនិយម របស់យួន។ កិច្ចព្រមព្រៀង គឺជាកិច្ចសន្យា រវាងភាគីហត្ថលេខីទាំងអស់។ ប៉ុន្តែ តាំងពី២៨ឆ្នាំមក លោក ហ៊ុន សែន តែងតែប្រឹងប្រែង បន្ថោកតម្លៃ និងបំបាត់អត្ថិភាព នៃកិច្ចព្រម ព្រៀង ដើម្បីសន្តិភាពនេះ ដែលខ្លួនគាត់ ក៏បានចុះហត្ថលេខា ទទួលសន្យា ថានឹងគោរពនិងអនុវត្ត ដោយមនសិការខ្ពស់ ជានិច្ចជាកាល។
បទបញ្ញត្តិ ដែលជាគុណ ឬបុណ្យ នៃកិច្ចព្រមព្រៀង បានកំណត់ គោលការណ៍ចម្បងៗ ៣ ដើម្បី៖
១- សន្តិភាពកម្ពុជា ដោយសាររៀបចំការផ្សះផ្សាជាតិ និងឯកភាពជាតិខ្មែរជាថ្មី។
២- សន្តិភាពក្នុងភូមិភាគ និងក្នុង{ពិភព}លោក ដោយសារកម្ពុជា ប្រកាន់ខ្ជាប់ខ្ជួន នូវអព្យាក្រឹតភាព និងថែរក្សា និងការពារអធិបតេយភាព ឯករាជ្យ បូរណភាពដែនដី នៃប្រទេស។
៣- ហត្ថលេខីអន្តរជាតិ ធានាជួយកសាងកម្ពុជាឡើងវិញ ដោយការឧបត្ថម្ភ ហិរញ្ញវត្ថុ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ឲ្យកម្ពុជា អាចរស់រានដោយខ្លួនឯងវិញបាន ក្នុងចំណោមប្រទេសនានាឯទៀត។
ក្នុងចំណុចសំខាន់ទី១៖ គឺកិច្ចព្រមព្រៀង ហាមមិនឲ្យមាន «ការវិលត្រឡប់មកវិញ នូវនយាបាយ (ឬ ទម្រង់នយោបាយ) និងការប្រព្រឹត្តិ ក្នុងអតីតកាល» ទេ គឺរបបផ្តាច់ការសក្តិភូមិនិយម គ្មានគោលការណ៍ប្រជាធិបតេយ្យ ហើយដែលបានបំបែកបំបាក់ជាតិ និងប្រទេសខ្មែរ ឥតស្រាកស្រាន្ត។
គោលការណ៍ទី១ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅក្នុងកិច្ចព្រមព្រៀងនោះ គឺការជម្រុញ ឲ្យអ្នកកាន់អំណាច គ្រប់គ្រងរដ្ឋដោយតម្លាភាព គឺជាបឋម គ្មានការប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងលួចប្លន់ជាតិ-ប្រជាជន។ របបផ្តាច់ការរបស់ ហ៊ុន សែន បានរស់រាន មានកម្លាំងធំ ដោយសារអំពើពុករលួយនេះ។ ហេតុនេះ ហ៊ុន សែន បានប្រឹងប្រែងណាស់ ក្នុងការកំទេចបំបាត់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ដើម្បីកុំឲ្យមានការតវ៉ា ការប្រឆាំងអំពីពលរដ្ឋ ចំពោះអំពើពុករលួយ ដែលជាសសរទ្រូងធំ នៃអំណាចរបស់គាត់។
ក្នុងចំណុចទី២៖ ហ៊ុន សែន មិនបានរក្សាអព្យាក្រឹតភាពនៃកម្ពុជាទេ ដោយគាត់មិនអាចរៀបចំកិច្ចការពារបូរណភាពដែនដីកម្ពុជា និងកិច្ចការពារប្រទេសឡើយ ហើយគាត់នៅតែត្រូវការជាចាំបាច់ នូវ «សហប្រតិបត្តិការ» និងកិច្ចការពារនៃកម្លាំង«យួន» ស្របតាមសន្ធិសញ្ញា ឆ្នាំ១៩៧៩ របស់យួន ដែលគាត់ មិនហ៊ានលុបចោល តាមបញ្ញត្តិ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង រដ្ឋធម្មនុញ នោះទេ។
ក្នុងចំណុចទី៣៖ ហត្ថលេខីនៃលោកសេរី (អង្គការសហប្រជាជាតិ «អ.ស.ប.» សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន…) បានជួយឧបត្ថម្ភកម្ពុជាថ្មី (ក្នុងនយោបាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម) តាំងពីឆ្នាំ ១៩៩១ រហូតដល់សព្វថ្ងៃ តាមការសន្យារបស់គេ ដើម្បីឲ្យប្រជាជនខ្មែរ ងើបរួចពីភាពទាសករ និងក្លាយជាម្ចាស់ស្រុកខ្លួនឯង។ ហ៊ុន សែន បានចំណេញច្រើនណាស់ ទាំងនយោបាយ ទាំងមធ្យោបាយ ទាំងប្រជាប្រិយភាព…។ ប៉ុន្តែប្រជាប្រិយភាពនេះ ត្រូវអន្តរាយទៅវិញ ដោយសារការមិនការពារបូរណភាពទឹកដី និង មិនបង្រ្កាបអំពើពុករលួយដ៏ខ្លាំងក្លា (នៃរដ្ឋបាល និងក្រុមសម្ព័ន្ធមិត្តរបស់គាត់) និងអយុត្តិធម៌ ក្នុងគ្រប់វិស័យនៃរបបគាត់។ ប្រជាជន បានថ្កោលទោសយ៉ាងធ្ងន់ ចំពោះគាត់ (ក្នុងការបោះឆ្នោត ឆ្នាំ២០១៣ និង ២០១៧) ហើយគាត់ត្រូវរត់ទៅរកជំនួយ ចិន បន្ថែមទៀត ដើម្បីពង្រឹងអំណាចផ្តាច់ការរបស់គាត់ ដោយធ្វើ «សម្បទាន» ជាច្រើន (នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច) ឲ្យទៅចិន តាមរបៀបគាត់ ធ្វើឲ្យទៅ យួន នោះ។
តាំងពីឆ្នាំ២០១៧ មក អ.ស.ប.ក្តី អាមេរិកក្តី អឺរុបក្តី ជប៉ុនក្តី… បានលើកពីការមិនគោរពដោយ ហ៊ុន សែន ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ដើម្បីបន្ទោស និងគំរាមដាក់ទណ្ឌកម្ម រដ្ឋាភិបាល ហ៊ុន សែន ដោយមានការកាត់បន្ថយជំនួយជាដើម។ ហ៊ុន សែន បានបន្លឺការប្រមាថជាខ្លាំង ចំពោះការគំរាមទាំងនោះ ហើយមានប្រតិកម្មជានិមិត្តរូបមួយ គឺបំបាត់ថ្ងៃខួប នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ និង ថ្ងៃខួបនៃសិទ្ធិមនុស្ស ពីថ្ងៃ{ឈប់សម្រាក}បុណ្យជាតិ នៃកម្ពុជា។ អាមេរិក ក៏បានលើកទៀត នូវការរកឃើញថា ចិនមានគម្រោងសាងសង់មូលដ្ឋានសឹកសមុទ្រ នៅកម្ពុជា (ឈូងសមុទ្ររាម និង កោះកុង) ដែលជា «ការគំរាមដល់សន្តិសុខ និងស្ថិរភាពនៃអាស៊ីអាគ្នេយ៍» ជាថ្មី។ សង្រ្គាម អាចនឹងផ្ទុះឡើង ក្នុងពេលខាងមុខនេះ។
យើងត្រូវដឹង និងចាំថា តាំងពីសម័យសង្គ្រាមឥណ្ឌូចិន (ទី១, ទី២) ប្រទេសកម្ពុជា ជាចំណុចកណ្តាល នៃនយោបាយភូមិសាស្ត្រ របស់អាស៊ីអាគ្នេយ៍។ នៅពេលនេះ ដែលវិវាទរវាងអាមេរីក ចិន និង សម្ព័នមិត្តរៀងខ្លួន នៅក្នងសមុទ្រចិនខាងត្បូង បានកើតខ្លាំងឡើងៗ ហើយពួកគេ ក៏បានត្រៀមអាវុធដ៏ខ្លាំងក្លា ជាងពេលមុនៗរួចហើយ សម្រាប់ការវាយប្រហារគ្នា។ កម្ពុជា ដែលមាន ហ៊ុន សែន កាន់កាប់ ប្រាកដជានឹងត្រូវគេវាយដណ្តើមគ្នាមុនគេ ហើយនឹងត្រូវទទួលវិនាសកម្ម{យ៉ាង}ធំធេងជាងមុនទៀត។
ទាំងនេះគឺជាទោស ឬបាប នៃការមិនគោរពចំពោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា ជាអាទិភាពក្នុងបញ្ហាសិទ្ធិមនុស្ស និង អព្យាក្រឹតភាពនៃកម្ពុជា។ យើងកុំអាលភ្លេចថា នាទសវត្សរ៍១៩៦០ ដែលកម្ពុជានៃសម្តេច នរោត្តម សីហនុ បានបោះបង់ការគោរពបដិបត្តិ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ជាពិសេសក្នុងការប្រកាន់អព្យាក្រឹតភាពរបស់ខ្លួន នោះវាបានទោសជាបន្ទាប់មកវិញយ៉ាងណាខ្លះ(?)។ ប្រវត្តិសាស្ត្រ មិនចេះភរយើងទេ។
ទីក្រុងប៉ារីស៍ ថ្ងៃទី២៣ តុលា ២០១៩
គណ:កម្មាធិការ ព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង
ឌី ការេត (ប្រធាន)
ឯកសារភ្ជាប់៖
– ឯកសារ៖ ខ្លឹមសារកិច្ចព្រមពៀងទីក្រុងប៉ារីស ជាមួយវិបត្តិនយោបាយខ្មែរ
– ឯកសារទាំងស្រុងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១៖ Download

