អត្ថបទចលនានិស្សិត SMD

លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ​នៃ​​ចលនា​​​និស្សិត​​​ដើម្បី​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) បាន​​ចេញ​​​​​​សេចក្តី​​​ថ្លែងការណ៍​​ ទាមទារ​​ឲ្យ​តុលាការ និង​​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​បរិស្ថាន។ សេចក្តី​​ថ្លែងការណ៍​​នេះ បាន​​ចេញ​​​ផ្សាយ​​​​នៅ​​​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០២១។ សូម​ទាញ​​យក​សេចក្តីថ្លែងការណ៍ (Download) ឬ​​​អាន​​សេចក្តី​ថ្លែង​ការណ៍​​​ទាំង​​ស្រុង​​ខាង​​​ក្រោម។

បញ្ជាក់៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញ បានសម្រេចក្តីលើសកម្មជនបរិស្ថាន លោក ថុន រដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ ២០​ ខែ និងពិន័យជាប្រាក់ ៤លានរៀល ឬ​ប្រហែល ១០០០ ដុល្លារ។ ចំណែក​ស្ថាបនិក​ចលនា​មាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជនជាតិ​អេស្បាញ ​ដែល​​ត្រូវ​​បាន​និរទេស​ចេញ​ពី​​​កម្ពុជា​ ​ពី​ឆ្នាំ​២០១៥ ត្រូវបាន​ផ្តន្ទាទោស​ដូច​​លោក ថុន រដ្ឋា ដែរ។ ដោយ​ឡែក កញ្ញា ភួន កែវរស្មី ​និង កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធីន ត្រូវ​បាន​​ផ្តន្ទាទោស​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៨ ខែ និង​ពិន័យ​ជា​​ប្រាក់​ ៤លាន​រៀល​ដូចគ្នា។ លោក អាឡិច និងកញ្ញា ជា គន្ធីន មិនមាន​វត្តមាន​នៅ​អង្គ​សវនការ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ វីអូឌី (VOD) ថ្ងៃទី​០៥ ខែ​ឧសភា។

សេចក្តីថ្លែងការណ៍
ថ្កោលទោស​តុលាការ​ក្រុងភ្នំពេញ ករណី​កាត់ក្តី​សកម្មជន​បរិស្ថាន​ទាំង​អយុត្តិធម៌

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ សូម​ថ្កោល​ទោស​តុលាការ​ក្រុងភ្នំពេញ ដែល​បាន​កាត់ក្តី​ទាំង​អយុត្តិធម៌ ទៅ​លើ​ក្រុម​សកម្មជន​បរិស្ថាន ៣ រូប នៅ​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ក្រោម​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ចាត់ទុកថា ការកាត់​ទោស​នេះ គឺជា​ចេតនា បែប​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ​ទុច្ចរិត ក្នុង​ការ​បន្ដ​សង្កត់​សង្កិន​ជ្រុល​ហួស​ហេតុ លើ​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់ នៃ​ប្រជាពលរដ្ឋ​ម្ចាស់​នគរ ដែល​មាន​កាតព្វកិច្ច​ពេញ​លេញ​ក្នុង​ការ​សម្រេច​លើ​ជោគវាសនា​ជាតិ។

– មាត្រា​៣៥ កថា​ខណ្ឌទី១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ ចូល​រួម​យ៉ាង​សកម្ម ​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំង​ទ្បាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ»។
– មាត្រា​៤១ កថា​​ខណ្ឌ​ទី​១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា «ប្រជា​ពលរដ្ឋ​​ខ្មែរ​ មាន​​សេរីភាព​​ខាង​ការ​បញ្ចេញ​​មតិ​របស់​​ខ្លួន​ សេរីភាព​ខាង​​សារព័ត៌មាន​​ សេរីភាព​​ខាង​​ការ​​បោះ​ពុម្ព​ផ្សាយ​ សេរីភាព​​ខាង​​ការ​​ប្រជុំ»។
– សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​​​​​​​​​​​​​​​​​​ មាត្រា​១៩ ចែង​ថា «មនុស្ស​គ្រប់រូប មាន​សិទ្ឋិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​សម្តែង​មតិ។ សិទ្ឋិនេះ រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដោយ​គា្មន​ការជ្រៀត​ជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែងរក​ការ​ទទួល និង​ការ​​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា ដោយ គា្មន​ព្រំដែន ទោះ​តាម​រយៈ​មធ្យោបាយ​សម្តែង​មតិ​ណា​មួយ​ក៏ដោយ»។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទាមទារ​ដាច់​ខាត​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ និង​ដោះ​លែង​​​សកម្មជន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា ព្រម​ទាំង​អ្នក​ឯ​ទៀត ឲ្យ​មាន​សេរីភាព​ពេញ​លេញ ដើម្បី​ឲ្យ​ពួក​គាត់​អាច​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ, សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​​​​។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ស្នើ​រដ្ឋសភា​កម្ពុជា ធ្វើ​វិសោធនកម្ម​លុប​ចោល «បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស» ត្រង់​ជំពូក​ទី​៣ ផ្នែក​ទី​៣ នៃ​ក្រម​ព្រហ្មទណ្ឌ លើ​ករណី​នៃ​សេរីភាព​បញ្ចេញ​មតិ ការ​សម្ដែង​មតិ​ជា​សាធារណៈ សេរីភាព​នៃ​ការ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​ព័ត៌មាន និង គំនិត​យោបល់ ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ ដើម្បី​បើក​ឱកាស​ឲ្យ​កាន់​តែ​ទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ អាច​ចូល​រួម​ចំណែក​កែ​លម្អ​សង្គម។ បើ​រដ្ឋាភិបាល និង​រដ្ឋសភា​ នៅ​តែ​ខំ​បង្រួញ​លំហ​សិទ្ធិ​សេរីភាព ប្រជា​ពលរដ្ឋ នោះ​អង្គការ​រដ្ឋ​នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​អំណាច​របស់​ក្រុម​បុគ្គល​ប៉ុណ្ណោះ។

រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១

ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ