
(Source: ideology.news /20-1-2019)
កាលពីខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ពលរដ្ឋក្នុង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កំពង់ឆ្នាំង ជិត ២ ពាន់គ្រួសារ ក្នុងនោះពលរដ្ឋខ្មែរ មានចំនួន ១.១៨០ គ្រួសារ និង ជនជាតិវៀតណាមមានចំនួន ៧៨០ គ្រួសារ ដែលមួយចំនួនធំ បានឡើងមករស់នៅលើគោក តាមផែនការរបស់ អាជ្ញាធរខេត្តរួចហើយ ។
រហូតមកដល់ ដើមឆ្នាំ ២០១៩ នេះ បើតាមប្រភពពលរដ្ឋ នៅស្រុកបរិបូរណ៍ បានឲ្យដឹងថា ការធ្វើបម្លាស់ទី ផ្ទះបណ្តែតទឹក នៅក្នុងឃុំឆ្នុកទ្រូ មិនបានប្រព្រឹត្តិទៅ តាមការកំណត់របស់អាជ្ញាធរខេត្តឡើយ។ ផ្ទះបណ្តែតទឹកមួយចំនួន មិនបានធ្វើបម្លាស់ទីទេ ដោយមានសមត្ថកិច្ចមួយចំនួនកាង និងមួយចំនួនទៀត ឡើងគោកហើយ ក៏ត្រឡប់ទៅកាន់កន្លែងចាស់វិញ ដោយសារត្រូវដងត្រូវផ្លែគ្នា ជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ ។
ហើយប្រភពបានឲ្យដឹងបន្តទៀតថា ចំពោះផ្ទះដែលគេសង់ គេសង់រកេតរកូត នៅខាងលើនោះ ផ្ទះមួយចំនួនគ្មានមនុស្សនៅទេ គឺគេសង់ដើម្បីចាប់យកដី តែប៉ុណ្ណោះ ។
មជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង រង់ចាំមើលថា តើផែនការបម្លាស់ទី របស់ផ្ទះបណ្តែតទឹក របស់អាជ្ញាធរខេត្ត នឹងទទួលបានជោគជ័យបែបណា?
ហើយនៅថ្ងៃទី ១៩ មករា ២០១៩ នេះ ពាក់ព័ន្ធនឹងករណីនេះ អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ មិនអាចទាក់ទងសុំការបំភ្លឺ បាននោះទេ ៕ (ពីទំព័រ អាឌីអូឡូជី)