(ប្រភពពី DTN7 & Local KH-TV, 12-8-2017)
តាមរយៈទូរទស្សន៍ក្នុងស្រុក ដែលគាំទ្ររដ្ឋាភិបាលសព្វថ្ងៃ និងប្រភពពីមន្រ្តី បានរាយការពីខេត្តពោធិ៍សាត់ថា មានសកម្មភាពបូមខ្សាច់ បំផ្លិញបំផ្លាញតំបន់ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ កោះថាស ឋិតនៅភូមិអូរលំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ មិនហ៊ានទប់ស្កាត់ និងបង្ក្រាបឡើយ ពីព្រោះពាក់ព័ន្ធនឹង ជំទាវ ជា ខេង ជាភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ ប្រភពបានឲ្យដឹងទៀតថា ភរិយារប់លោក ម៉ៅ ថានិន អភិបាលខេត្តពោធិសាត់ ដែលជាសាច់ញាតិរបស់ក្រុមគ្រួសារលោក ស៊ុយ សែម ក៏ពាក់ព័ន្ធក្នុងរឿងនេះដែរ ។
តំបន់រមណីយដ្ឋានទេសចរណ៍ កោះថាស ទំហំប្រមាណ ១០ ហិកតា មានទីតាំងឋិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ខាងត្បូងទំនប់ទឹក ដំណាក់អម្ពិល និងមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៥ ក្នុងភូមិអូរលំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានបើកបម្រើភ្ញៀវទេសចរ ចូលទស្សនាកម្សាន្ត នាឆ្នាំ២០០៩ កន្លងទៅ។
មិនទាន់អាចសុំការបំភ្លឺ បញ្ជាក់ពីជំទាវ ជា ខេង ពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់ បង្កការប៉ះពាល់ដល់តំបន់រមណីយដ្ឋានទេសចរណ៍ កោះថាស នោះនៅឡើយទេ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ៕