Capturemmmm

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន ​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​ លោក​ ប្រធានាធិបតី​ ដូណាល់ត្រាំ (Donald Trump) ​គៀង​គរ​សម្ព័ន្ធ មិត្ត​របស់​ខ្លួន ដើម្បី​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដាក់​គំនាប រដ្ឋាភិបាល​ លោក​ ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​កម្ពុជា ​មាន​លទ្ធិប្រជាធិបតេយ្យ​​ពេញលេញ និង​នីតិរដ្ឋ។

(RFA, 20-9-2017, ដោយ តាំង សារ៉ាដា)
តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ចំនួន ​៨ ​រូប​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​និយម រួម​មាន​លោក​ អេដ រ៉យ (Ed Royce) លោក​ អាលែន ឡូវែនថល​ (Alan Lowenthal) ​លោក​ ស្ទីវ ឆាបុត (Steve Chabot)​ អ្នកស្រី​ និគី តុងហ្កាស់​ (Niki Tsongas) និង​តំណាង​រាស្ត្រ​បួន​រូប​ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៨​ម្សិលមិញ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​រដ្ឋមន្រ្តី ក្រសួង​ការ​បរទេស​អាមេរិក ​លោក រិក ធីលលើសិន​ (Rex Tillerson) ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​ នៅ​ កម្ពុជា​ ដែល​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​អាច​ប៉ះ​ទង្គិច​ដល់​ការ ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ខាង​មុខ។

ក្រុម​តំណាង​រាស្ត្រ​របស់​អាមេរិក​ទាំងនេះ​ ក៏​បាន​ថ្កោល​ទោស​ជា​ខ្លាំង ដល់​ការ​រំលោភ​បំពាន​ទាំង​គ្មាន​ដីកា​ទៅ​លើ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ តាមរយៈ​ការ​ចាប់​ខ្លួន​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា​ រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ចោទ​ប្រកាន់​ថា​សហរដ្ឋអាមេរិក ជា​អ្នក​នៅ​ពី​ក្រោយ​បដិវត្តន៍​ពណ៌​ដែល​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​កម្ពុជា។

តំណាង​រាស្ត្រ​របស់​សហរដ្ឋអាមេរិក​ ដ៏​មាន​ឥទ្ធិពល​ទាំង​នេះ​អះអាង​ថា ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ពី​បទ​ក្បត់​ជាតិ​ជា​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ ទៅ​លើ​​វិទ្យុអាស៊ីសេរី​ វិទ្យុ​សំឡេង​សហរដ្ឋ អាមេរិក វិទ្យាស្ថាន​ជាតិ​ ប្រជាធិបតេយ្យ​ NDI​ និង​ការ​គំរាម​ធ្វើ​សង្គ្រាម​ជា ​មួយ​ប្រជា​ពលរដ្ឋ ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​នោះ គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក្នុង​ការ​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​ កាន់​តែ​រួម​ចង្អៀត។ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន បាន​ទេ​ ដោយ​លោក​អះអាង​ថា កំពុង​ជាប់​រវល់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តំណាង​រាស្រ្ត​របស់​សហរដ្ឋអាមេរិក​ទាំង​ ៨ រូប​នេះ​ ជំរុញ​សហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ឡើង​តតាំង​ ជាមួយ​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន កំពុង​កាត់​បន្ថយ​សេរីភាព​ របស់​ប្រជាពលរដ្ឋ​ កម្ពុជា​ ដែល​ពួក​គេ​ត្រូវ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូល​រួមការ បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ ប្រទេស។ ពួក​គេ​ទាមទារ​ឲ្យ​ក្រសួង​ការ​បទេស​សហរដ្ឋអាមេរិក​ធ្វើការ​ ជាមួយ​ សម្ព័ន្ធ មិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រើ​គ្រប់​យន្តការ​ការទូត​ដែល​ចាំបាច់ ទាំង​អស់​ដើម្បី​បង្ខំ​ឲ្យ ​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន​ គោរព​ស្តង់ដារ ប្រជាធិបតេយ្យ​ និង​នី​តិរដ្ឋ។

ក្រុម​តំណាង​រាស្ត្រ​អាមេរិក​ទាំងនេះ​ក៏បាន ទាត់​ចោល​ផង​ដែរ​ចំពោះ ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ទៅ​លើ​ គណបក្ស​នយោបាយ​អង្គការ​ សង្គម​ស៊ីវិល សកម្មជន និង​អ្នក​វិភាគ​ នយោបាយ។ ពួក​គេ​ព្រមាន​ថា ការ​បំផ្លាញ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ លក្ខណៈ​សេរី ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត​ពួក​គេ​ជំរុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​​កម្ពុជា​ លោក វីលៀម ហែកដ៍ ​(William Heidt) ​បន្ត​ជជែក​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ក្នុង​កម្រិត​មួយ​ខ្ពស់​បំផុត​ដែល​ តំណាង​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ទាំងឡាយ​ទៅ​កាន់​លោក​ ហ៊ុន សែន ​ក្នុង​ការ​ដាក់​សំពាធ​ដល់ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិពលរដ្ឋ​របស់​ខ្លួន​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​ និង​ការ​គោរព​ដល់​ដំណើរ​ការ​បោះឆ្នោត នៅ​ពេល​ខាង​មុខ​។

តំណាង​រាស្ត្រ​របស់​អាមេរិក​ទាំង ​៨ ​រូប​នេះ​ លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គោរព​លក្ខខណ្ឌ​ទាំងនេះ ប្រសិន​បើ​កម្ពុជា​ ចង់​មាន​ទំនាក់​ទំនង យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ធំ​ជាមួយ​សហរដ្ឋអាមេរិក។ បើ​ទោះ​បី​ជា​កម្ពុជា​ កំពុង​រង​ការ​ថ្កោល​ទោស​ជា​ខ្លាំងៗ ​ពី​បណ្ដា​ប្រទេស​លោកសេរី។ កម្ពុជា​ ក៏​កំពុង​បោះ​​ជំហាន​​យ៉ាង​ជ្រៅ​ទៅ​រក បណ្ដា​ប្រទេស​កុម្មុយនិស្ត​ដែរ។​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ថ្លែង ចំពោះ​មុខ​និស្សិត​រាប់រាយ​នាក់​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា ទំនាក់​ទំនង​ការ​ទូត របស់​កម្ពុជា​នៅ​ពេល​ខាង​មុខ​នឹង​ពឹង​ផ្អែក​ទៅ​លើ ប្រទេស​ ចិន និង រុស្សី​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ខាង​កិច្ចការ​បរទេស​ លោក ឡុង គឹមឃន ​ធ្លាប់​ ព្រមាន​ថា ប្រសិន​បើ​វិបត្តិ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង ​សហរដ្ឋអាមេរិក​ នៅ​បន្ត​កើត​មាន​ទៀត នោះ​កម្ពុជា​នឹង​ជួប​ហានិភ័យ​ខាង​ផ្នែក​ពាណិជ្ជ កម្ម​ របស់​ខ្លួន​ធ្ងន់ធ្ងរ​ដោយសារ​ចិន​មិនមែន​ជា​ទី​ផ្សា​ទិញ​ផលិតផល​ កសិផល និង​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​បាន​ទេ ​ខណៈ​ផលិតផល​ របស់​ប្រទេស​នេះ​កំពុង​សល់​ចាល់​ហូរហៀរ​។

ពាក់ព័ន្ធ​នឹង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ អនុ​ប្រធាន​សភា​អឺរ៉ុប​ អ្នកស្រី​ ហ្វែត​ឌឺរីកា មូកហឺរីនី (Federica Mogherini) កាល​ពី​ថ្ងៃ​ច័ន្ទ ថ្លែង​ថា សហភាព​អឺរ៉ុប​គឺ​ជា​ទី​ផ្សារ​នាំ​ចូល​ផលិតផល​ដ៏​ធំ ​បំផុត​របស់​ កម្ពុជា។​ អ្នកស្រី​ជឿ​ថា​វា​នឹង​គ្មាន​និរន្តរភាព​សម្រាប់​ការ​អភិវឌ្ឍន៍​ទៀត​ទេ ប្រសិន​បើ​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គ្មាន​ការ​ធានា​ដល់​ដំណើរ​ ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី​ជំរុញ​ឲ្យ​សភា​អឺរ៉ុប​នឹង​ប្រើ​ប្រាស់​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ ក្នុង​ការ​ស្នើ​និង​ធ្វើ​កិច្ចការ​ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​បរិបទ​នយោបាយ​ បច្ចុប្បន្ន​នៅ​កម្ពុជា៕

មានវីដេអូរូបភាព៖

US MP-kh-1us-mp-kh-2-e1505839035999.jpgUS MP-1US MP-220160128_PMHS_USA_KH01

.