
(RFA Khmer អតបទដោយ មួង ណារ៉េត /០៥ តុលា ២០១៩ /អត្ថបទបន្ថែមដោយ នគរ)
…………..
គណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់ការបោះបង្គោលព្រំដែន ប្រទេសកម្ពុជា-វៀតណាម ដោយប្តេជ្ញាថា «នឹងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់»។ ប៉ុន្តែលោក ហ៊ុន សែន ថា «ការឯកភាពលើការបោះបង្គោលព្រំដែននេះ គឺរឹតចំណងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ»។
គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរកន្លះប្រទេស ចាត់ទុកការចុះកិច្ចព្រមព្រៀងគ្នា រឿងបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម ដែលបានបោះរួចចំនួន ៨៤% នោះថា «ជាការចុះហត្ថលេខា កាត់ទឹកដីខ្មែរឲ្យវៀតណាម ដោយស្របច្បាប់»។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ០៥ ខែ តុលា ២០១៩ ចេញភ្លាមៗ ក្រោយលោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) មូលមាត់គ្នារឿងព្រំដែននេះ គណបក្សសង្គ្រោះជាតិ ប្រកាសជាឱឡារិក មិនទទួលស្គាល់ និង មិនអាចទទួលយកបានជាដាច់ខាត នូវការព្រមព្រៀងគ្នា លើបញ្ហាបោះបង្គោលព្រំដែន ដែលធ្វើតាមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ដែលគណបក្សនេះ ចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់នោះ។
ការណ៍ដែលគណបក្សសង្គ្រោះជាតិ ប្រឆាំងដាច់ខាត ទៅនឹងការព្រមព្រៀងគ្នា រឿងបោះបង្គោលព្រំដែន ដែលយកសន្ធិសញ្ញា មានបញ្ហា មកធ្វើជាគោលនោះ គឺដោយសារសន្ធិសញ្ញា ឆ្នាំ១៩៨៥ នោះ ត្រូវបានធ្វើមោឃភាព (ឬ ប្រកាសលុបចោល) ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ ទៅហើយ។
ប្រតិកម្មរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងតបទៅនឹងចំណុចទី ៣ និង ៤ នៃសេចក្តីថ្លែងការណ៍រួម ដែលមាន ២៣ ចំណុច រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៥ ខែ តុលា។ ក្នុងចំណុចទាំងពីរនេះ ខាងលោក ហ៊ុន សែន និង ភាគីវៀតណាម យល់ព្រមចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និង វៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរ បញ្ជាក់ជាថ្មីនូវ ការព្រមព្រៀងរឿងព្រំដែននេះ និងទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន ប្រមាណ ៨៤%។
ការចុះកិច្ចព្រមពៀងទទួលស្គាល់បញ្ហាព្រំដែន ដែលកំពុងចម្រូងចម្រាសនេះ ត្រូវបានប្រធាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំទាស់ដែរ ដោយលើកឡើងថា ការព្រមព្រៀងគ្នាក្នុងស្ថានភាពបែបនេះ គឺជាគ្រោះថ្នាក់បំផុត។ លោក ថាមេដឹកនាំ និង អ្នកដែលចូលរួមចុះកិច្ចព្រមព្រៀង ដែលធ្វើឲ្យបាត់ទឹកដីរបស់ខ្លួនបែបនេះ គឺចៀសមិនផុតពីរងការរិះគន់ថា ជាអ្នកមិនស្មោះត្រង់នឹងជាតិ «ជាមេដឹកនាំក្បត់ជាតិ គេថាអ៊ីចឹងមិនខុសទេ ដោយសារតែគាត់ {ហ៊ុន សែន}ខំការពារវៀតណាម ការពារបរទេសពេក ភ្លេចគិតអំពីថាតើកូនចៅគាត់ ទៅថ្ងៃក្រោយ ប្រជាពលរដ្ឋពលរដ្ឋថ្ងៃក្រោយទៅ ប្រសិនបើក្លាយជាជនជាតិភាគតិច នៅលើទឹកដីរបស់ខ្លួនឯង តើមានការឈឺចាប់ប៉ុនណា?»។
លោក ម៉ែន ណាត ស្នើឲ្យភាគីកម្ពុជា គួររកយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ជាជាងសម្រេចតែភាគីវិវាទ ដោយគ្មានអាជ្ញាកណ្តាលឯករាជ្យ។ លោក គ្មានសង្ឃឹមថា របបសព្វថ្ងៃ ខ្វល់រឿនេះនោះឡើយ គឺមានតែប្រជាពលរដ្ឋខ្មែរ ដែលឈឺឆ្អាលរឿងនេះ បន្តតស៊ូមតិឲ្យខ្លាំងក្លា តទៅទៀតតែប៉ុណ្ណោះ។
{លោក អ៊ុំ សំអាន អតីតសមាជិករដ្ឋសភាពីបក្សសង្គ្រោះជាតិ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា លោកប្រកាសកាន់ទុក្ខ ៧ ថ្ងៃដោយពាក់បូពណ៌ខ្មៅ ចំពោះការបាត់បង់ទឹកដីខ្មែរ បន្ទាប់ពីលោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់លទ្ធផលការបោះបង្គោលព្រំដែន បាន ៨៤% ជាមួយសមភាគីវៀតណាម នៅថ្ងៃទី ៥ តុលា}។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ជុំវិញរឿងនេះ ពីខាងមន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយទេ។ ប៉ុន្តែ លោក ហ៊ុន សែន សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ក្រោយចុះហត្ថលេខារួច ថាកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែននេះ គឺជាផ្នែកមួយនៃការប្រែក្លាយខ្សែព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអវិវឌ្ឍ។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពដែរ ថានឹងបញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់ជិត ១៦% ទៀតនេះ ឲ្យបានចប់សព្វគ្រប់ នាពេលឆាប់ៗខាងមុខ។
គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់ និង ការបោះបង្គោលព្រំដែនកន្លងមកជាមួយប្រទេសវៀតណាម។
បញ្ហាព្រំដែន រវាងកម្ពុជា និងវៀតណាមនេះ គឺជារឿងដ៏រសើប និងចម្រូងចម្រាសមួយ។ របបលោក ហ៊ុន សែន តែងតែបង្ក្រាបអ្នកទាំងឡាយណា ដែលហ៊ានរិះគន់ ឬ ប្រឆាំងរបបនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើន ដែលឈឺឆ្អាលរឿងព្រំដែននេះ ត្រូវជាប់គុក ឬ រងការចោទប្រកាន់តាមផ្លូវតុលាការ ពីអាជ្ញាធររបបលោក ហ៊ុន សែន។
លោក ហ៊ុន សែន ដែលតែងតែអួត ថាលោកគោរព និងដង្ហែតាមព្រះមហាក្សត្រ និង ប្តូរផ្តាច់ការពាររបបរាជានិយមយ៉ាងណាក៏ដោយ លោកថែមទាំងហ៊ានគម្រាមរម្លាយរបបរាជានិយម ទៅទៀត បើព្រះមហាក្សត្រខ្មែរ មិនព្រមតាមគាត់។ លោកព្រមានព្រះមហាក្សត្រ ខែតុលា ឆ្នាំ២០០៥ ដូច្នេះថា «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះ {នរោត្តម រណប្ញទ្ធិ}ហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល, កុល ផេង, អ៊ឹង កន្ថាផាវី, ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះ ហើយខ្ញុំប្រាប់សម្ដេចក្រុមព្រះ ពេលដែលជួបតាមទូរស័ព្ទ ថាព្រះអង្គ បើលើកនេះវាពិបាកស៊ីញ៉េ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬ ធ្វើសាធារណៈរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្តង។ ឬហោចណាស់ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៅមាត្រាណាមួយ តែកាលណាដាក់ទៅ ក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវចុះហត្ថលេខា ឬ ឡាយព្រះហត្ថលេខា ឬ ចុះហត្ថលេខាក្នុងរង្វង់ប៉ុន្មានថ្ងៃ។ បើមិនចុះហត្ថលេខា ឬ ឡាយព្រះហត្ថលេខាទេ គឺនឹងចូលជាធរមាន»។
លោក ហ៊ុន សែន មិនដែលរងការស៊ើបអង្កេត ឬ ចាត់ការពីសំណាក់អាជ្ញាធរ និង តុលាការនៃរបបក្រុងភ្នំពេញ ជុំវិញសារធ្ងន់ៗលើអង្គព្រះមហាក្សត្រនេះទេ។ ប៉ុន្តែ អ្នកដទៃដែលហ៊ាននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ កុំថាដល់ព្រមានរម្លាយរបបរាជានិយម សូម្បីតែការរិះគន់ព្រះមហាក្សត្របច្ចុប្បន្ន ត្រឹមថាព្រះអង្គមិនសូវមានឥទ្ធិពល ក្នុងការដោះស្រាយបញ្ហានយោបាយខ្មែរ ដូចព្រះបិតាព្រះអង្គ ដែលសោយទីវង្គតទៅហើយនោះក្តី ក៏រងការធ្វើទុក្ខបុកម្នេញ ដូចជាចាប់ដាក់ពន្ធនាគារ ឬ ចោទប្រកាន់តាមផ្លូវតុលាការជាច្រើនករណី ដោយចោទថាប្រមាថអង្គព្រះមហាក្សត្រ។
ជុំវិញរឿងព្រំដែននេះដែរ រដ្ឋធម្មនុញ្ញមាត្រា ៨ ចែងអំពីព្រះរាជតួនាទី របស់ព្រះមហាក្សត្រ ដែលទ្រង់ជាអ្នកធានាបូរណភាពទឹកដី។ អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីខាងព្រះបរមរាជវាំង ជុំវិញបញ្ហាព្រំដែននេះបាននៅឡើយទេ។
ទោះជាយ៉ាងនេះក្តី គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់ និង ការបោះបង្គោលព្រំដែនកន្លងមកជាមួយប្រទេសវៀតណាម ដើម្បីធានាការពារបូរណភាពទឹកដីកម្ពុជា ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង រដ្ឋធម្មនុញ្ញកម្ពុជា៕

