ឡៅ ម៉ុងហៃ ហ៊ុន សែន

បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថារដ្ឋាភិបាល ហ៊ុន សែន ចង់ជម្រះឥទ្ធិពល សហរដ្ឋអាមេរិក ពីនយោ​បាយ​កម្ពុជា ខណៈពេលស្ថានភាពនយោបាយ​កម្ពុជា កំពុងឡើងកំដោះ នៅមុនការបោះឆ្នោតជាតិ ឆ្នាំក្រោយ។

(RFA, 29-8-2017, ដោយ សាន សែល)

អ្នក​វិភាគ​នយោបាយ​សង្កេត​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ទាញ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​កិច្ចការ​នយោបាយ​ក្នុង​ស្រុក តាម​រយៈ​ការ​ចាត់​វិធានការ​ផ្សេងៗ​ទៅ​ស្ថាប័ន​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។ អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្តុះបង្អាប់​កិត្តិយស​កូនស្រី​របស់​មេបក្ស​សង្គ្រោះ​ជាតិ​នោះ ថា​ជា​ការ​មាក់ងាយ​លើ​ស្ត្រី​ខ្មែរ។

បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​សម្តី​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ដែល​បាន​ព្យាយាម​បង្ហាញ​ទំនាក់ទំនង​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ទីភ្នាក់ងារ​របស់​សហរដ្ឋអាមេរិក ជា​សកម្មភាព​ដើម្បី​បង្អាប់​កេរ្តិ៍​ឈ្មោះ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា លោក សុខ ឥសាន បាន​សរសេរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ថា អ្នក​នយោបាយ​ខ្លះ មិន​ហ៊ាន​លះបង់​ជីវិត​ខ្លួន​ឯង  បែរ​ជា​ហ៊ាន​លះបង់​សាច់​ស្រស់ និង​រូប​សម្រស់​របស់​កូន​ក្រមុំ​ទៅ​ឲ្យ​បរទេស ដោះដូរ​នឹង​អំណាច​ទៅ​វិញ។

ហ្វ្រេសញូវ (Fresh News) បណ្ដាញ​ព័ត៌មាន​ដែល​ឧស្សាហ៍​ផ្សាយ​ឯកសារ​សម្ងាត់​ដែល​អ្នក​ច្បាប់​យល់​ថា ជា​ទង្វើ​ខុស​ច្បាប់​ក៏​បាន​ពិពណ៌នា​លម្អិត​លើ​ខ្លឹមសារ​របស់​លោក សុខ ឥសាន។ ហ្វ្រេសញូវ ដែល​លោក សុខ ឥសាន យល់​ថា ខ្លឹមសារ​ព័ត៌មាន​ភាគ​ច្រើន​ជា​ការ​ពិត​បាន​រាយការណ៍​ថា៖ “ទោះ​បី​ជា​មិន​បង្ហើប​អំពី​ឈ្មោះ​អ្នក​នយោបាយ​រូប​នោះ​ឱ្យ​ចំ​យ៉ាង​ណា​ក្តី ប៉ុន្តែ​គេ​បាន​ដឹង​ថា អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ទំនងជា​សម្តៅ​ទៅ​លើ​កូនស្រី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្មីៗ​នេះ​មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​ថា កូនស្រី​របស់​លោក​ទាំង​ពីរ​នាក់ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ជនបរទេស​ដែល​ជា​ចារកម្ម​អាមេរិក”

​បន្ថែម​ពីលើ​នេះ គេហទំព័រ​ព័ត៌មាន​ដែល​ជា​ញឹកញយ​ទម្លាយ​ឯកសារ​រដ្ឋាភិបាល បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ក្រុម​គ្រួសារ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក (CIA)។

ហ្វ្រេសញូវ បន្ត​ថា៖ “ទំព័រ​ហ្វេសប៊ុក ឈ្មោះ “កូន​ខ្មែរ” បាន​សរសេរ​ថា ការ​ចង​ទំនាក់ទំនង​ស្នេហា​ទាំង​នេះ ជា​ការ​ឃុបឃិត​រវាង​បរទេស និង​ខ្មែរ (Conspiracy Theory) ដែល​ទំនង​ជា​ធ្វើ​ឱ្យ​មាន​ការ​លូក​ដៃ​យ៉ាង​ជ្រៅ ពី​មហាអំណាច​អាមេរិក មក​លើ​កម្ពុជា ដូច​កាល​ពី​អតីតកាល។ ជាមួយ​គ្នា​នេះ Facebook កូន​ខ្មែរ បាន​ចោទ​ជា​សំណួរ​ថា តើ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ចារកម្ម​បរទេស​នេះ អាច​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែរ ឬ​ទេ?”

​ទោះបីយ៉ាងណា លោក ចេហ្វហ្វ្រី ខេន (Geoffrey Cain)  ដែល​បច្ចុប្បន្ន​ជា​អ្នក​កាសែត និង​ជា​ជនបរទេស​ម្នាក់​រង​ការ​ចោទ​ប្រកាន់​នេះ​បាន​បដិសេធ។ លោក​សរសេរ​លើ​ធ្វីតធឺ (Twitter) ថា ការ​ភ័យ​ខ្លាច ហើយ​ចោទ​គេ​ចោទ​ឯង​គ្មាន​ការពិត (paranoia) កាន់​តែ​កើន​ឡើង​នៅ​ភ្នំពេញ។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រោយ​ពី​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​នេះ មាន​ការ​រិះគន់​ជា​ច្រើន​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ ទៅ​លើ​កូនស្រី​របស់​លោក កឹម សុខា {គីកញ្ញា កឹម សម្មាធិតា និង កឹម មនោវិទ្យា} នោះ​ថា ជា​ការ​មើលងាយ​ស្ត្រី​ខ្មែរ និង​ប៉ះពាល់​ដល់​កិត្តិយស​ជាដើម។

​ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ច្រានចោល​ការ​ចោទ​ប្រកាន់ និង​យល់​ថា ខ្លឹមសារ​ដែល​លោក សុខ ឥសាន បាន​លើក​ឡើង គឺ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ៖ «ខ្ញុំ​យល់​ឃើញ​ថា ប្រសាសន៍​របស់​ឯកឧត្ដម សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ការ​មើល​ងាយ​មើល​ថោក​ដល់​ស្ត្រី​ខ្មែរ ដែល​មាន​ជាង ៧​លាន​នាក់ និង​គ្រួសារ​ដែល​មាន​កូន​ស្រី។ ខ្ញុំ​មាន​ការ​សោកស្ដាយ​បំផុត ហើយ​ខ្ញុំ​យល់​ថា គួរ​តែ​បញ្ចប់​ទៅ។ ឈប់​យក Fresh News មក​ធ្វើ​ជា​ល្បែង​នយោបាយ»

​លោក សុខ ឥសាន ចាត់​ទុក​ថា សម្តី​អ្នកស្រី មូរ សុខហួរ ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ លោក​យល់​ថា អ្នក​ដែល​ចោទ​លោក​នោះ គឺ​ជា​អ្នក​រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​លោក ដោយសារ​លោក​មិន​បាន​ដៅ​ចំ​ឈ្មោះ​អ្នក​ដែល​លោក​រិះគន់​នោះ​ឡើយ៖ «ខ្ញុំ​បញ្ចេញ​មតិ​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ណា។ ខ្ញុំ​អត់​ផង។ ខ្ញុំ​អត់​មាន​ដៅ​លើ​បុគ្គល​ណា​ផង។ ក៏ប៉ុន្តែ​ ផ្អែក​លើ​សភាពការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន។ យើង​ឃើញ​ហើយ​ថា មាន​ការ​ឃុបឃិត​រវាង​ជន​បរទេស​ទៅ​នឹង​កូន​ក្រមុំ​អ្នក​នយោបាយ ដើម្បី​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា»។​

​ដោយ​ឡែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ដោះដូរ​កូន​ដើម្បី​អំណាច​ដែល​លោក សុខ ឥសាន បាន​លើក​ឡើង គឺ​មិន​ទំនើប​នោះ​ទេ ដោយ​លោក​បណ្ឌិត​បញ្ជាក់​ថា សម័យ​នេះ​ស្នេហា​មិន​អាច​ចាប់​បង្ខំ​បាន​ទេ៖ «ដូចជា​ជ្រុល​ហួស​ព្រំដែន​សីលធម៌ ព្រោះ​ថា សម័យ​ឥឡូវ រឿង​ទំនាក់ទំនង​រវាង​បុរស​និង​ស្ត្រី វា​មិន​មែន​សម្រេច​លើ​ឪពុក​ម្ដាយ​ទេ គឺ​សម្រេច​លើ​សាមី​ខ្លួន​គេ»

បណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់​ថា យុទ្ធនាការ​ក្ដៅ​របស់​អាជ្ញាធរ​មក​លើ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ដូចជា​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) ការដាក់​គំនាប​ឲ្យ​កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេលី (The Cambodia Daily) បង់ពន្ធ​ជាង​ ៦​លាន​ដុល្លារ បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ឈប់​ឲ្យ​ដំណើរ​ការ គឺ​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ព្យាយាម​ដាក់​សហរដ្ឋអាមេរិក ឲ្យ​នៅ​ឆ្ងាយ​ពីស​ង្វៀន​នយោបាយ​កម្ពុជា ខណៈ​ការបោះឆ្នោត​ដែល​ស្ទើរ​គ្រប់​គ្នា​កំពុង​ទន្ទឹង​ចាំ​មើល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៨៖ «ខ្ញុំ​ឃើញ​ដូចជា​មាន​រូបរាង​ច្បាស់ ត្រង់​ដែល​រដ្ឋាភិបាល​ហ្នឹង​ចង់​ជម្រះ​ការ​ពាក់ព័ន្ធ​រវាង​អាមេរិក​ និង​ខ្មែរ​យើង ជាពិសេស​ឥទ្ធិពល​របស់​អាមេរិក មក​លើ​នយោបាយ​ប្រទេស​កម្ពុជា»

អ្នក​វិភាគ​រូប​នេះ​ប្រមើល​មើល​ថា ទិសដៅ​បន្ទាប់​ដែល​អាជ្ញាធរ​នឹង​ចាត់​វិធានការ គឺ​ទីភ្នាក់ងារ​របស់​សហរដ្ឋអាមេរិក ដែល​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា៕

211498Sok-Esan-17-6-2016