
ទំព័រកាសែតកោះសន្តិភាព ចុះផ្សាយអំពីបទល្មើសរបស់ជនជាតិ យួន ចូលមកនេសាទ នៅដែនទឹកខ្មែរ ខុសច្បាប់ ជាហូរហែរ ដែលកកន្លងទៅ គ្មានការបង្ក្រាបជាក់លាក់ពីមន្ត្រីសមត្ថកិច្ចខ្មែរ។ ប៉ុន្តែលើកនេះ អាជ្ញាធរខ្មែរ បង្ក្រាបជាទ្រង់ទ្រាយធំ ដែលនាំឲ្យមានការចាប់អារម្មណ៍ និងការលើកទឹកចិត្ត ពីសំណាក់ពលរដ្ឋខ្មែរផង។
………………….
ដឹងបន្ថែម ករណីបាញ់រះអស់ ២៧គ្រាប់ កក្រើកលើដងទន្លេមេគង្គក្រោម
(កាសែតកោះសន្តិភាព /ដោយ សុំ ពៅពិសិដ្ឋ / ០១ កក្កដា ២០១៩)
ខេត្តព្រៃវែង៖ បច្ចុប្បន្ននេះ ទូកប្រព្រឹត្តបទល្មើសទាំង ៣ គ្រឿង ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយភ្លោះ ។ រីឯជនល្មើសដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ ចំណែកជនល្មើស ៥ នាក់ផ្សេងទៀត សមត្ថកិច្ចបានប្រគល់ទៅឱ្យមន្ត្រីជំនាញជលផល ចាត់ការបន្តទៅតាមនីតិវិធី ដើម្បីឱ្យរាងចាល កុំឱ្យព្រហើនកោងកាចដាក់ខ្មែរទៀត ។
សូមបញ្ជាក់ថា សំឡេងគ្រាប់កាំភ្លើង បានផ្ទុះឡើងកក្រើកបន្តបន្ទាប់គ្នា រហូតដល់ទៅ ២៧ គ្រាប់ ខណៈដែលកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការបង្ក្រាបជនជាតិ វៀតណាម ១ ក្រុម ដែលកំពុងធ្វើសកម្មភាពអូសទូកកាវ ភ្ជាប់ដុំឆក់ត្រជាក់ នៅក្នុងទន្លេមេគង្គក្រោម ក្នុងភូមិសាស្ត្រ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២៨ មិថុនា ។ ការបង្ក្រាដ៏ធ្ងន់ដៃ មិនធ្លាប់មាននេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីគ្រប់មជ្ឈដ្ឋាន ។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងដងទន្លេមេគង្គនេះ ធ្វើឡើងដោយកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តព្រៃវែង សហការជាមួយកម្លាំងអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំស្វាយភ្លោះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ បានប្តឹងថា មានទូកកាវជាច្រើនគ្រឿងរបស់ ជនជាតិវៀតណាម បានចេញធ្វើសកម្មភាព អូសកាវ ភ្ជាប់ដុំឆក់ត្រជាក់ នៅក្នុងទន្លេស្ទើររាល់យប់ បណ្តាលឱ្យទាក់ដាច់សន្ទូច មង របស់ពួកគាត់អស់ជាច្រើន និងធ្វើឱ្យប៉ះពាល់ដល់មុខរបរនេសាទ ជាលក្ខណៈគ្រួសាររបស់ពួកគាត់ផងដែរ ។
លោក គឹម សារួត ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រៃវែង បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ទើបលោកស្នងការខេត្ត បញ្ជាឱ្យកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្តចេញប្រតិបត្តិការ ដោយស្នើសុំកម្លាំងសហការពីអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃដាក់កម្លាំងតាមឃ្លាំមើល រហូតឈានដល់ការចុះបង្ក្រាបបទល្មើសជាក់ស្តែងតែម្តង ដោយប្រើកម្លាំងជាង១០នាក់ និងអូប័រចំនួន២គ្រឿង។
លោក គឹម សារួត បានបន្តថា ពេលចុះបង្ក្រាបនោះកំលាំងសមត្ថកិច្ច បានប្រទះឃើញទូកនេសាទខុសច្បាប់ជាច្រើនគ្រឿង ប៉ុន្តែនៅពេលឃើញកម្លាំងសមត្ថកិច្ច ក្រុមជនល្មើសទាំងនោះបានព្យាយាមតដៃជាមួយសមត្ថកិច្ច ដោយបើកទូកបំបុកអូប័ររបស់សមត្ថកិច្ច និងប្រើកាំបិត ពូថៅបម្រុងកាប់សមត្ថកិច្ចទៀត ទើបសមត្ថកិច្ចបង្ខំចិត្តប្រើសិទ្ធិការពារខ្លួនដោយបាញ់គំរាមជាច្រើនគ្រាប់បណ្តាលឱ្យត្រូវជនល្មើសម្នាក់ឈ្មោះ ង្វៀង យ៉ាំងអ៊ុក ត្រង់ជើងស្តាំបៀមគ្រាប់ជាប់ជើង ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យខេត្តព្រៃវែង និងចាប់បានជនល្មើសជាជនជាតិវៀតណាមចំនួន៥នាក់ទៀត រួមជាមួយទូកប្រព្រឹត្តបទល្មើសចំនួន៣គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្រុមជនជាតិវៀតណាមទាំងនោះ មានចរិតកាចសាហាវណាស់ មិនខ្លាចញញើតសមត្ថកិច្ចឡើយ បើត្រឹមសមត្ថកិច្ចនៅថ្នាក់ឃុំ ឬស្រុកនោះ ហើយកាលពីជាងកន្លះឆ្នាំមុន ក្រុមជនល្មើសទាំងនេះ ធ្លាប់បានបើកទូកបំបុកទូកសមត្ថកិច្ច បណ្តាលអោយមន្ត្រីជលផលម្នាក់ ស្លាប់បាត់បង់ជីវិត ហើយរហូតមកដល់ពេលនេះ នៅចាប់ជនល្មើសមិនទាន់បាននៅឡើយទេ ដោយសារវាគេចទៅប្រទេសវៀតណាមវិញ ។ (សម្រួលដោយ៖ ស្រីណា)