នេះជាអត្ថបទរបស់លោក ប៉ាង សុខឿន (ហ្វេសប៊ុក សុវណ្ណភូមិ ខ្មែរ) ថ្ងៃទី២២ សីហា ២០១៧។ លោក សុខឿន អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ជំនាន់ទី៣ បន្ទាប់ពីលោក សារ៉ូ ស៊ីវត្ថា និង លោក អ៊ុំ សំអាន។ ក្រៅពីនេះលោក ជាអតីតសាស្ត្រាចារ្យ នៅសាកលវិទ្យាឯកជនមួយ ក្នុងក្រុងភ្នំពេញ កាលពីមុនឆ្នាំ២០០៥។ លោក ក៏ជាក្រុមការងារ នៃគណៈកម្មាធិការព្រំដែនខ្មែរ ជាមួយលោក ស៊ាន ប៉េងសែ និងលោក ឌី ការេត ផងដែរ។ សព្វថ្ងៃ លោករស់នៅប្រទេស ស៊ុយអែត ក្រោយេពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់រដ្ឋាភិបាល ហ៊ុន សែន កាលពីឆ្នាំ២០០៥ ក្នុងរឿង ព្រំដែនខ្មែរ-យួន និង សិទ្ធិមនុស្ស។ ខាងក្រោមនេះ គឺជាអត្ថបទទាំងស្រុង៖
ផ្តាំមក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា និង ហ៊ុន សែន នាយករដ្ឋមន្រ្តី៖ ផែនទីពិត ឬមិនពិត មិនអាចបំភ្លៃបានទេ ពេលយើងបានពិនិត្យផ្ទាល់ !
សំនួរ៖ ការដែល សុខ ទូច និយាយថា៖ «ពេលទំលាក់ផែនទីំមក ទើបដឹងថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា យកដីវៀតណាមនៅ» តើផែនទី ដែល សុខ ទូច បានទំលាក់មកនោះ ជាផែនទីប្រភេទអ្វី ? វាមានលេខកូដប៉ុន្មាន ? បោះពុម្ភឆ្នាំណា ? អ្នកណាជាអ្នកបោះពុម្ភ ? ឬផែនទី យួន បោះពុម្ភ អមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដូចដែល វ៉ា គឹមហុង និយាយកាលពីខែ កក្កដា ២០១៥ ?
…………………..
ជនរួមឈាមជាទីគោរព!
ផែនទីសម្តេចតា នរោត្ត សីហនុ យកទៅតម្កល់ទុកនៅ UN ឆ្នាំ១៩៦៤ ដែលធ្វើឲ្យអន្តរជាតិ ទទួលស្គាល់បូរណភាពទឹកដីខ្មែរ គឺជាផែនទី Bonne ខ្នាត ១/១០០.០០០ មានចំនួន ២៦ ផ្ទាំង បោះពុម្ភពីចន្លោះឆ្នាំ ១៩៣៣ – ១៩៥៣។ ក្នុងនោះមាន៖ ៤ ផ្ទាំងសម្រាប់ខេត្តរតនគិរី, ៧ ផ្ទាំងសម្រាប់ខេត្តមណ្ឌលគិរី, ១ ផ្ទាំងសម្រាប់ខេត្តក្រចេះ, ១ ផ្ទាំងសម្រាប់ខេត្តក្រចេះ-កំពង់ចាម, ៣ ផ្ទាំងសម្រាប់ខេត្តកំពង់ចាម, ៣ ផ្ទាំងសម្រាប់ខេត្តស្វាយរៀង, ១ ផ្ទាំងសម្រាប់ខេត្តព្រៃវែង, ១ ផ្ទាំងសម្រាប់ខេត្តព្រៃវែង-កណ្តាល, ១ ផ្ទាំងខេត្តស្វាយរៀង-ព្រៃវែង, ១ ផ្ទាំងសម្រាប់ខេត្តកណ្តាល-តាកេវ, ១ ផ្ទាំងសម្រាប់ខេត្តតាកែវ, ១ ផ្ទាំងសម្រាប់ខេត្តតាកែវ-កំពត, ១ ផ្ទាំងសម្រាប់ខេត្តកំពត។
ចំណែកយួនវិញ៖ យួន ក៏បានយកផែនទីទៅតម្កល់ទុកនៅ UN ថ្ងៃទី២៦ តុលា ១៩៨៥ ផងដែរ ដើម្បីឲ្យអន្តរជាតិ ទទួលស្គាល់ព្រំដែនយួន-ខ្មែរថ្មី ដោយភ្ជាប់ជាមួយនូវសន្ធិសញ្ញាកំណត់ព្រំដែនថ្មី កម្ពុជា-យួន ឆ្នាំ ១៩៨៥ រួមមានផែនទី ២ ប្រភេទ គឺ៖
១). ប្រភេទ UTM ១/៥០.០០០ មានចំនួន ៤០ ផ្ទាំង (បោះពុម្ភចន្លោះ ឆ្នាំ ១៩៦៦-១៩៧១ ជាផែនទីសង្រ្គាម ភាគច្រើន គូសតាមទីតាំងយួនយៀកកុង ក្នុងដីខ្មែរ) និង អាចជាផែនទីរដ្ឋាភិបាល កំពុងប្រើសព្វថ្ងៃភាគច្រើន។
២). ផែនទី SGI ១/១០០.០០០ ចំនួន ២៦ ផ្ទាំង (បោះពុម្ភចន្លោះឆ្នាំ ១៩៥១ – ១៩៥៥ ដែលមិនមែនជាផែនទី សម្តេចតា យកទៅតម្កល់ទុកនៅ UN)។ ផែនទី ទាំងពីរប្រភេទនេះ UN បានទទួលស្គាល់ តាមភាគី យួន ដែរ ព្រោះភាគីខ្មែរ ក្នុងរបប ហ៊ុន សែន ក៏យល់ព្រមដែរ តាមសន្ធិសញ្ញាកំណត់ព្រំដែនថ្មី ឆ្នាំ១៩៨៥។
បញ្ជាក់៖ ផែនទី ២៦ ផ្ទាំងដែល យួន យកទៅទុក នៅ UN នេះហើយ និង មាននៅបណ្ណាល័យផែនទីបារាំង ផងដែរ ដែលខ្មែរជាច្រើន តែងច្រឡំថា ជាផែនទីរបស់ សម្តេចតា យកទៅតម្កល់ទុកនៅ UN នោះ។ ម្យ៉ាងទៀត ផែនទីដែល UN យកមកឲ្យខ្មែរខ្ចី ១៨ ផ្ទាំង តាមសំណើ ហ៊ុន សែន មិនមែនជាផែនទី របស់សម្តេចតា យកទៅតម្កល់ទុក ឆ្នាំ ១៩៦៤ ទេ។ តើវាអាចជាផែនទីប្រភេទទី២ ដែល យួន យកទៅតម្កល់ទុក កាលពីថ្ងៃទី ២៦ តុលា ១៩៨៥ ដែរទេ ? ពីព្រោះផែនទី ដែល UN យកមកនោះ ក៏ជាផែនទីអាមេរិកកាំង បោះពុម្ភដែរ។
ពេលនេះ មិនអាចបន្លំយើងបានទេ ពីព្រោះលេខកូដ របស់ផែនទីទាំងអស់ មិនដូចគ្នាឡើយ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន, ទេសរដ្ឋមន្រ្តី វ៉ា គីមហុង និង សុខ ទូច អាចបន្លំអ្នកផ្សេងបាន ប៉ុន្តែមិនអាចបន្លំយើងបានជាដាច់ខាត នៅពេលដែលយើង បានពិនិត្យផែនទី ដោយផ្ទាល់៕ (អត្ថបទបន្ថែមដោយ ម៉ែន ណាត)