VOA Khmer /ដោយ ទុំ ម្លិះ / 23-4-2019
ទោះបីជាឧក្រិដ្ឋជន ត្រូវបានកាត់ទោសរួចហើយក្តី សកម្មជនការពារព្រៃឈើ និងក្រុមគ្រួសាររបស់ លោក ឈុត វុទ្ធី នៅតែទទូចចង់បានយុត្តិធម៌ និងមិនព្រមទទួលស្គាល់ការកាត់ក្តីនោះឡើយ។
ភ្នំពេញ — រយៈពេល ៧ ឆ្នាំ ក្រោយពីលោក ឈុត វុទ្ធី ដែលត្រូវបានគេចាត់ទុកថា ជាវីរៈជនការពារព្រៃឈើ ត្រូវបានបាញ់សម្លាប់ ក្រុមគ្រួសាររបស់លោក រួមទាំងសកម្មជនការពារព្រៃឈើផ្សេងទៀត នៅតែមិនទទួលស្គាល់ ការកាត់ទោសរបស់តុលាការកម្ពុជា កាលពីឆ្នាំ២០១២ និងទទូចសុំឲ្យរដ្ឋាភិបាល ស្វែងរកឃាតករពិតប្រាកដ។
«ខ្ញុំគិតថារឿងលោក ឈុត វុទ្ធី គឺជាការស្លាប់ដោយអយុត្តិធម៌ ដោយមិនមានការផ្តន្ទាទោសទៅលើ មិនមានការវិនិច្ឆ័យទោស ឬក៏រកខុសត្រូវ ទៅដល់ក្រុមគ្រួសារ សម្រាប់លោក ឈុត វុទ្ធី ទេ»។ នេះបើតាមការលើកឡើងរបស់ លោក ហឿន សុភាព សកម្មជននៃបណ្តាញការពារព្រៃឡង់ ប្រចាំខេត្តកំពង់ធំ និងជាអ្នកជិតស្និតម្នាក់ ជាមួយលោក ឈុត វុទ្ធី។
លោក ឈុត វុទ្ធី ដែលជាអ្នកស្រឡាញ់ និងការពារបរិស្ថានដ៏លេចធ្លោរមួយរូបរបស់កម្ពុជា ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១២ កន្លងទៅ ពេលដែលលោកធ្វើដំណើរចុះទៅស៊ើបអង្កេត និងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញ ជាមួយអ្នកសារព័ត៌មានពីររូប របស់ការសែត The Cambodia Daily ។
បើតាមរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នា រឿងដែលកងកម្លាំងចងរឹបអូសអង្គចងចាំ នៃកាមេរ៉ាដែលក្រុមលោក បានថតនៅឯទីតាំងរបស់ ក្រុមហ៊ុន Timber Green *{ជាក្រុមហ៊ុនរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន} ដែលទទួលការអនុញ្ញាត ឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង សម្រាប់ការសាងសង់ទំនប់វារីអគ្គីសនីឫស្សីជ្រុំ ភាគខាងជើង ខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏បានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ។ អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញសន្និដ្ឋានចុងក្រោយថាសន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថ អ៊ិន រតនា រហូតរាលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះ រ៉ាន់ បូរ័ត្ន ពីបទ«មនុស្សឃាតដោយអចេតនា» មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ២០១២មក។
លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសច្បងនៃសពលោក ឈុត វុទ្ធី បាននិយាយថា លោកអស់សង្ឃឹមជាមួយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកឃាតករដែលនៅពីក្រោយការបាញ់សម្លាប់ឪពុករបស់លោកនេះហើយ។លោកបាននិយាយប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃអង្គារនេះថា៖ «ខ្ញុំគិតថា រយៈពេលប្រាំពីរឆ្នាំហើយ ខ្ញុំអត់ទាន់ទទួលបានយុត្តិធម៌ទេ ហើយខ្ញុំព្យាយាមដើម្បីឲ្យរាជរដ្ឋាភិបាលហ្នឹងស្វែងរកយុត្តិធម៌ រកឃាតករពិត អ្នកបញ្ជាពិតពីក្រោយខ្នងប៉ុន្តែនៅតែរកមិនឃើញ។ អ៊ីចឹងហើយខ្ញុំដូចជាមិនមានសង្ឃឹមទៅលើចំណាត់ការរដ្ឋាភិបាលទេ។ ខ្ញុំសង្ឃឹមថា អន្តរជាតិនឹងផ្តល់យុត្តិធម៌ឲ្យពួកខ្ញុំហើយខ្ញុំសង្ឃឹមថាបើពេលខាងមុខយើងមានការផ្លាស់ប្តូររដ្ឋាភិបាលថ្មី ខ្ញុំសង្ឃឹមនឹងអាចរកឃើញឃាតករដែលសម្លាប់ ឪពុកខ្ញុំបាន»។
ក្នុងរយៈពេលប្រាំពីរឆ្នាំ តាំងពីវីរៈជនការពារព្រៃឈើរូបនេះទទួលមរណភាព លោក ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសច្បងនិងជាប្រធានអង្គការការពារធនធានធម្មជាតិ តែងតែបង្ហោះសាររំឭកដល់សកម្មភាពការពារព្រៃឈើរបស់លោក ឈុត វុទ្ធី កាលពីលោកនៅមានជីវិត។
ពិធីបុណ្យគម្រប់ខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់នៅទីតាំងកន្លែងបញ្ចុះសពលោក ឈុត វុទ្ធី ដែលមានទីតាំងនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ នេះបើយោងតាមសារដែលត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កូនប្រុសលោក ឈុត វុទ្ធី កាលពីព្រឹកថ្ងៃអង្គារនេះ។
សកម្មជននៃបណ្តាញសហគមន៍ព្រៃឡង់ លោក ហឿន សុភាព បានប្រាប់ VOA ថាក្រុមរបស់លោកដែលនៅក្នុងខេត្តកំពង់ធំនឹងគ្រោងទៅចូលរួមពិធីបុណ្យគម្រប់ខួប៧ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសានេះ។
លោកបានបង្ហាញការសោកស្តាយចំពោះការស្លាប់របស់ ឈុត វុទ្ធី ដែលតែងតែមកសម្រាកនៅផ្ទះរបស់លោកក្នុងខេត្តកំពង់ធំ រៀងរាល់ពេលដែលលោកចុះល្បាតព្រៃឡង់។ លោកថា កម្ពុជាបានបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ ហើយព្រៃឈើនៅកម្ពុជាបាត់បង់កាន់ច្រើនឡើង បន្ទាប់ពីលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ដោយសារតែនេះជាការគំរាមកំហែងមួយដល់សកម្មជនការពារព្រៃដទៃ។
លោកបាននិយាយថា៖ «រហូតមកយើងឃើញថា តាំងពីលោក ឈុត វុទ្ធី ស្លាប់មក គឺព្រៃឈើដូចជាមានការថយចុះមែនទែន ដោយសារតែមនុស្សមួយចំនួនឬក៏សមត្ថកិច្ចមួយចំនួន ឬក៏អាជ្ញាធរ ឬក៏ស្ថាប័នមួយចំនួន មានការរាថយដោយសារខ្លាចក្នុងការបាញ់សម្លាប់ដូចលោក ឈុត វុទ្ធី។ ខ្ញុំគិតថាការស្លាប់របស់លោក ឈុត វុទ្ធី នេះជាការបាត់បង់មនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា»។
VOA មិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានគឺលោក នេត្រ ភក្រ្តា ដែលជាអ្នកនាំពាក្យនិងលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឡើយនៅថ្ងៃអង្គារនេះ។
ទោះយ៉ាងណាក៏ដោយ លោក ឈុត វុទ្ធី មិនមែនជាជនរងគ្រោះតែម្នាក់ពីការវាយប្រហាររបស់ជនល្មើសកាប់ព្រៃខុសច្បាប់នោះឡើយ សកម្មជនការពារព្រៃឈើឯទៀតៗ រួមទាំង មន្ត្រីឧទ្យានុរក្សតែងតែត្រូវបានគំរាមកំហែងដល់អាយុជីវិតក្នុងពេលបំពេញការងារ។ តួយ៉ាង ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សម្នាក់ត្រូវជនល្មើសកាប់ឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងចុះល្បាត កាលពីខែមីនា ឆ្នាំ២០១៩ នៅតំបន់អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើយោងតាមការផ្សាយរបស់គណនីហ្វេសប៊ុក Chut Wutty Son Hot News។
ក្រុមជនល្មើសកាប់ឈើខុសច្បាប់នៅតែបន្តគំរាមកំហែង ដល់អាយុជីវិតសកម្មជននិងមន្រ្តីដែលព្យាយាមការពារព្រៃឈើ។ ក្រុមសកម្មជនការពារព្រៃឈើ សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្របន្ថែមទៀត រួមទាំងស្វែងរកយុត្តិធម៌ពិតប្រាកដមួយជូនដល់វីរៈជនការពារព្រៃឈើដែលត្រូវបានឃាតករសម្លាប់នានា៕