21427368_2010695109165320_7055090814070649128_o

ថ្ងៃសៅរិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ ពលរដ្ឋខ្មែរនៅជុំវិញពិភពលោក នៅអឺរ៉ុប អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា និង កូរ៉េខាងត្បូង ធ្វើមហាបាតុកម្ម ដោយឡែកពីគ្នា លើប្រធានបទ «ទាមទារដោះលែងលោក កឹម សុខា, បើកទូលាយលំហរសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»។


ពលរដ្ឋខ្មែរនៅអឺរ៉ុប បាតុកម្មទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា

(09-9-2017, អត្ថបទដោយ ម៉ែន ណាត)
ពលរដ្ឋខ្មែរនៅអឺរ៉ុប ប្រមាណ ៤០០ នាក់ ជួបជុំគ្នាក្រោមភ្លៀង ក្រោមខ្យល់ នៅទីលានសេរីភាព ទីក្រុង​ប៉ារីស ប្រទេសបារាំង ធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងជាសមាជិរដ្ឋសភា ដោយគ្មានលក្ខខណ្ឌ ហើយទាមទារឲ្យមានការបើកសិទ្ធិទូលាយឡើងវិញ នូវសេរីភាពបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន នៅកម្ពុជា ដើម្បីធានាប្រក្រតីភាព ក្នុងដំណើរការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨

ក្នុងសកម្មភាពចលនាបាតុកម្មនេះ មានចូលរួមចម្រុះដោយអង្គការ សមាគម និងសកម្មជនគណបក្សប្រឆាំង ដែលអមដោយសុន្ទរកថារបស់តំណាងពួកគេ, មានលើកទង់ជាតិខ្មែរ និង មានបដា ដែលសរសេរជាភាសាបារាំង ខ្មែរ និង អង់គ្លេសថា៖ «ដោះលែង កឹម សុខា»។ «កម្ពុជា ត្រូវការសភាពអឺរ៉ុប ជួយអន្តរាគមន៍ជាបន្ទាន់»។ «ដោះលែងអ្នកទោសមនសិការ»។ «ហ៊ុន សែន ផ្តាច់ការ»។ «រដ្ឋាភិបាល ហ៊ុន សែន ត្រូវគោរពកិច្ចព្រមព្រៀង​ក្រុងប៉ារីស ១៩៩១» ជាដើម។ល។

ក្រុមបាតុករ អំពាវនាវដល់រដ្ឋាភិបាលបារាំង ជាសហប្រធានហត្ថលេខី នៃកិច្ចព្រមព្រមព្រៀងក្រុងប៉ារីស ១៩៩១ ហើយនិងសភាពអឺរ៉ុប ត្រូវពិនិត្យឡើងវិញ ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ការបំបិទសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ជាពិសេសត្រូវធ្វើយ៉ាងណា ជួយអន្តរាគមន៍ ដើម្បីដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។

ដោយឡែកនៅថ្ងៃនេះដែរ បងប្អូនខ្មែរនៅ អាល្លឺម៉ង់ ​ក៏រៀបចំបាតុកម្ម ដូចប្រធានបទខាងលើ ដោយពួកគេជួបជុំគ្នានៅ ទីក្រុងប៊ែឡាំង ជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ដាក់សម្ពាធ ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីដោះលែងលោក កឹម សុខា។

ក្រុមបាករ បានប្រកាសបន្តធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៧ ម្តទៀត ដែលនឹងទៅជួបជុំគ្នា នៅខាងមុខទីស្នាក់ការ សហភាពអឺរ៉ុប មានមូលដ្ឋាននៅប្រទេស បែលហ្ស៊ិក ផង។

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ខ្លួន ដោយគ្មានដីកាពីតុលាការអ្វីទាំងអស់ កាលពីយប់រំលងអាធ្រាត ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេលអភ័យឯកសិទ្ធិជាសមាជិរដ្ឋសភា របស់លោក នៅមាននៅឡើយ។ ក្រុមអ្នកច្បាប់ឯករាជ្យ អ្នកឃ្លាំមើល និងសហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និងសហភាអឺរ៉ុប បានហៅការចាប់ខ្លួននោះថា «ជាការរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ និង បំពាននីតិរដ្ឋបាល (ខុសម៉ោងរដ្ឋបាល)»។ លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង (ព្រំប្រទល់យួន) ខេត្តត្បូងឃ្មុំ៕

 

.