ក្រោយពីរដ្ឋាភិបាល ហ៊ុន សែន, រដ្ឋសភារបស់ នរោត្តម រណប្ញទ្ធិ និងព្រះមហាក្សត្រ នរោត្តម សីហមុនី បានផ្តល់សច្ចាប័ន សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយវៀតណាមនោះមក នោះរដ្ឋាភិបាលទាំង ២ បានសម្រេចបោះបង្គោលព្រំដែនថ្មីឡើងវិញ ដែលធ្វើឲ្យដីស្រែចំការរបស់ពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-យួន បាត់បង់ជាបន្តបន្ទាប់ ទៅខាងវៀតណាម។ (អត្ថបទបន្ថែមដោយ ម៉ែន ណាត)
(RFA Khmer ដោយ វ៉ែន សុមេធ, 18-12-2017)
ពលរដ្ឋរស់នៅក្បែរព្រំដែន កម្ពុជា-វៀតណាម ក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខែត្រស្វាយរៀង ភ័យព្រួយរឿងសុវត្ថិភាព នៅគ្រាដែលអាជ្ញាធរ វៀតណាម និងសមត្ថកិច្ចរបស់កម្ពុជា បានជូនដំណឹងឲ្យពួកគាត់រុះរើផ្ទះសម្បែងដោយបង្ខំ ដោយលើកហេតុផលថា លំនៅឋានដែលពួកគាត់កំពុងរស់នៅកៀកព្រំដែន។
ពលរដ្ឋមួយគ្រួសាររស់នៅ ឃុំថ្នាធ្ងង់ ស្រុករំដួល ខែត្រស្វាយរៀង ចាត់ទុកការបង្ខំឲ្យពួកគាត់ ឲ្យរុះរើលំនៅឋាន របស់អាជ្ញាធរវៀតណាម និងអាជ្ញាធរខ្មែរ គឺទង្វើខុសច្បាប់។
ពលរដ្ឋរស់នៅក្បែរព្រំដែន កម្ពុជា-វៀតណាម នៃឃុំថ្នាធ្នង់ ស្រុករំដួល ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងថា អាជ្ញាធរវៀតណាម បានបញ្ជាឲ្យអាជ្ញាធរខ្មែរ ជូនដំណឹងទៅពលរដ្ឋមួយគ្រួសារ ឲ្យរុះរើលំនៅឋានចេញជាបន្ទាន់ ដោយសំអាងថា លំនៅឋាននោះក្បែរ “តំបន់.ស”។ លោកថា ផ្ទះពលរដ្ឋក្រីក្រីមួយគ្រួសារ ដែលអាជ្ញាធរវៀតណាម បង្គាប់ឲ្យរុះរើនោះមានទំហំ ទទឹង ៣ ម៉ែត្រ បណ្ដោយ ៤ ម៉ែត្រ ទើបសាងសង់បានជាង ២ ខែ ឋិតនៅឆ្ងាយពីអ័ក្សព្រំដែន ជាង ៣០០ រយម៉ែត្រ។ លោកបន្ថែមថា ពលរដ្ឋមួយគ្រួសារនោះ កំពុងបារម្ភថា គ្មានផ្ទះសម្បែងរស់នៅ នៅគ្រាដែលអាជ្ញាធរបណ្ដេញចេញដោយបង្ខំ ពីដីដែលដូនតាចែកឲ្យ៖ «គេដោះជញ្ជាំងចេញអស់ហើយ នៅសល់តែឈើ និងដំបូល ហើយគាត់ថា យប់នេះមិនដឹងដេកនៅណាទេ។ ខ្ញុំយល់ថា គាត់សាងសង់ត្រឹមត្រូវហើយ គឺសាងសង់លើដីខ្មែរ»។
កាលពីព្រឹកថ្ងៃទី១៧ ធ្នូ អាជ្ញាធរវៀតណាម បានជូនដំណឹងឲ្យអាជ្ញាធរកម្ពុជា ផ្តល់ព័ត៌មានទៅពលរដ្ឋខ្មែរមួយគ្រួសារ ឈ្មោះ យោក នី ត្រូវប្រញាប់រុះរើលំនៅឋាន ឋិតនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។
មេប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់ លោក អ៊ុយ សុវណ្ណារិទ្ធិ បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់ អាស៊ីសេរី ដោយលោកចុះផ្ដាច់ទូរស័ព្ទ។
ចំណែកមេឃុំថ្នាធ្នង់ លោក គឹម ញ៉ាញ់ ឲ្យដឹងថា អាជ្ញាធរឃុំ ពុំទាន់ទទួលដំណឹងនេះនៅឡើយទេ តែយ៉ាងណាលោកថា អាជ្ញាធរមូលដ្ឋាន នឹងចុះស៊ើបអង្កេតរឿងនេះ នៅពេលឆាប់ៗនេះ៖ «ចាំមើលខ្ញុំជួបសិន តើមូលហេតុអីបានឲ្យរុះរើបញ្ហាហ្នឹង។ ចាំខ្ញុំមើលសិន»។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា សមត្ថកិច្ចខ្មែរ និងវៀតណាម គ្មានសិទ្ធិបង្គាប់ឲ្យពលរដ្ឋខ្មែរ រុះរើលំនៅឋានចេញពីដី ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋនោះទេ ហើយកាតព្វកិច្ចដោះស្រាយរឿងនេះ ជាសមត្ថកិច្ចរបស់ស្ថាប័នអយ្យការ និងតុលាការ។ លោកបន្ថែមថា អាជ្ញាធរវៀតណាម គ្មានសិទ្ធិបង្គាប់ឲ្យសមត្ថកិច្ចខ្មែរ រុះរើលំនៅឋានពលរដ្ឋរបស់ខ្លួន ព្រោះជាដែនអធិបតេយ្យកម្ពុជា៖ «អាជ្ញាធរព្រំដែនជាតិ សុំពិនិត្យរឿងនេះឲ្យច្បាស់ បើផ្ទះហ្នឹងលើដីកម្ពុជា ជារឿងមួយមិនសមហេតុផល ព្រោះផ្ទះហ្នឹងឋិតនៅតំបន់ព្រំដែន តំបន់អភិវឌ្ឍន៍អ៊ីចឹង»។
លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋខ្មែរទៅតាំងទីលំនៅក្បែរព្រំដែន គួរតែអាជ្ញាធរលើកទឹកចិត្ត ព្រោះវាជារបងការពារពីការរំលោភដែនអធិបតេយ្យពីប្រទេសជិតខាង។
នៅឃុំថ្នាធ្ងន់ គឺជាតំបន់ដែលពលរដ្ឋខ្មែរច្រើនគ្រួសារ ធ្លាប់ចោទអាជ្ញាធរវៀតណាមថា រំលោភដីស្រែចម្ការច្រើនហិកតារ ដោយបោះបង្គោលរំកិលចូលដីខ្មែរ។ កាលពីឆ្នាំ២០១៤ គណៈកម្មការកិច្ចការព្រំដែនកម្ពុជា និងអាជ្ញាធរវៀតណាម បានបោះបង្គោលព្រំដែនលេខ ១៤៧ និង ១៤៨ ឋិតនៅស្រុករំដួល ខែត្រស្វាយរៀង ក្នុងនោះមានពលរដ្ឋជិត ១០០ នាក់ បានលើកគ្នាមកតវ៉ារារាំង ប៉ុន្តែត្រូវបានហាមឃាត់ និងគំរាមកំហែង ពីអាជ្ញាធរខ្មែរ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ធ្លាប់លើកឡើងថា បញ្ហារណបវៀតណាម អាចធ្វើឲ្យវៀតណាម រំលោភយកដីបានតាមចិត្ត ហើយពលរដ្ឋខ្មែរ នៅតែរងគ្រោះជាបន្ត៕