(អត្ថបទដោយ ហេង រស្មី វិទ្យុអាស៊ីសេរី RFA Khmer /15-10-2019)
ពលរដ្ឋរស់នៅតាមព្រំដែន គ្មានជំនឿថា គណៈកម្មាធិការព្រំដែនកម្ពុជា {របស់លោក វ៉ា គឹមហុង} មានឆន្ទៈដោះស្រាយបញ្ហាជូនពួកគាត់នោះទេ ទោះបីជាពួកគាត់ រាយការណ៍ពីរឿងបាត់ដីតាមព្រំដែនក្តី។ ការលើកឡើងនេះ បន្ទាប់ពីប្រធាន គណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ថ្លែងកាលពីពេលថ្មីៗ នេះថា ប្រសិនបើរដ្ឋណាម្នាក់ បាត់ដី ឬរកឃើញថា មានភាពមិនប្រក្រតី តាមព្រំដែន សូមរាយការណ៍ជូនលោក ដើម្បីដោះស្រាយជូនភ្លាមៗ។
ពលរដ្ឋ និងអ្នកស្រាវជ្រាវរឿងព្រំដែន ចាត់ទុកសម្ដីរបស់មន្ត្រីជំនាញកិច្ចការព្រំដែន {វ៉ា គឹមហុង} របស់របបក្រុងភ្នំពេញថា និយាយឲ្យតែរួចពីមាត់ ពីព្រោះកន្លងមក ពួកគាត់ធ្លាប់រាយការណ៍ពីរឿង ព្រំដែន ជាហូរហែ ប៉ុន្តែគ្មានដំណោះស្រាយនោះទេ ផ្ទុយទៅវិញមានតែការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពួកគាត់ ថែមទៀត។
ពលរដ្ឋម្នាក់ រស់នៅក្រុងបាវិត ជិតព្រំដែនកម្ពុជា-វៀតណាម ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព និយាយថា តាំងពីដើមមក រដ្ឋាភិបាលកម្ពុជា មិនសូវយកចិត្តទុកដាក់ពីក្ដីកង្វល់របស់ពលរដ្ឋ នៅតាមព្រំដែនទេ។ លោក កត់សម្គាល់ថា ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង មានភាពមិនប្រក្រតីជាច្រើនកើតឡើង ដូចជាពលរដ្ឋ បាត់បង់ដីស្រែកេរ្តិ៍ដូនតា ជាដើម ប៉ុន្តែសំឡេងខ្សឹកខ្សួល សុំឲ្យរដ្ឋាភិបាល ជួយទាំងនោះ មិនទទួលបានការដោះស្រាយឡើយ។ ពលរដ្ឋរូបនេះ ថ្លែងទៀតថា លោកកម្រឃើញមន្ត្រីជំនាញរដ្ឋាភិបាល ចុះស្រាវជ្រាវផ្ទាល់ តាមព្រំដែនណាស់ ប៉ុន្តែមន្ត្រីទាំងនោះ តែងស្រែកពីចម្ងាយថា មិនជឿសម្ដីពលរដ្ឋទេ ព្រមទាំងបំភិត បំភ័យ និងចោទប្រកាន់ពលរដ្ឋថា ជាក្រុមអគតិ ចង់បង្កចលាចលទៅវិញ។ គាត់មានប្រសាសន៍ថា «ខ្ញុំអត់សូវមានជំនឿចិត្តទេ ការដែលថា ឲ្យរាយការណ៍អីនេះ ព្រោះថា តាំងពីដើមមកពលរដ្ឋបាត់បង់ដីធ្លី ហើយគាត់ស្រែកទ្រហោយំ រឿងដីតាមព្រំដែននេះ ដូចជា កាលពីអតីតកាលដែលលោក សម រង្ស៊ី ទៅដល់បង្គោលតម្រុយព្រំដែន លេខ ១៨៥ កាលពេលយួន បោះចូលដីខ្មែរនោះ គឺយើង (រដ្ឋាភិបាល) មិនជួយខ្មែរគ្នាឯងទេ ហើយទាំងធ្វើទុក្ខបុកម្នេញម្ចាស់ដី ជាប់ព្រំដែន ទៀត។ អ៊ីចឹង យើងគ្មានជំនឿចិត្តទេ ថារដ្ឋាភិបាល នឹងដោះស្រាយជូនប្រជាពលរដ្ឋ»។
កាលពីឆ្នាំ ២០០៩ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានចុះទៅដកបង្គោលតម្រុយព្រំដែន កម្ពុជា-វៀតណាម លេខ ១៨៥ ចេញពីដីស្ រែរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោក សម រង្ស៊ី និងកសិករម្ចាស់ដី អះអាងថា បង្គោលតម្រុយនេះ បោះចូលដី ខ្មែរពី ៣០០ ម៉ែត្រទៅ ៥០០ មែត្រ។ ទោះជាយ៉ាងណា តុលាការរបបក្រុងភ្នំពេញ កាលនោះបែរជាផ្ដន្ទាទោស លោក សម រង្ស៊ី និងកសិករម្ចាស់ដី ២ នាក់ គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ទោវិញ។
លោក ព្រំ ជា អាយុជិត ៦០ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិកោះក្បានខាងជើង ឃុំសំរោង ឲ្យអាស៊ីសេរីដឹងថា ក្រោយពីលោក សម រង្ស៊ី ដកបង្គោលតម្រុយនោះចោល គឺលោក និងពលរដ្ឋផ្សេងទៀត នៅអាចធ្វើស្រែបាន គ្រាន់តែអាជ្ញាធរវៀតណាម ហាមមិនឲ្យប្រើត្រាក់ទ័រ ប្រភេទធំៗ ភ្ជួររាស់ស្រែនោះ។ លោក រៀបរាប់ថា នៅមុនការដកបង្គោលតម្រុយព្រំដែន នៅលើដីស្រែរបស់លោក ក្នុងឆ្នាំ ២០០៩ នោះ លោក បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន គ្មានដំណោះស្រាយនោះទេ និងតែងតែអះអាងថា រង់ចាំការដោះស្រាយពីអាជ្ញាធរថ្នាក់លើរហូត។ កសិកររូបនេះ បញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរវៀតណាម នៅតែចុះមើលទីតាំងដែល លោក សម រង្ស៊ី ដកបង្គោលតម្រុយនោះដដែល។ ចំណែកអាជ្ញាធរខ្មែរ មិនដែលចុះពិនិត្យមើល និងពន្យល់ពលរដ្ឋនោះទេ។ លោក ព្រំ ជា បារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា-វៀតណាម សម្រេចជាថ្មី បោះបង្គោល លើដីស្រែរបស់លោកដដែលនោះ នឹងធ្វើឲ្យលោកបាត់បង់ដីស្ រែប្រមាណ ៥ ហិកតារ និងដីស្រែប្រជាពលរដ្ឋខ្មែរជាច្រើនទៀត។ គាត់មានប្រសាសន៍ដូច្នេះថា «រាល់ថ្ងៃនេះ ឃើញតែភាគីវៀតណាម ចូលមកមើល រហូត តែខាងកម្ពុជាយើង មិនដែលចូលរួមជាគេទេ។ ខ្ញុំចង់និយាយថា សម្លក្ដៅគេយកដៃទៅកូរហើយ សម្លត្រជាក់គេយកដៃទៅកាន់។ខ្ញុំគិតថា ប្រសិនបើមិនមានលោកប្រធាន សម រង្ស៊ី មិនមកអន្តរាគមន៍ដកបង្គោលចេញទេ ប្រហែលជាគេធ្វើជាបង្គោលថ្មធំហើយ បាត់ហើយ។ លោក វ៉ា គឹមហុង គាត់និយាយធានា គឺខ្ញុំមិនជំទាស់ទេ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែសម្រាប់ខ្ញុំ ជាប្រជាពលរដ្ឋ គឺមានការ បារម្ភខ្លាចមិនបានដូចគាត់និយាយ។ ខ្ញុំនិយាយ ខ្ញុំសំអាងទៅលើការចុះពិនិត្យទីតាំងនេះ ទៅឃើញ តែគេ{យួន}មានប្រៀបជាងយើង។ គេមកបួនដប់នាក់ ហើយតែពីរនាក់បីនាក់អី ហើយពេលចប់ពីការងារ គឺខាងយើង ចូលចិត្តទៅស្រស់ស្រូបបាយទឹក នៅខាងគេ។ ខ្ញុំខ្លាចតែការដោះស្រាយនេះ មានមនោសញ្ចេតនា»។
ពលរដ្ឋរស់នៅតាមព្រំដែនរូបនេះ ឲ្យដឹងបន្តថា បង្គោលព្រំដែនចាស់ មិនមែនស្ថិតនៅលើដីស្រែលោក នោះទេ គឺស្ថិតនៅជ្រៅ ក្នុងទឹកដីវៀតណាម ប៉ុន្តែលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បោះបង្គោលតម្រុយព្រំដែន ចំកណ្ដាលវាលស្រែរបស់លោក។ លោកយល់ថា ជារឿងល្អប្រសិនបើលោក វ៉ា គឹមហុង គោរពពាក្យសន្យា និងមានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយ កុំឲ្យពលរដ្ឋតាមព្រំដែនបាត់បង់ទឹកដីពិតមែននោះ៖ «លោក វ៉ា គឹមហុងថា បើមានការបាត់បង់ការសង្ស័យ ឲ្យធ្វើពាក្យ បណ្ដឹង ឬប្រាប់អាជ្ញាធរ តែខ្ញុំមិនដឹងជាប្រាប់គាត់ម៉េច បើគាត់ថាអ៊ីចេះ ថាអ៊ីចុះ ខ្ញុំពិបាកណាស់។ និយាយទៅគេមិនយកចិត្តទុកដាក់យើងទេ»។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការបោះបង្គោលព្រំដែនកន្លងមក គឺកម្ពុជា មិនបានបាត់ដីមួយចំអាមឡើយ ហើយក៏មិនបានធ្វើឲ្យពលរដ្ឋណាម្នាក់ ស្រក់ទឹកភ្នែកទឹកសំបោរនោះដែរ ក្រោយរដ្ឋាភិបាល ដោះដូរដីជាមួយវៀតណាម ចំនួន ៣៤ តំបន់ តាមព្រំដែនដោយសន្តិវិធី។ លោក វ៉ា គឹមហុង បន្តថា ចាប់ពីពេលនេះ ប្រសិនបើប្រជាពលរដ្ឋណា មានបញ្ហាបាត់ដីធ្លីនៅកន្លែងណាមួយ ឬរកឃើញភាព មិនប្រក្រតីតាមតំបន់ព្រំដែននោះ ពួកគេអាចរាយការណ៍ប្រាប់គណៈកម្មការព្រំដែនកម្ពុជា ដើម្បីដោះស្រាយជូនភ្លាមៗ។ លោក វ៉ា គឹមហុង និយាយដូច្នេះថា «ជាទូទៅ យើងមានយន្តការដើម្បីការពារ មិនឲ្យប្រជាពលរដ្ឋខ្មែរ មានទុក្ខវេទនា ដោយសារការបោះបង្គោលព្រំដែនទេ ។យើងមានយន្តការអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០១១ ដើម្បីធ្វើការដោះដូររក្សាដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅដដែល។ តាមការ ណែនាំរបស់រដ្ឋាភិបាលសម្តេចតេជោ លោក សុខចិត្តកែប្រែតាមខ្សែព្រំដែនឲ្យទៅជាខ្សែព្រំដែន ដែលមានធ្មេញរណា។ជូនកាលភ្លឺស្រែមួយ ឬផ្នូរខ្មោចមួយ យើងសុខចិត្តប្ដូរ រក្សាទុកជូនគាត់។ ដូច្នេះ វាអត់មានបាត់ បើមានកន្លែងណាប្រាប់យើងមក។ អ្នកនិយាយ និយាយឲ្យតែឮ ដើម្បីថា គណៈកម្មការព្រំដែន និង រដ្ឋាភិបាលយើង មិនយកចិត្តទុកដាក់ ដល់ការរស់នៅ និងទុក្ខវេទនា របស់ប្រជាពលរដ្ឋយើងប៉ុណ្ណោះ»។
ព្រំដែនខ្មែរ វៀតណាម មានប្រវែងប្រមាណ ១.២៧០ គីឡូម៉ែត្រ ដោយលាតសន្ធឹងពី ខេត្តកំពត តាកែវ កណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី ក្រចេះ និង ស្ទឹងត្រែង។ ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ បានចាប់ផ្ដើមឡើងកាលពីឆ្នាំ ២០០៦ មកដល់ពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី ៥ ខែតុលា ថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន និងមេដឹកនាំប្រទេសវៀតណាម បានចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន ចំនួន ៣១៥ បង្គោល ដែលស្មើនិង ៨៤%។ គណបក្សប្រឆាំងពលរដ្ឋ និងក្រុមយុវជន ប្រតិកម្មថា ការចុះហត្ថលេខានេះ ជាការអនុវត្តផ្ទុយពី រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស ព្រោះពួកគេយល់ថា របបក្រុងភ្នំពេញ កាត់ទឹកដីកម្ពុជា ទៅឲ្យវៀតណាម ដោយខុសច្បាប់។
ពលរដ្ឋលើកឡើងថា ការដែលលោក វ៉ា គឹមហុង អះអាងថា ការបោះបង្គោលព្រំដែនកន្លងមក គ្មានពលរដ្ឋណាស្រក់ទឹកភ្នែកទឹកសំបោរនេះ ប្រហែលជាលោក វ៉ា គឹមហុង ដឹងតែធ្វើមិនដឹង ឬអាចមិនដឹងតែម្ដង ដោយសារមន្ត្រីជំនាញកិច្ចការព្រំដែនរូបនេះ មិនសូវចុះជួបពលរដ្ឋតាមព្រំដែនផ្ទាល់។
ពលរដ្ឋរស់នៅជិតព្រំដែន កម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី លោក យើយ រៀបរាប់ថា ប្រសិនបើរដ្ឋាភិបាល មានឆន្ទៈដោះស្រាយរឿងព្រំដែនពិតប្រាកដមែននោះ គួរតែចុះជួប និងសួរនាំដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋតាមព្រំដែន។ លោកថា ពលរដ្ឋតាមព្រំដែន តែងតែបង្ហាញពីក្តីកង្វល់ ពីរឿងបាត់ដីជារឿយៗ ប៉ុន្តែរដ្ឋាភិបាលទៅវិញទេ ដែលមើលរំលងក្ដីកង្វល់របស់ពលរដ្ឋ។ ពលរដ្ឋរូបនេះ បារម្ភថា វៀតណាម អាចបន្តឈ្លានពានចូលដីខ្មែរ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី បន្តទៀត ព្រោះភាគច្រើនតំបន់ជាប់ព្រំដែនទាំងនោះ សុទ្ធតែជាតំបន់ព្រៃជ្រៅ ដែលពលរដ្ឋកម្ពុជា មិនអាចចូលទៅដល់។ គាត់និយាយដូច្នេះថា «ខ្ញុំគិតថា តំបន់កន្ទុយនាគទៅ ថ្ងៃអនាគតវៀតណាម ជាអ្នកកាន់កាប់ ព្រោះថា តំបន់នោះ ពលរដ្ឋខ្មែរមិនអាចចូលទៅដល់ទេ ព្រោះតំបន់នោះ ជាតំបន់វីរៈជ័យ ហើយកន្ទុយនាគ ហើយវីរៈជ័យ គឺជាតំបន់សេដ្ឋកិច្ច ឈើនាំចេញទៅវៀតណាម។ ខ្ញុំបារម្ភទី១ ព្រៃឈើ ទី២ ទឹកដី និងទី៣ ប្រជាពលរដ្ឋអត់មានសិទ្ធិឆ្លងចេញចូលច្រកព្រំដែននោះបាន ដោយសារជា ច្រករកស៊ីឈើ»។
កន្លងមក អ្នកភូមិអន្លង់ជ្រៃ និង ភូមិថ្លុកត្រាច ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ធ្លាប់បានតវ៉ា រឿងវៀតណាម បោះបង្គោលព្រំដែន ចូលដីខ្មែរដែរ។ ពលរដ្ឋមានចម្ងល់ថា លោក វ៉ា គឹមហុង តែងតែប្រាប់អ្នកសារព័ត៌មានថា នៅក្នុងផែនទីរបស់ បារាំង បានដាក់ថា តំបន់ភូមិអន្លង់ជ្រៃនោះ ជាដីរបស់វៀតណាម ក្នុងពេលដែលវៀតណាម យល់ព្រមឲ្យដីភូមិអន្លង់ជ្រៃនោះ ឲ្យកម្ពុជា ប៉ុន្តែកម្ពុជា ត្រូវកាត់ដីកន្លែងផ្សេង ឲ្យវៀតណាមវិញ។ បើដូច្នោះមែន ហេតុអ្វីបានជាគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ នៅតែបោះបង្គោលព្រំដែន លេខ ១២៧ នៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីផ្ទះអ្នកភូមិអន្លង់ជ្រៃ ហើយធ្វើឲ្យបាត់ដីស្រែចម្ការ របស់ពួកគាត់ទៀត។
នៅពេលអាស៊ីសេរី សួរនាំអំពីរឿងទាំងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានតិះដៀលអ្នកយកព័ត៌មានអាស៊ីសេរីថា ជាមនុស្សឡប់សតិ និងបានឆ្លើយពង្វាងសំណួរ។ មន្ត្រីជំនាញកិច្ចការព្រំដែនរូបនេះ នៅតែធានាថា ប្រជាពលរដ្ឋកម្ពុជា មិនបាត់ដីមួយចំអាមឡើយ បន្ទាប់ពីដោះដូរដី ជាមួយវៀតណាម ចំនួន ៣៤ តំបន់ ទាំងដីភូមិអន្លង់ជ្រៃ និងដីនៅចំណុចដែលលោក សម រង្ស៊ី ដកបង្គោលតម្រុយព្រំដែន។ លោក វ៉ា គឹមហុង ព្រមានឲ្យពលរដ្ឋឈប់ចោទថា វៀតណាម យកដីខ្មែរ ទៅដោះដូរយកដីខ្មែរ។ បន្ថែមពីនេះទៀត លោក វ៉ា គឹមហុង បដិសេធមិនបញ្ជាក់ពីតំបន់ ដែលកម្ពុជា កាត់ឆ្វៀលឱ្យវៀតណាម និងចំនួនភូមិ ដែលកម្ពុជា បានទទួលពីវៀតណាម វិញនោះឡើយ ដោយលោក គ្រាន់តែបញ្ជាក់ថា នេះជាការងាររបស់ គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ហើយពលរដ្ឋត្រូវតែជឿទុកចិត្តក្រុមការងាររបស់លោក។ លោកថ្លែងថា «កន្លែងនេះ ខ្ញុំមិនចង់និយាយទេ គឺថាអាកាសែតទាំងអស់នេះ គឺសុទ្ធតែមនុស្សអត់មានសច្ចធម៌។ គេនិយាយអ៊ីចេះ វាថាអ៊ីចុះ។ យើងថា ដោះដូរជាមួយភូមិ សម្ដេច ហេង សំរិន វាថាដោះដូរដីខ្មែរ យកដីខ្មែរ។ តែយើងថា ដោះដូរដីខ្មែរ ជាមួយដីវៀតណាម។ ឥឡូវខ្ញុំគ្រាន់តែប្រាប់ថា អាបង្គោលលេខ ១៨៥ ដែល សម រង្ស៊ី ដកនេះគឺ យើងត្រូវដាំជិត ១០០ ម៉ែត្រ ទៅមុខទៀត។ ដូច្នេះដីស្រែទាំងអស់នេះ បានមកខ្មែរទាំងអស់ ថ្ងៃណាយើងដោះដូរគ្នា ប៉ុន្តែបើមិនទាន់ឯកភាពគ្នារឿងដោះដូរ។ អ៊ីចឹងហើយបានគេប្រាប់តាំងពីដើមថា កុំគ្រាន់តែឃើញគេបោះអាតម្រុយនេះ ព្រោះនេះគ្រាន់តែគេរកទេ ហើយយើងទៅចោទគេ ស្រែកអាឡេអាឡូ ខុសរឿងរ៉ាវ»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី និយាយថា កន្លងមកនៅពេលលោក បង្ហាញរបាយការណ៍ស្រាវជ្រាវ រឿងព្រំដែនម្ដងៗ គឺមន្ត្រីរដ្ឋាភិបាល តែងតែច្រានចោល និងចោទប្រកាន់ក្រុមយុវជន របស់លោកថា ជាក្រុមប្រឆាំង។ ទោះយ៉ាងណា លោកប្ដេជ្ញាថា នឹងបន្តចុះស្រាវជ្រាវរឿងព្រំដែនបន្តទៀត ហើយនឹងដាក់របាយការណ៍ ជូនរដ្ឋាភិបាល ដោយផ្ទាល់ ដើម្បីស្នើសុំដំណោះស្រាយ។ លោកកត់សម្គាល់ថា រដ្ឋាភិបាល និងប្រជាពលរដ្ឋ តែងតែមានគំនិតផ្ទុយគ្នា ពីរឿងព្រំដែន ដោយរដ្ឋាភិបាល ផ្អែកលើបច្ចេកទេសថា មិនមានបាត់ដីទេ ប៉ុន្តែ នៅពេលក្រុមយុវជន និងពលរដ្ឋចុះស្រាវជ្រាវជាក់ស្ដែង រកឃើញថា កម្ពុជាពិតជាបាត់ដី ទៅវៀតណាម។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងបើកទូលាយ ឲ្យពលរដ្ឋខ្មែរមានសិទ្ធិពេញលេញ ក្នុងការចុះស្រាវជ្រាវរឿងព្រំដែន ហើយរដ្ឋាភិបាល គួរតែព្យាយាមឆ្លើយបំភ្លឺ ចំពោះអ្វីដែលពលរដ្ឋរកឃើញ។ លោក សូនី ថា «ខ្ញុំគិតថា គាត់មិនយកចិត្តទុកដាក់ហ្មង ពីសំឡេងពលរដ្ឋរឿងព្រំដែននេះ គាត់ទាត់ចោល ហើយគំរាមទៀត។ ឧទាហរណ៍រឿងថ្ម ៣ ដុំ {ស្រុកបុរីជលសារ ខេត្តតាកែវ}មិនមែនជារឿងលែងសើចទេ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីរដ្ឋាភិបាល សូម្បីមន្ត្រីនៅខាងខេត្ត របស់រដ្ឋាភិបាល កាន់ខាងខេត្តតាកែវ ក៏គាត់ប្រកែកថា របាយការណ៍ដែលយើងស្រាវជ្រាវ មិនមែនជារឿងពិត។ ខ្ញុំគិតថា រដ្ឋាភិបាលខ្លួនឯង មាននយោបាយមួយព្យាយាម យកត្រូវតែខ្លួនឯង ហើយអត់ទទួលយកមតិរិះគន់ របស់ប្រជាពលរដ្ឋ»។
លោក មួង សូនី ឲ្យដឹងទៀតថា ទិដ្ឋភាពតាមព្រំដែនដែលលោក រកឃើញកន្លងមកមានដូចជា ការបោះបង្គោលថ្មីៗ នេះ ភាគច្រើនបោះចូលដីខ្មែរ ខណៈបង្គោលសម័យបារាំង បោះនៅក្នុងដីវៀតណាម កំពុងគ្រប់គ្រងពលរដ្ឋតាមព្រំដែន សុទ្ធតែអះអាងថា ទឹកដីពួកគាត់បាត់បង់ ទៅវៀតណាម ក្រោយការបោះបង្គោល ហើយការដោះដូរដី ឬភូមិរវាងកម្ពុជា-វៀតណាមនោះ គឺរដ្ឋាភិបាលកម្ពុជា មិនបានបង្ហាញថា ភូមិណាដោះដូរពីវៀតណាម មកខ្មែរ ហើយពីខ្មែរទៅវៀតណាមនោះទេ។ ម្យ៉ាងវិញទៀត លោកថា ទោះបីបោះបង្គោលរួចក្ដី ក៏វៀតណាម នៅតែទាមទារទឹកដីដែលវៀតណាម អះអាងថា ជាទឹកដីរបស់ខ្លួនដែរ ដូចជានៅតំបន់ថ្ម ៣ដុំ {ខេត្តតាកែវ} នៅប៉ាក់ណាម {ខេត្តកណ្តាល} និងក្អមសំណរ {ខេត្តកណ្តាល} ជាដើម។ ក្រៅពីនេះ លោកថា មានតំបន់មួយចំនួន គឺពលរដ្ឋវៀតណាម បានចេញចូលទឹកដីខ្មែរ ដោយសេរី ដែលធ្វើឲ្យលោកបារម្ភ ពីការបាត់បង់ទឹកដីនៅពេលអនាគត។ បន្ថែមពីនេះ លោកមើលឃើញថា មន្ត្រីកម្ពុជានៅតាមព្រំដែនមានកម្សោយ ក្នុងការការពារព្រំដែន ហើយមន្ត្រីមួយចំនួន ជាមន្ត្រីពុករលួយ។
បញ្ហាព្រំដែន គឺជាបញ្ហារសើបមួយ នៅកម្ពុជា។ កន្លងមករបបក្រុងភ្នំពេញ បានចាប់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ២ នាក់ ដាក់ពន្ធនាគារ គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលរិះគន់របបនេះ អំពីការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែន។ រីឯអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បី គឺបណ្ឌិត កែម ឡី ក៏ត្រូវបានឃាតកបាញ់សម្លាប់ ក្រោយពេលលោកដឹកនាំយុវជន ធ្វើយុទ្ធនាការ ១០០រាត្រី ចុះស្រាវជ្រាវរឿងព្រំដែនកម្ពុជា-វៀតណាម។ ចំណែកមនុស្សជាច្រើននាក់ទៀត ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញគំរាមកំហែង និងបំភិតបំភ័យ មិនឲ្យនិយាយពីបញ្ហាព្រំដែននោះឡើយ៕

.