លោក ហ៊ុន សែន និងលោក ង្វៀន ស៊ុនហ៊្វុក (Nguyen Xuan Phuc)

……………….
(ប្រភពពី Radio VayoFM / ដោយ ទេព កោសល្យ / 06 th-10-2019)
ក្រោយពី​ការចុះហត្ថលេខា​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃ​ទី​០៥ តុលា ឆ្នាំ ២០១៩ ក្នុង​ការទទួលស្គាល់​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​សម្រេចបាន​ចំនួន ៨៤​ភាគរយ​នោះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន ​ប្រកាស​មិន​ទទួលស្គាល់​ការចុះហត្ថលេខា​នេះ​។ 

​ភ្លាមៗ​ក្រោយ​ការចុះហត្ថលេខា​ទទួលស្គាល់​ការបោះបង្គោល​ព្រំដែន ​រវាង​កម្ពុជា និង​វៀត​ណាម មជ្ឈដ្ឋាន​មួយចំនួន​ បាន​បញ្ចេញ​ប្រតិកម្ម ប្រកាស​មិន​ទទួលស្គាល់​ការចុះហត្ថលេខា​នេះ ដោយ​បាន​អះអាង​ថា ការចុះហត្ថលេខា​ រវាង​លោក ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​វៀតណាម ស្តីពី​ការទទួលស្គាល់​បង្គោលព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ ដែល​បោះ​បាន​ចំនួន​៨៤ ​ភាគរយ គឺជា​ការចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ ទៅ​ឲ្យ​វៀតណាម​ដោយ​ស្របច្បាប់​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​ មិន​ទទួលស្គាល់​ការបោះ​បង្គោល​​ព្រំដែន ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ​ទេ ដោយ​អះអាង​ថា កិច្ចការ​នេះ គឺ​ធ្វើឡើង​តាម​សន្ធិសញ្ញា​ព្រំដែន​ ឆ្នាំ ១៩៨៥ ដែល​ជា​សន្ធិសញ្ញា​ខុសច្បាប់ ហើយ​ត្រូវ​មោឃភាព​ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ១៩៩៣ ហើយ​ការចុះហត្ថលេខា ​រវាង​លោក ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​វៀតណាម ស្ដីពី​ការទទួលស្គាល់​បង្គោលព្រំ​ដែន ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម ដែល​បោះ​រួច​បាន ៨៤%​ នោះ គឺជា​ការ​កាត់​ទឹកដី​ខ្មែរ​ ឲ្យ​វៀតណាម​ដោយ​ស្របច្បាប់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​អាច​ទទួលយក​បាន​ឡើយ​។​

​លោក ​សួន សូ​រី​ដា អតីត​តំណាងរាស្ត្រ នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ និង​ពន្យល់​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បានដឹង​ច្បាស់​ថា ការបោះបង្គោល​ព្រំដែន នឹង​មិន​បាន​ធ្វើឱ្យ​បាត់បង់​ទឹកដី​ខ្មែរ ​ទៅ​ប្រទេស​វៀតណាម​នោះទេ​។ លោក​ថា បើ​ពុំនោះ​ទេ នេះ​ជា​ទង្វើ​កាត់​ទឹកដី​ខ្មែរ ​ទៅ​ឱ្យ​វៀតណាម ដែលជា ​«​ទង្វើ​ក្បត់ជាតិ​» ហើយ​ដែល​លោក​ ហ៊ុន សែន ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រវត្តិសាស្ត្រ​ខ្មែរ ​ទៅ​ថ្ងៃ​អនាគត​។ លោក​ សួន សូ​រី​ដា ថា​លោក​មិន​គាំទ្រ និង​ប្រឆាំង​ដាច់ខាត​នូវ ​ការចុះហត្ថលេខា​ រវាង​លោក ​ហ៊ុន សែន តំណាង​ឱ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ​ហ្វៀ​ន សួន​ហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម នៅពេលនេះ​។​

​លោក ​ម៉ែន ណាត ប្រធាន ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​នៅ​ប្រទេសន័​រវេស៍ បាន​ហៅ​ការចុះហត្ថលេខា​របស់​ «លោក ហ៊ុន សែន នៃ​ការទទួលស្គាល់​ការបោះបង្គោល​ព្រំដែន ជាការ​ប្រគល់​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម»​។ លោក ​ម៉ែន ណាត អះអាងថា លោក​នៅតែ​បន្ត​ស្នើ​ឲ្យ ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន ទៅ​តាម​យន្តការ​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា ការបោះបង្គោល​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៥ ​មក ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​។ ការបោះបង្គោល​ព្រំដែន​នេះ សម្រេច​បាន​ប្រមាណ ៨៤ ​ភាគរយ​ហើយ បើទោះបី​ការបោះបង្គោល​ព្រំដែន មិនទាន់​ចប់សព្វគ្រប់​យ៉ាងណាក្តី កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃ​ទី​០៥ តុលា ២០១៩ ​នេះ បាន​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា ទទួលស្គាល់​លទ្ធផល​ការងារ ដែល​សម្រេច​បាន​នេះ ដែល​ការចុះហត្ថលេខា ទទួលស្គាល់​បង្គោល​ព្រំដែន​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ សម្រាប់​កម្ពុជា និង​វៀតណាម​៕

.