The Cambodia Daily
10th-3-2021

ប្រភពពី​មន្ត្រី​ កំពុង​បម្រើ​ការងារ​នៅ​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បា​នបន្ត​ខ្សឹប​​ខ្សៀវ និង​សួរ​ដេញ​ដោល​គ្នា​លើក​រណី​ លោក គុណ ញឹម ដែល​គ្រប់​អាយុ​ ៦០​ឆ្នាំ ត្រូវ​ចូល​និវត្តន៍ កាល​ពីថ្ងៃទី ២៥ ខែ​មករា ឆ្នាំ​២០២១ ថ្មីៗ​នេះ ប៉ុន្តែ​បែរ​ជា​មិន​ត្រូវ​បាន​ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់​ឲ្យ​ចូល​និវត្តន៍ ហើយ​អាច​បន្ត​តំណែង​ជា​អគ្គ​នាយក ​នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

មន្ត្រី​មួយ​ចំនួន ដែ​លកំពុង​បំរើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដាក់​ជា​ចម្ងល់​ថា តើ​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល របស់​បុគ្គល គុណ ញឹម តើ​វា​ជា​កំហុស លោក គុណ ញឹម ខ្លួន​ឯង ឬ​ក៏​ជា​កំហុស នៃ​ការ​សុំ​គ្រលំ​​ជា​ប្រព័ន្ធ ​ដែល​មាន លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​ផ្តើម​គំនិត និង​កាង​ការពារ​ ជា​ពិសេស​​ទៅ​​ទាញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មក​ប្រព្រឹត្តិ​កំហុស​ឆ្គង​ជាមួយ​ដែរ ចំពោះ​ករណី​ដែល លោក គុណ ញឹម ត្រូវ​គ្រប់​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​អាច​បន្ត​ដឹកនាំ​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​រហូត​មក​ដល់​ពេល​នេះ?

ផ្តើម​ពីបញ្ហា​នេះ ប្រភព​ពី​មន្ត្រី​រាជការ​នៅ​អគ្គ​នាយករដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ពោល​បែប​ចំអក​ថា បើ​ទាំង​ថ្នាក់​ដឹកនាំ​ប្រទេស និង​ថ្នាក់​ដឹក​នាំ​ក្រសួង​មួយ​ចំនួន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច មិន​អនុវត្ត​ច្បាប់​ផង ​តើ​ច្បាប់​ទាំង​ឡាយ​ ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា គឺ​ដាក់​សម្រាប់​ឲ្យ​តែ​ប្រជា​ពលរដ្ឋ​ក្រីក្រ មន្ត្រី​រាជការ​តូច​តាច ​និង​​គ្មាន​​បក្ខពួក ឬ​​ខ្នង​​បង្អែក ជា​​អ្នក​​អនុវត្ត ឬ​​ក៏​​បែប​​ណា? ព្រោះ​​សូម្បី​​តែ​​លោក អូន ព័ន្ធមុនីរ័ត្ន និង​​មន្ត្រី​​ថ្នាក់​​ដឹក​នាំ​មួយ​ចំនួន​ទៀត​ បាន​ឃុប​ឃិត​គ្នា​រៀបចំ​ផែនការ​ជា​ប្រព័ន្ធ បង្កើត​ឲ្យ​មាន​អំពើ​ពុករលួយ បក្ខពួក​និយម ដោយ​គោរព​ច្បាប់​ផង​នោះ​(?)។

ថ្មីៗ​នេះ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៃ​រដ្ឋាភិបាល​អូស្ត្រាលី ប្រាប់​សារព័ត៌មាន The Cambodia Daily ដឹង​ថា មាន​ក្រុម​បក្ខពួក​ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ០៤ នាក់​បន្ថែម បាន​យក​លុយ​ទៅ​ផ្ញើ​នៅ​ប្រទេស​អូស្ត្រាលី មាន​ចំនួន​ប្រមាណ​ជិត ៤០​ លា​ន​​ដុល្លារ​អាមេរិក នៅ​គ្រា​ប្រជា​ពលរដ្ឋ​កម្ពុជា កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ បណ្តាល​មក​ពី​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ-១៩ ​ហើយ​បែរ​ជា​មន្ត្រីៗ​ជំនិត​នឹងលោក ហ៊ុន សែន មាន​លុយ​រាប់​សិប​លាន​ដុល្លារ យក​ទៅ​ផ្ញើ​នៅ​ប្រទេស​អូស្ត្រាលី ទៅ​វិញ។

ចំពោះករណីនេះ មន្ត្រី​រាជការ​ភាគ​ច្រើន​មាន​ចម្ងល់​ថា តើ​មន្ត្រី​មួយ​ចំនួន​ មាន​ដូចជា៖ លោក អូន ព័នមុន្នីរ័ត្ន លោក ជា សុផារ៉ា លោក គុណ ញឹម លោក ឡាវ ម៉េងឃីន ជាដើម​ហ្នឹង មាន​ទ្រព្យ​សម្បត្តិ​ដ៏​មហា​សាល​ ក្នុង​ម្នាក់ៗ​ហ្នឹង តើ​បាន​លុយ និង​សល់​អចលនទ្រព្យ​រាប់​ភ្លេច​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​ហ្នឹង តើ​បាន​មក​ពី​ណា? ហើយ​លុយ និង​​អចលនទ្រព្យ​​ទាំង​​អស់​​ហ្នឹង បាន​​មក​​ពី​ប្រាក់​ខែ ឬ​​ពី​​មុខ​​ជំនួញ​​​ជួញ​ដូរ​​ស្រប​​ច្បាប់ ឬ​​ក៏​​បែប​​ណា?   

យ៉ាងណា​ក៏​ដោយ​ចុះ ប្រភព​អះអាង​ថា រាល់​ថ្ងៃ​នេះ អ្វី​ដែល​មន្ត្រី​គយ​ កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​មិន​ពេញ​ចិត្ត ចំពោះ​ទង្វើ​របស់​លោក គុណ ញឹម នោះ​គឺ​បុគ្គល​រូប​នេះ បាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញ​​បន្ទុក​នៅ​​ក្នុង​ស្ថាប័ន​មួយ​នេះ តាម​រយៈ​ការ​ផ្លាស់ប្តូរ​ប៉ុស្តិ៍​ឈរ​ជើង របស់​មន្ត្រី​នៅ​​ក្នុង​អគ្គ​នាយកដ្ឋាន​គយ មាន​ដូចជា៖ នៅ​ប៉ុស្តិ៍​កំពង់សោម​ សម្រាប់​កៅអី​ប្រធាន គឺ​លោក គុណ ញឹម បាន​តម្រូវ​ឲ្យ​អ្នក​ចង់​បាន​ប៉ុស្តិ៍​នេះ យក​លុយ​ទៅ​សូក​ឲ្យ​ខ្លួន​ចន្លោះ​ពី ១ លាន ៥ សែន​ដុល្លារ ​ទៅ ២​លាន​ដុល្លារ​អាមេរិក

ចំណែក ប៉ុស្តិ៍​ប៉ោយ​ប៉ែត គឺ​ត្រូវ​សូក​លុយ​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​តំណែង​អនុប្រធាន​ប៉ុស្តិ៍ ​គឺ​មាន​តម្លៃ​ផ្សេង ​និង​មន្ត្រី​ជា​កូន​ចៅ​មាន​តម្លៃ​ផ្សឹង ពោល​គឺ​ទៅ​តាម​ប៉ុស្តិ៍ ដែល​សំខាន់​ ឬ​មិន​សូវ​សំខាន់ ​គឺ​ត្រូវ​ចំណាយ​លុយ​សូក​លោក ​គុណ ញឹម ទាំង​អស់​ហ្នឹង។ សំណូក​ពុករលួយ​ខាង​លើ​នេះ មិន​ទាន់​គិត​ពី​លុយ​ពុករលួយ តាម​រយៈ​ការ​ត្រូវ​រ៉ូវ​គ្នា ជាមួយ​អាជីវករ​ ឬ​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​ចូល ក៏​ដូចជា​ការ​ត្រូវ​រ៉ូវ​គ្នា​​អ្នក​បច្ចេកទេស​គយ ប្រចាំការ​​នៅ​​តាម​ប៉ុស្តិ៍​នីមួយៗ​ផង​ទេ។

ប្រភពបញ្ជាក់​ដដែល​បញ្ជាក់​ថា ប្រការ​ដែល​លោក គុណ ញឹម គ្រប់​អាយុ ៦០​ឆ្នាំ ត្រូវ​ចូល​និវត្តន៍ ​ប៉ុន្តែ​បែរ​ជា​អាច​បន្ត​តំណែង​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​បន្ត​ទៀត ​ហើយ​បង្កើត​ឲ្យ​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​នេះ តាម​ទំនើង​ចិត្ត​ដូច​រាល់​ថ្ងៃ​នេះ​ គឺ​ទំនង​ជា​លោក គុណ ញឹម អាង​មាន​ខ្នង​បង្អែក លោក អូន ព័ន្ធមុន្នរ័ត្ន ជា​អ្នក​ធានា​ការពារ​​ឲ្យ​​គ្រប់​​រឿង ​គឺ​​រាប់​បញ្ចូល​ទាំង​​ស្ថាប័ន​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​ ជាដើម ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ជួយ​ការពារ​តំណែង​ ជា​ថ្នូរ​ចែក​ប្រាក់​ចំណូល​ពុករលួយ ដែល​រក​បាន​នោះចែក​គ្នា​ស៊ី ទៅ​តាម​តួនាទី របស់​មេ​ដឹកនាំ​ក្នុង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ។

មន្ត្រីគយ​មួយ​ចំនួន មាន​ចម្ងល់​ផង​ដែរ​ថា តើ​សកម្មភាព​កាង​ការពារ​ឲ្យ​លោក គុណ ញឹម នៅ​បន្ត​គ្រប់គ្រង​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​ខុស​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ខាង​លើ​នេះ តើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹង​ព័ត៌មាន​​នេះ​ដែរ​ឬ​ទេ? ឬ​មួយ​ក៏​បាន​ត្រឹម​ស្តាប់​របាយការណ៍ និង​ការ​រាយ​ការណ៍ របស់​លោក អូន ព័ន្ធមុនីរ័ត្ន ឬ​មួយ​ក៏​បាន​ទទួល​សំណូក​ពី លោក គុណ ញឹម ដែរ ទើប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វង្វេង​ស្មារតី​ភ្លេច​យក​ច្បាប់​មក​អនុវត្ត ទោះបី​ដឹង​ថា ការ​កាង​ការពារ​រក្សា​តំណែង​ជូន​លោក គុណ ញឹម ត្រូវ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​មាន​ការ​រិះគន់​ពី​មន្ត្រី​រាជការ​បែប​ណា ​ក៏​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ(?)។

មន្ត្រីគយមួយចំនួនទៀត ដែល​ទំនង​ជា​ច្រណែន​នឹង​លោក គុណ ញឹម បាន​ពោល​ចំអក​ថា ប្រសិន​បើ​ពួក​គាត់​ជា​លោក គុណ ញឹម វិញ នឹង​ត្រូវ​លា​ឈប់​ពី​ការងារ ឬ​តួនាទី​តាម​កាល​កំណត់​ត្រឹម​អាយុ ៦០​ឆ្នាំ ឲ្យ​ស្រប​តាម​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ពោល​គឺ​ត្រូវ​មាន​ភាព​ក្លាហាន​ដូចលោក ប៉ែន ស៊ីម៉ន អតីត​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក ប៉ែន សំអាត អគ្គនាយករង លោក ហ៊ីវ គឹមហេង លោក ឯម ឃិនវរៈ លោក នួន ច័ន្ធរិទ្ធ លោក សៀង ឈុនទ្រី និង​មន្ត្រី​ដទៃ​ទៀត ដើម្បី​ចូល​រួម​អនុវត្ត​ច្បាប់​បាន​ត្រឹម​ត្រូវ​ធ្វើ​ជា​គំរូ។ ប៉ុន្តែ​ចំពោះ​បុគ្គល គុណ ញឹម វិញ ហាក់​គ្មាន​ការ​ខ្មាស​អៀន​អ្វី​បន្តិច​ទេ ​ដូច​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយម​និយាយ​តៗ​គ្នា​ថា «ឃើញ​កន្ទេល​ធំ បន្លំ​ដេក» អញ្ចឹង​ដែរ។ ជាង​នេះ​ទៀត ទំនង​ជា​លោក គុណ ញឹម ដែល​មាន​ការ​គាំទ្រ​ជា​ប្រព័ន្ធ​តាម​រយៈ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ហ៊ុន សែន ផង​នោះ ទើប​អាច​បន្ត​តំណែង ​និង​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​​តម្លើង​ឋានៈ​កាន់​តែ​ខ្ពស់​ថែម​ទៀត។

ប្រភពខ្លះអះអាង​ថា សព្វថ្ងៃ​នេះ ស្ថាប័ន​គយ​ ស្ទើរ​ក្លាយ​ទៅ​ជា​កន្លែង ពាល​ស៊ី​ពាល​ទៅ​ហើយ មានន័យ​ថា កូន​ចៅ​កឹប​កេង​ប្រាក់​ចំណូល​ពី​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន គឺ​សន្សំ​ទុក​សូក​លុយ​បន្ត​ទៅ​ឱ្យ លោក គុណ ញឹម ដើម្បី​រក្សា​តួនាទី​នៅ​តាម​ប៉ុស្តិ៍​ឈរ​ជើង​នីមួយៗ ហើយ​លោក គុណ ញឹម វិញ​ជា​អ្នក​ប្រមូល​លុយ​ធ្វើ​ជា​សេដ្ឋី ដោយ​តែង​បាន​បញ្ជូន​លុយ​សំណូក​​ពុក​រលួយ​ទាំង​នោះ ទៅ​ឲ្យ​ប្រពន្ធ​កូន ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ព្រម​ទាំង​បាន​ទិញ​ផ្ទះ​វិឡា​ធំ​ស្កឹម​ស្កៃ ដើម្បី​ផ្គាប់​ចិត្ត​ប្រពន្ធ​ចុង ឬ​ស្រី​ក្មេងៗ​របស់​គាត់​ជាដើម។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​មាន​ប្រភព​ទាក់ទង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ ក៏ដូច​ជា​ មូលហេតុ​អ្វី ដែល​អាច​រក្សា​តំណែង លោក គុណ ញឹម ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ ​បែរ​ជា​មិន​ដាក់​ឲ្យ​ចូល​និវត្តន៍ អាច​បន្ត​ដឹកនាំ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​ខុស​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​បែប​នេះ(?)៕

.