
អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ដោយរំលោភច្បាប់ និងតាមទំនើងចិត្ត ក្រោយពេលលោក ដាក់ពាក្យចូលបម្រើការងារ នៅកន្លែងចាស់វិញ តាមនីតិវិធី និងបទដ្ឋានការងារយ៉ាងណាក្តី។
លោក រ៉ុង ឈុន បញ្ជាក់ថា «កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានដាក់ពាក្យ សុំចូលបម្រើការងារចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ»។ លោក បន្ថែមថា «ប្រកាសរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន លិខិតលេខ ១២៣ អយក.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រង់ប្រការ១ បានចោទប្រកាន់មកលើរូបខ្ញុំ ថាត្រូវលុបឈ្មោះខ្ញុំ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ តទៅ ដោយសាមីជន អវត្តមាន គ្មានច្បាប់អនុញ្ញាត»។
គួររំលឹកថា លោក រ៉ុង ឈុន ពេលដែលទៅបម្រើការងារជា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានឋានៈស្មើរដ្ឋមន្រ្តី គឺលោកបានដាក់សុំពាក្យព្យួរការងារ នៅក្រសួងអប់រំនេះ ហើយលុះដល់ពេលលោក លាឈប់ពីសមាជិក គ.ជ.ប លោកក៏បានដាក់ពាក្យចូលបម្រើការងារក្រសួងវិញ តាមនីតិវិធីរបស់ក្រសួង។
លោក រ៉ុង ឈុន បានលាឈប់ពីសមាជិក គ.ជ.ប នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧ ក្រោយពេល ៤ថ្ងៃ បន្ទាប់ពីតុលាការកំពូល ឬតុលាការតេឡេ របស់របបលោក ហ៊ុន សែន ប្រកាសរំលាយបក្សសង្គ្រោះជាតិ (CNRP) ដែលមានពលរដ្ឋគាំទ្រ ជាងកន្លះនគរ និងមានសមាជិកសភា ៥៥ រូប ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់។
ស្ថាប័នជាតិ គ.ជ.ប. បច្ចុប្បន្នគឺជា គ.ជ.ប រង់ចាំតែប្រថាប់ត្រា ទៅតាមការចង់បានរបស់របបលោក ហ៊ុន សែន តែប៉ុណ្ណោះ វាគ្មានខុសគ្នាពី គ.ជ.ប ក្នុងអាណត្តិមុនៗឡើយ។
ដោយឡែកថ្មីៗនេះ លោក រ៉ុង ឈុន ត្រូវបានសមាគមនគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់កិត្តិយសជា ទីប្រឹក្សារបស់សមាគម មានភារកិច្ចទំនាក់ទំនងអន្តរជាតិ និងឆ្លើយឆ្លងព័ត៌មាន។ ហើយលោក ក៏បានវិលមកកាន់កិច្ចកាជាថ្នាក់ដឹកនាំររបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែប្រឆាំងជំទាស់របប ហ៊ុន សែន ទៅលើសន្ធិសញ្ញាព្រំដែន ការបង្គោលព្រំដែនថ្មី និងអយុត្តិធម៌សង្គមនានា៕ (អត្ថបទដោយ ម៉ែន ណាត /០៥ កុម្ភៈ ២០១៨)


