ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ
ករណីរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់កំបាំងលទ្ធផលចរចា ជាមួយ យួន រឿង «ដូរដីខ្មែរឲ្យយួន យកដីខ្មែរ» ដោយអនុវត្ត តាមផែនទី និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ហើយនិង សន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ២០០៥ កាលពីថ្ងៃទី១៨-២០ តុលា ២១០៦ នោះធ្វើឲ្យ យើងនឹកឃើញ សំដីសំដៅ និងសកម្មភាពជាច្រើន របស់សមាជិកសភា លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំឃាំង ដោយសារប្រឆាំង ការកំណត់ផែនទី និង សន្ធិសញ្ញាខុសច្បាប់ខាងលើ ដើម្បីបោះបង្គោលព្រំដែនខ្មែរ ជាមួយ យួន។
លោក អ៊ុំ សំអាន សមាជិកសភា ពីបក្សសង្គ្រោះជាតិ និង ក្រុមសកម្មជន បានធ្វើរឿងដ៏ត្រឹមត្រូវ ដែលជាសកម្មភាពស្នេហាជាតិ និង ការពាបូរណភាពទឹកដីខ្មែរពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា២ មាត្រា៥៥។
កិច្ចប្រឹងប្រែងរបស់លោក អ៊ុំ សំអាន មិនទាន់គ្រប់គ្រាន់ទេ ពោលគឺគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងតែមួយគត់ក្នុងរដ្ឋសភាជាតិ មិនត្រូវទុកចោលតួនាទីដ៏សំខាន់មួយនេះ មួយអន្លើទេ ក្នុងខណៈពេលរដ្ឋាភិបាល ហ៊ុន សែន កំពុងតែដោះស្រាយបញ្ហាជម្លោះព្រំដែន ជាមួយវៀតណាម ចាញ់ប្រៀបវៀតណាម ដែលហៅថា «កាត់ទឹកដីខ្មែរឲ្យទៅយួន ដោយយកលេសថា ដូរយកដីខ្មែរ មកវិញ»។
យើងមានការសោកស្តាយ ចំពោះតួនាទីរបស់គណបក្សប្រឆាំង ក្នុងរដ្ឋសភាជាតិ ដែលនៅតែមានជំហរស្ទាក់ស្ទើរ និង មិនហ៊ានលើកបញ្ហានេះ ឲ្យទៅជាបន្ទុករបស់រដ្ឋសភា ជាការចូលរួមការទទួលខុសត្រូវចំពោះបញ្ហាជាតិ និងជាការជំរុញឲ្យគណបក្សកាន់អំណាច ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ។
យើងសូមថ្កោលទោសជាដាច់ខាត ចំពោះទង្វើក្បត់ជាតិ និងការធ្វើជាតិប្រហារទាំងឡាយណា ក្រោមការដឹកនាំដោយរដ្ឋាភិបាល ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជា បាត់បង់យ៉ាងធំធេង នូវទឹកដីព្រំដែនខ្មែរ ទៅខាងភាគីវៀតណាម ក្រោយពីការបោះបង្គោលព្រំដែន និង បង្គោលតម្រុយព្រំដែននីមួយៗ។
ដំណោះស្រាយបញ្ហាព្រំដែននេះ «កម្ពុជា ត្រូវតែប្តឹងតវ៉ាភាគីវៀតណាម ទៅភាគីអន្តរជាតិ» ក្នុងនោះមានម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង តុលាការអន្តរជាតិ។
ម៉ែន ណាត
ប្រធាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦


.