ការចាប់ខ្លួនប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ កញ្ញា នោះ បានបង្កការភ្ញាក់ផ្អើល ដល់សហគមន៍ជាតិ និងអន្តរជាតិ ក្នុងនោះក៏មានទាំងប្រទេសមហាអំណាច និងប្រទេសម្ចាស់ជំនួយ របស់កម្ពុជាផងដែរ។
(RFA, 07-9-2017, ដោយ យង់ ចាន់តារា)
សហគមន៍អន្តរជាតិ បានបញ្ចេញប្រតិកម្មខ្លាំងៗ និងជាបន្តបន្ទាប់ ព្រមទាំងទាមទារឲ្យមានការដោះលែង លោក កឹម សុខា ជាបន្ទាន់ លើកលែងតែប្រទេស ចិន មួយតែប៉ុណ្ណោះ ដែលបានបង្ហាញការគាំទ្រ ចំពោះចំណាត់ការ របស់រដ្ឋាភិបាលកម្ពុជា។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ឃើញថា ការគាំទ្ររបស់ចិន នេះ នឹងធ្វើឲ្យរដ្ឋាភិបាល កាន់តែហ៊ានធ្វើសកម្មភាពបង្ក្រាបអ្នកមានទស្សនៈ មិនស្របនឹងខ្លួនខ្លាំងជាងមុនទៅទៀត។
ស្ទើរគ្រប់មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ បូករួមទាំងអង្គការអន្តរជាតិជាច្រើនទៀត ក្នុងនោះមានទាំង ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សផង បានលើកឡើងពីក្តីព្រួយបារម្ភរបស់ពួកគេ ចំពោះការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាព គឺលោក កឹម សុខា។
ក្រុមប្រទេសទាំងនោះ យល់ឃើញថា ការចាប់ខ្លួនលោក កឹម សុខា គឺជាការវិវឌ្ឍន៍នយោបាយដ៏គួរឲ្យគ្រោះថ្នាក់ និងជាការរឹតត្បិតលំហប្រជាធិបតេយ្យនៅកម្ពុជា ។ ស្ថិតក្នុងបរិយាកាសនយោបាយ អាប់អួរតាមរយៈការធ្វើទុក្ខបុកម្នេញ បក្សប្រឆាំងបែបនេះ អ្វីដែលសហគមន៍អន្តរជាតិ ព្រួយបារម្ភជាងគេនោះ គឺភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។
នេះមិនរាប់បញ្ចូលចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យផង ដូចជាការបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ការបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងស្ថានីយផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) និងកម្មវិធីនយោបាយរបស់បក្សប្រឆាំងជាដើម ដែលក្រុមប្រទេសលោកខាងលិចយល់ថា ជាការរឹតត្បិតលំហនៃការរិះគន់ ការបញ្ចេញមតិ និងការរាយការណ៍ព័ត៌មានដោយឯករាជ្យ។
ក្រុមប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
ទោះបីជាយ៉ាងណា សេចក្តីថ្លែងការណ៍ និងការអំពាវនាវទាំងនោះបែរជាត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាត់ចោល និងចាត់ទុកថាគ្រាន់តែជាការការពារមេបក្សប្រឆាំងឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។ លោកក៏បានព្រមានសហគមន៍អន្តរជាតិកុំឲ្យឈឺឆ្អាលរឿងចាប់ខ្លួនលោក កឹម សុខា ព្រោះករណីនេះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖ «អ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារជននេះ គឺគ្រាន់តែដើម្បីការពារអាយ៉ងរបស់ខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។ សូមគោរពអធិបតេយ្យភាពជាតិរបស់កម្ពុជា មិនត្រូវប្រើវិធីផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌នោះទេ»។
លោក ហ៊ុន សែន អះអាងថា ជោគវាសនារបស់លោក កឹម សុខា គឺស្ថិតក្នុងដៃតុលាការ ហើយលោកអះអាងថា នឹងស្រាវជ្រាវរកជនដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យដឹងថា តើអ្នកណាខ្លះដែលរួមគំនិតក្នុងរឿងនេះ។
ស្របពេលគ្នានេះ កំពូលមហាអំណាចអាស៊ី និងជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាគឺ ចិន ក៏បានចេញមុខគាំទ្រចំណាត់ការ របស់រដ្ឋាភិបាល ក្រុងភ្នំពេញ ផ្ទុយពីក្រុមប្រទេសលោកខាងលិច។ ពីទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ កញ្ញា អ្នកនាំពាក្យក្រសួងការបរទេស ចិន លោក ហ្គេង ហ្ស័ង (Geng Shuang) បានឆ្លើយនឹងសំណួររបស់អ្នកកាសែតអំពីការចាប់ខ្លួនលោក កឹម សុខា ថា «ភាគីចិន តែងតែគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពជាតិ»។
បន្ថែមពីលើនេះ ក្នុងជំនួបជាមួយលោក ហេង សំរិន នៅព្រឹកថ្ងៃទី៧ កញ្ញា អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិន លោក វ៉ាង ជារូយ (Wang Jiarui) បានបញ្ជាក់ជំហរថា ចិន សូមធានាដល់សន្តិសុខកម្ពុជា ហើយបើកម្ពុជា មានឧបសគ្គ ចិន នឹងនៅពីក្រោយជួយគាំទ្រ។
ជំហរគាំទ្ររបស់ចិន នេះ ធ្វើឲ្យអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា មួយចំនួនយល់ថា វាជាការបើកដៃឲ្យរដ្ឋាភិបាលក្រុងភ្នំពេញកាន់តែហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកម្ចាត់អ្នកប្រឆាំង។
អ្នកកាសែតជនជាតិអូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅ “ប្រទេសកម្ពុជា របស់លោក ហ៊ុន សែន” (Hun Sen’s Cambodia) លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) យល់ឃើញថា លោក ហ៊ុន សែន អាចធ្វើរឿងទាំងអស់នេះបាន គឺដោយសារតែមានចិន នៅពីក្រោយខ្នង។ អ្នកនិពន្ធរូបនេះសង្កត់ធ្ងន់ថា «ជាមួយនឹងការគាំទ្រពេញទំហឹងពីប៉េកាំង លោក ហ៊ុន សែន មិនខ្លាចនឹងកម្ចាត់សត្រូវណាដែលរូបលោក និងគណបក្សប្រជាជនកម្ពុជា មិនពេញចិត្តនោះឡើយ»។
ស្រដៀងគ្នានេះ សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ អកស៊ីដេនថល (Occidental College) ក្នុងទីក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) បណ្ឌិត អៀ សុផល មើលឃើញថា «ការគាំទ្ររបស់ចិន នេះ នឹងធ្វើឲ្យកម្ពុជា កាន់តែឃ្លាតឆ្ងាយពីសុបិន្ដរបស់ខ្លួន» ក្នុងការក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដមួយ។
អ្នកនិពន្ធសៀវភៅស្ដីពីការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍នៅកម្ពុជា (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) រូបនេះគិតថា ការចាប់ខ្លួនមេបក្សប្រឆាំង រួមទាំងការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យនៅពេលនេះ គឺជា «ការកម្ចាត់អ្នកមានមតិផ្ទុយពីរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវជ័យជម្នះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ»។
ទស្សនៈរបស់អ្នកនិពន្ធ និងជាអ្នកឃ្លាំមើលអន្តរជាតិទាំងពីររូបនេះ ត្រូវបានច្រានចោលដោយមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី គឺលោក ផៃ ស៊ីផាន។ លោក ផៃ ស៊ីផាន ដែលធ្លាប់ជាអតីតសហការីរបស់លោក កឹម សុខា នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែរនោះ បកស្រាយថា ការគាំទ្ររបស់ចិន នេះ បង្ហាញពីការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខុសពីក្រុមប្រទេសលោកខាងលិចដែលលោកយល់ថា ច្រើនយកលេសរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីផ្តួលរំលំរបបណាមួយដែលពួកគេមិនពេញចិត្ត៖ «ឈរទៅលើរដ្ឋធម្មនុញ្ញរបស់យើងដែលជាប្រជាធិបតេយ្យមួយស្ថិតនៅក្នុងសង្គមអព្យាក្រឹត្យ ហើយនិងអធិបតេយ្យភាពរបស់យើង មិនមែនបានសេចក្តីថា ចង់បានប្រជាធិបតេយ្យ យើងលក់ខ្លួនឲ្យអាមេរិក ឬចិន នោះទេ»។
លោក ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា សេចក្តីថ្លែងការណ៍ទាំងឡាយរបស់ក្រុមប្រទេសលោកខាងលិច គឺជាសិទ្ធិរបស់ពួកគេ ហើយវានឹងមិនមានឥទ្ធិពលអ្វីលើករណីលោក កឹម សុខា នោះទេ ត្បិតនេះជាការអនុវត្តច្បាប់របស់កម្ពុជា។ តែយ៉ាងណា លោក ផៃ ស៊ីផាន អះអាងថា នៅលើគោលនយោបាយការបរទេស កម្ពុជា នៅតែជាដៃគូរបស់សហរដ្ឋអាមេរិក ព្រោះកម្ពុជា មិនមែនជាប្រទេសនុយក្លេអ៊ែរ ឬរដ្ឋភេរវកម្មនោះឡើយ ហើយចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះ គឺមិនមែនប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិកនោះទេ។
ជុំវិញរឿងនេះ ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ ថ្លែងថា រដ្ឋាភិបាលមិនអាចធ្វើមិនខ្វល់នឹងសេចក្តីថ្លែងការណ៍ ឬការទាមទាររបស់ក្រុមប្រទេសលោកខាងលិចនោះទេ ព្រោះប្រទេសទាំងនោះជាទីផ្សារទិញផលិតផលកាត់ដេរ ដូចជាសម្លៀកបំពាក់ និងស្បែកជើង ដែលជាឆ្អឹងខ្នង និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា៖ «លោកខាងលិចមិនដាច់ពីប្រទេសកម្ពុជា ទាំងស្រុងទេ ហើយក៏មិនហ៊ុមព័ទ្ធសេដ្ឋកិច្ចដែរ ប៉ុន្តែបើរដ្ឋាភិបាលធ្វើជ្រុល គេ (ប្រទេសលោកខាងលិច) នឹងលេងហើយ ព្រោះមិនមានអ្វីគ្រោះថ្នាក់ដល់គេទេ។ ឥឡូវនេះយើងឃើញមានសេចក្តីថ្លែងការណ៍មិនទាន់ឃើញអ្វីជាដុំកំភួននោះទេ តែបើសិនជាជ្រុលលើសពីនេះ ខ្ញុំមើលទៅអាចមានប្រតិកម្មជាដុំកំភួន មិនមែនត្រឹមសេចក្តីថ្លែងការណ៍ប៉ុណ្ណឹងទេ ព្រោះនេះជាករណីធ្ងន់ធ្ងរ»។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយរូបនេះបន្តថា ការដាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិច នឹងនាំមកនូវគ្រោះថ្នាក់សម្រាប់កម្ពុជា ព្រោះផលិតផលសំខាន់ៗរបស់កម្ពុជា មិនអាចនាំចេញទៅចិន បានឡើយ ដោយសារថ្លៃដើមផលិតរបស់ចិន ទាបជាងកម្ពុជា ទៅទៀត៖ «ចិន នឹងសប្បាយចិត្តនៅពេលណាដែលលោកខាងលិចដកថយ ឬមួយចាប់ផ្តើមកាត់បន្ថយទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា បានន័យថាកម្ពុជា ពេលនោះនឹងអស់ជម្រើស។ ប្រទេសមួយដែលជាប់បំណុលវ័ណ្ឌក ហើយមិនមានជម្រើសផ្សេង គឺជាប្រទេសងាយបំផុតក្នុងការចរចា។ ត្រូវចាំថា កាលណាគេហុចលុយឲ្យយើងខ្ចីស្រេចតែចិត្ត យកទៅលេងល្បែង ឬយកទៅចាយ កាលណាយើងសប្បាយនឹងការខ្ចី ដល់ពេលណាមួយគេយកកម្ចីហ្នឹងទៅគាបយើងស្រេចតែនឹងចិត្ត ពេលនោះយើងនឹងក្លាយជាឧបករណ៍របស់គេ»។
ចំណែកអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) បណ្ឌិត ឈាង វណ្ណារិទ្ធិ យល់ឃើញថា «ស្ថានភាពនយោបាយកម្ពុជា មិនល្អសោះឡើយ ហើយស្ថិតក្នុងភាពមិនប្រាកដប្រជា»។ លោកបន្តថា «ប្រសិនបើគោលការណ៍ប្រជាធិបតេយ្យមិនត្រូវបានគោរពទេនោះ កម្ពុជា អាចនឹងត្រូវធ្វើឲ្យឯកោក្នុងទំនាក់ទំនងការទូត ហើយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេ នឹងដាក់សម្ពាធការទូត ឬក៏ដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា ក៏ថាបាន»។
លោកបន្តថា «តម្លៃនយោបាយដែលរដ្ឋាភិបាលបានធ្វើទៅលើប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សប្រឆាំងនៅពេលថ្មីៗនេះ គឺខ្លាំងជាងព្រឹត្តិការណ៍មុនៗទៅទៀត ហើយសន្តិភាពនឹងគ្មានអាយុកាលវែងឡើយ ប្រសិនបើគ្មានយុត្តិធម៌ នីតិរដ្ឋ និងស្ថាប័នប្រជាធិបតេយ្យរឹងមាំទេនោះ»។
ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវរូបនេះយល់ឃើញថា «មានតែការសន្ទនា និងការកសាងទំនុកចិត្តរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ទើបជាមធ្យោបាយដោះស្រាយភាពខ្វែងគំនិតគ្នាខាងនយោបាយនេះបាន មិនមែនជាការធ្វើមហាបាតុកម្មនោះទេ»៕