រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ សព្វថ្ងៃ។ អនុក្រឹត្យនេះ ប្រកាសឲ្យប្រើ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧។ អនុក្រឹត្យនេះ បានដាក់ឲ្យនិរាករណ៍ នូវបទប្បញ្ញត្តិ ឯកសារ ឬអនុក្រឹត្យមុនៗ ដែលផ្ទុយពីខ្លឹមសារនេះ។
ជនបរទេស ដែលជាអន្តោប្រវេសន្ត នៅកម្ពុជា កាន់ឯកសារមិនប្រក្រតី ឬក្លែងក្លាយ ឬក៏កាន់ អត្តសញ្ញាណប័ណ្ណ ដែលមិនធ្វើឡើងតាមបទដ្ឋាន គ្មានព្រះរាជក្រឹត្យ ពីព្រះមហាក្សត្ស និង គ្មានឯកសារបញ្ជាក់ពី តុលាការកំពូល នោះពួគេនៅតែមិនត្រូវបានទទួលស្គាល់ថា មានសញ្ជាតិខ្មែរស្របច្បាប់ទេ ហើយក៏គ្មានសិទ្ធិបោះឆ្នោតដែរ។
សូមជនរួមជាតិ អានខ្លឹមសារអនុក្រឹត្យទាំងស្រុង ដែលមានភ្ជាប់នៅខាងក្រោមអត្ថបទ នៃគេហទំព័រនេះ ហើយក៏សូមអំពាវនាវដល់អាជ្ញាធរខ្មែរទាំងអស់ ត្រូវទទួលអនុវត្ត និងជួយផ្សព្វផ្សាយបន្ត ដល់ជនអន្តោប្រវេសន៍ទាំងឡាយ ដែលកាន់ឯកសារមិនប្រក្រតី ខុសនីតិវិធី ឬខុសច្បាប់ ឲ្យប្រញាប់ប្រញាលផ្តល់ព័ត៌មាន ទៅកាន់អាជ្ញាធរសមត្ថកិច្ច នៃក្រសួងមហាផ្ទៃ។ ដូចករណីខាងលើ ជនបរទេសណា ដែលមិនចូលរួមគោរព និងអនុវត្តអនុកក្រឹត្យនេះ នឹងត្រូវប្រឈមមុខចំណាត់ការខាងផ្លូវច្បាប់។
គួររំលឹកថា ជារឿយៗ ក្រុមអ្នកឃ្លាំមើល និង ក្រុមអ្នកច្បាប់ឯករាជ្យ តែងតែរិះគន់ និងប្រឆាំងជំទាស់ ចំពោះរដ្ឋាភិបាល ដែលផ្តល់ឯកសារ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេសគឺវៀតណាម បន្តហូរចូលកម្ពុជា និង រស់នៅលើទឹកដីកម្ពុជាយ៉ាងសុខសប្បាយ ហើយអ្នកខ្លះប្រកបរបរអាជីកម្ម ស្របច្បាប់ផង ខុសច្បាប់ផង និងអ្នកខ្លះទៀត បង្កចោរកម្ម ជួញគ្រឿងញៀន ជាដើម។ល។
ជាងនេះទៀត ជនជាតិវៀតណាម ឬ យួនខុសច្បាប់ មួយចំនួន មានទាំង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោតទៀតផង ។ តាមផ្លូវច្បាប់ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវតែបញ្ជូនត្រឡប់ ទៅប្រទេសកំណើតវិញ។ ហើយករណី ជនអន្តោប្រវេសន៍ស្របច្បាប់ អាចមានសញ្ជាតិខ្មែរ និងមានសិទ្ធិកាន់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន លុះត្រាពួកគេ ត្រូវបានទទួលស្គាល់ដោយ ព្រះរាជក្រឹត្យ និង មានឯកសារបញ្ជាក់ថា ធ្វើសម្បថនៅតុលាការកំពូល ផង {ស្របតាមច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និង ច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦} ។
ក្រុមអ្នកឃ្លាំមើល និងអ្នកច្បាប់ឯករាជ្យ តែងតែមានការព្រួយបារម្ភ ចំពោះបញ្ហាមិនប្រក្រតីមួយចំនួន រដ្ឋាភិបាល ស្ទាក់ស្ទើរក្នុងការអនុវត្តផ្លូវច្បាប់ ចំពោះជនអន្តោប្រវេសន៍ យួន ខុសច្បាប់នៅកម្ពុជា ហើយថា រដ្ឋាភិបាល ហ៊ុន សែន ត្រូវទទួលខុសត្រូវរឿងនេះ និង ត្រូវសើរើឯកសារមិនប្រក្រតី ឬឯកសារធ្វើឡើងក្រោមការសូកប៉ាន់ ពុករលួយ របស់ពួកមន្រ្តី។ រដ្ឋាភិបាល ក៏មិនត្រូវទទួលយកសំណើ របស់ រដ្ឋាភិបាលវៀតណាម ដើម្បីធ្វើឲ្យមានការថ្កោលទោស ពីពលរដ្ឋខ្មែរថា «ជាអាយ៉ងយួន ឬជាអ្នកធ្វើជាតិប្រហារ» បន្ថែមទៀតដែរ។ (អត្ថបទដោយ ម៉ែន ណាត /០២ កញ្ញា ២០១៧)