ចំណាត់ការយ៉ាងមុតមាំ ដោយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង ៣ ទសវត្សរ៍មកនេះ កើតឡើង បន្ទាប់ពីមានការកើនឡើង ការគាំទ្របក្សប្រឆាំង ជាពិសេសក្នុងចំណោម អ្នកបោះឆ្នោតវ័យក្មេង។
(VOA, 31-8-2017, Ron Corben, ប្រែសម្រួលបន្ថែមដោយ ណឹម សុភ័ក្រ្តបញ្ញា)
បាងកក — ចំណាត់ការនាពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបបណ្តាញផ្សព្វផ្សាយឯករាជ្យ ដែលរួមមានវិទ្យុ និងសារព័ត៌មាន ត្រូវបានក្រុមអ្នកវិភាគ និងក្រុមសកម្មជនយល់ឃើញថា ជាចំណាត់ការចម្បងមួយ របស់រដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រង នៅមុនការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨។
ចំណាត់ការយ៉ាងមុតមាំ ដោយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង ៣ ទសវត្សរ៍មកនេះ កើតឡើង បន្ទាប់ពីមានការកើនឡើង ការគាំទ្របក្សប្រឆាំង ជាពិសេស ក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង។
ការចោទប្រកាន់ពីយុទ្ធនាការ រដ្ឋាភិបាល ប្រឆាំងនឹងក្រុមសកម្មជនសិទ្ធិមនុស្ស
ក្រុមសកម្មជនសិទ្ធិមនុស្ស ក៏បានលើកឡើង ពីយុទ្ធសាស្រ្តទូលំទូលាយមួយ របស់រដ្ឋាភិបាលប្រឆាំង នឹងបណ្តាញផ្សព្វផ្សាយ និងក្រុមសកម្មជនសិទ្ធិមនុស្ស។
អង្គការវេទិកាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ បានថ្កោលទោសការវាយប្រហារ នាពេលថ្មីៗនេះប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយ។ អង្គការវេទិកាអាស៊ាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការគាបសង្កត់ទាំងនេះកើតឡើង នៅចំចំណុចរបត់សំខាន់មួយ សម្រាប់កម្ពុជា និងបានប៉ះពាល់យ៉ាងខ្លាំង ទៅលើភាពស្របច្បាប់ និងយុត្តិធម៌នៃ ការបោះឆ្នោតនៅឆ្នាំក្រោយ»។
អង្គការនេះ ក៏បានលើកឡើង ពីការបាញ់សម្លាប់សកម្មជនមួយរូប គឺលោក កែម ឡី ក្នុងខែកក្កដា កាលពីឆ្នាំមុនផងដែរ ក៏ដូចជា ការឃុំខ្លួនអ្នកនយោបាយ បក្សប្រឆាំង ដទៃទៀត និងបានបន្ថែមថា «វប្បធម៌ភាពភ័យខ្លាច កំពុងតែរីករាលដាលពេញផ្ទៃប្រទេស»។
យុទ្ធនាការបង្រ្កាបក្នុងទម្រង់ខុសៗគ្នា
យុទ្ធនាការបង្រ្កាបបណ្តាញផ្សព្វផ្សាយ រួមមានការទាមទារ ឲ្យបង់ពន្ធក្នុងទឹកប្រាក់ ៦,៣ លានដុល្លារ ពីកាសែតជាភាសាអង់គ្លេស The Cambodia Daily ដែលបានចេញផ្សាយចាប់តាំងពីឆ្នាំ ១៩៩៣ មក ដោយបង្ខំឲ្យកាសែតនេះ បញ្ឈប់ដំណើរការ ប្រសិនបើ មិនបង់ប្រាក់ត្រឹម ថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ។
គោលដៅនៃការបង្រ្កាបដទៃទៀត រួមមានវិទ្យុក្នុងស្រុកមួយចំនួន នៅកម្ពុជា ដែលផ្សព្វផ្សាយព័ត៌មាន ពី វិទ្យុអាស៊ីសេរី និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដោយរដ្ឋាភិបាល បានអះអាងថា វិទ្យុទាំងពីរនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងចោទប្រកាន់ថា ការិយាល័យវិទ្យុទាំងពីរ «មិនបានចុះបញ្ជី» ត្រឹមត្រូវជាមួយអាជ្ញាធរ។
នៅចុងខែសីហា ក្រសួងការបរទេសនៅកម្ពុជា បានបញ្ជាឲ្យបិទ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (NDI) ដែលជាអង្គការអន្តរជាតិ គាំទ្រលទ្ធិប្រជាធិបតេយ្យមួយ ដោយបញ្ជាឲ្យបុគ្គលិកបរទេស របស់អង្គការនេះចាកចេញ ពីប្រទេសកម្ពុជា មុនចុងខែ សីហា នេះ។
លោក Billy Chai-Lung Tai អ្នកវិភាគឯករាជ្យផ្នែកសិទ្ធិមនុស្ស និងការគ្រប់គ្រងគម្រោង និយាយថា ចំណាត់ការប្រឆាំង នឹងបណ្តាញផ្សព្វផ្សាយព័ត៌មាន បានធ្វើឲ្យមានការកាត់ផ្តាច់កាន់តែខ្លាំង រវាងរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៏ដូចជា ការតស៊ូមតិជាសាធារណៈ។
អ្នកវិភាគនិយាយថា ចិនជាកត្តានៅពីក្រោយមួយ
លោក Chai-Lung Tai បានលើកឡើងក្នុងសារអេឡិចត្រូនិច (អ៊ីម៉ែល) មួយមកកាន់ VOA ថា៖ «ជាក់ស្តែងគឺថា ការវាយប្រហារ ដើម្បីប្រយោជន៍ កំពុងកើតមានហើយ»។ លោកបានបន្ថែមថា រដ្ឋាភិបាលក៏លែងសូវមានការសម្របខ្លួនដូចមុន ចំពោះការរក្សា «រូបភាពគាំទ្រសិទ្ធិមនុស្ស ដើម្បីបង្ហាញទៅ ប្រទេសផ្តល់ជំនួយបរទេស តទៅទៀតហើយ»។
កម្ពុជា កំពុងតែថមថយ ក្នុងការពឹងផ្អែកលើ ជំនួយអភិវឌ្ឍន៍បរទេស ពីបស្ចឹមប្រទេស នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលសេដ្ឋកិច្ចប្រទេសនេះ បានរីកចម្រើន ហើយរដ្ឋាភិបាលកម្ពុជា បានពង្រឹងចំណងកាន់តែជិតដិត ជាមួយនឹងប្រទេស ចិន។
ការលើកឡើងផ្សេងៗ ដែលថា រដ្ឋាភិបាល ព្រួយបារម្ភពីការបោះឆ្នោត
លោក Nathan Thompson ប្រធានក្លឹបអ្នកសារព័ត៌មានបរទេស នៅកម្ពុជា (OPCC) បាននិយាយថា ការបោះឆ្នោតឆ្នាំ ២០១៨ ជាហេតុផលចម្បង នៅក្រោយការបង្រ្កាប ទៅលើបណ្តាញផ្សព្វផ្សាយ។
លោក Thompson បានប្រាប់ VOA តាមសារអេឡិចត្រូនិច (អ៊ីម៉ែល) ថា៖ «គណបក្សកាន់អំណាច ព្រួយបារម្ភយ៉ាងខ្លាំង អំពីការចាញ់ការបោះឆ្នោត នៅឆ្នាំ ២០១៨ ដូច្នេះហើយ បានជាពួកគេ ធ្វើការបង្រ្កាបលើគ្រប់សំឡេងប្រឆាំង»។ លោក ក៏បានលើកឡើងពីការទទួលបានសំឡេងឆ្នោតយ៉ាងច្រើនរបស់ បក្សប្រឆាំង នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កន្លងទៅនេះ ដោយនិយាយថា លទ្ធផលពីការបោះឆ្នោតឃុំសង្កាត់ «ត្រឹមតែធ្វើពួកគេ ព្រួយបារម្ភកាន់តែខ្លាំងឡើងប៉ុណ្ណោះ»។ លោកបាននិយាយថា ក៏មានការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជា ប្រហែលត្រូវពង្រឹងច្បាប់ទិដ្ឋាការ និងអាជ្ញាប័ណ្ណការងារ ដោយការណ៍នេះនឹងធ្វើឲ្យកាន់តែងាយស្រួល ចំពោះរដ្ឋាភិបាល ក្នុងការបដិសេធទិដ្ឋាការ សម្រាប់ទាំងអ្នកសារព័ត៌មាន មិនក្រោមអង្គភាពណាមួយ និងទាំងអ្នកឆ្លើយឆ្លងព័ត៌មានបរទេស។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចោទប្រកាន់រដ្ឋាភិបាលថា ចង់បង្រ្កាបក្រុមអ្នករិះគន់
អនុប្រធាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phil Robertson បាននិយាយថា រដ្ឋាភិបាលកំពុងតែបង្ហាញភាពផ្តាច់ការ ដើម្បីគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយ និង «កម្ចាត់» មេដឹកនាំនានា ក្នុងជួរបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល ដែលរិះគន់មកលើខ្លួន តាមរយៈ «ការចោទប្រកាន់ ពីបទឧក្រិដ្ឋមិនពិត ដែលត្រូវវិនិច្ឆ័យដោយចៅក្រម ជិតដិតនឹង [លោកនាយករដ្ឋមន្រ្តី]»។
លោក Robertson បាននិយាយថា យុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន គឺ «បន្ទុចបង្អាក់គ្រប់បណ្តាញផ្សព្វផ្សាយឯករាជ្យ ដែលនៅសេសសល់នានា មិនថាជា វិទ្យុ ឬសារព័ត៌មាន មុនពេលធ្វើយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតនៅ ខែ កក្កដា ឆ្នាំ២០១៨»។
នៅក្នុងសេចក្តីអធិប្បាយ កាលពីខែ ឧសភា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា បានកេងចំណេញពី «វោហារសាស្ត្រ និងគោលនយោបាយគឃ្លើន ជាងមុន» របស់រដ្ឋបាលប្រធានាធិបតីថ្មី នៅសហរដ្ឋអាមេរិក ទៅលើបណ្តាញផ្សព្វផ្សាយ (នៅសហរដ្ឋអាមេរិក)។
សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA) បាននិយាយថា រដ្ឋាភិបាលគួរបញ្ជាក់ឲ្យច្បាស់ពី និយ័តកម្មថ្មីពីដើមឡើយ «ជាជាងធ្វើការបង្រ្កាបភ្លាមៗ ជាចំណាត់ការដំបូង»។
លោក Edgardo Legaspi ប្រធានសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ បានហៅគោលនយោបាយ របស់រដ្ឋាភិបាលថាជា «ការវាយប្រហារជាប្រព័ន្ធ» នៅក្នុងការបំបិទសំឡេងបណ្តាញផ្សព្វផ្សាយ និងបានអំពាវនាវដល់ សហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាល ជុំវិញការបង្ក្រាបលើបណ្តាញផ្សព្វផ្សាយ នាពេលថ្មីៗនេះ។
លោក Legaspi បានប្រាប់ VOA ថា៖ «វាជាការសំខាន់ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការបង្ហាញក្តីបារម្ភរបស់ពួកគេ ជុំវិញព្រឹត្តិការណ៍នាពេលថ្មីៗនេះ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលកម្ពុជា ឲ្យប្រកាន់យកចំណាត់ការសមហេតុផលជាងនេះ ចំពោះការព្រួយបារម្ភ ដែលមានភ្លាមៗ របស់ពួកគេអំពីពន្ធដារ ឬរាយការណ៍ពីវិទ្យុ (បរទេស) ដែលទិញម៉ោងចាក់ផ្សាយ»។ លោកបាននិយាយថា៖ «យើងត្រូវស្នើសុំឲ្យដាក់បញ្ចូលឡើងវិញ ជាបន្ទាន់ នូវកម្មវិធីវិទ្យុ ដែលត្រូវបានលុបចោល»។
ចំណាត់ថ្នាក់ «សេរីភាពសារព័ត៌មាន» នៅកម្ពុជា នៅទាប
កម្ពុជា នៅតែជាប់ចំណាត់ថ្នាក់ទាបនៅឡើយ ចំពោះសេរីភាពសារព័ត៌មាន ដោយអង្គភាពឃ្លាំមើលបណ្តាញផ្សព្វផ្សាយ Freedom House បានចាត់ទុកបណ្តាញផ្សព្វផ្សាយ នៅកម្ពុជាថា «មិនសេរី» ខណៈដែលនៅក្នុងឆ្នាំ ២០១៦ អង្គការអ្នកសារព័ត៌មាន គ្មានព្រំដែន ចាត់ថ្នាក់កម្ពុជា នៅក្នុងចំណាត់ថ្នាក់ទី ១២៨ ក្នុងចំណោមប្រទេសចំនួន ១៨២ សម្រាប់សេរីភាពសារព័ត៌មាន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា អ្នកសារព័ត៌មានបានក្លាយជា «ជនរងគ្រោះនៃការវាយដំលើរាងកាយ ការបៀតបៀនតាមផ្លូវតុលាការ និងថែមទាំងការសម្លាប់ផងដែរ»។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩៤មក អ្នកសារព័ត៌មានចំនួន ១៤ នាក់ ត្រូវបានសម្លាប់ នៅកម្ពុជា ដោយការសម្លាប់ភាគច្រើន ត្រូវបានធ្វើឡើង «ដោយនិទណ្ឌភាពទាំងស្រុង» ហើយការណ៍នេះ បានបង្កឲ្យមាន «បរិយាកាសភ័យខ្លាច នៅក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកអធិប្បាយផ្នែកនយោបាយ នៅកម្ពុជា»។
រដ្ឋាភិបាលកម្ពុជា មិនបានឆ្លើយតបនឹងសំណើសុំសេចក្តីអធិប្បាយទេ៕