
(RFA KHmer /ដោយ មួង ណារេត / 06th-4-2019)
របបលោក ហ៊ុន សែន ជួលសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដែលមានឋានៈស្មើអភិបាលស្រុកមួយ នូវទឹកប្រាក់កន្លះលានដុល្លារ (៥០ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីជួយតស៊ូមតិឱ្យកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិក ថ្កោលទោស របបនេះ អំពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
ទីភ្នាក់ងារសារព័ត៌មាន AP (ឬ Associated Press) ឱ្យដឹងកាលពីថ្ងៃទី៥ ខែមេសា ថា សមាជិកព្រឹទ្ធសភាអាមេរិក ពីខាងគណបក្សសាធារណៈ នៅរដ្ឋវ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) បានចុះបញ្ជីតាំងខ្លួនជាភ្នាក់ងារបរទេស ដើម្បីពិគ្រោះយោបល់ និងជាសកម្មជនរត់ការ តំណាងឱ្យកម្ពុជា។
លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួលការពាររបបលោក ហ៊ុន សែន នេះក្នុងនាមក្រុមហ៊ុនមួយរបស់លោកឈ្មោះ ផែករិម (PacRim) ដែលគិតថ្លៃ ៥០ ម៉ឺន (៥០០.០០០) ដុល្លារក្នុងមួយឆ្នាំ ពីរបបលោក ហ៊ុន សែន ដើម្បីកិច្ចការពិគ្រោះយោបល់ផ្សេងៗ រួមទាំងការជួយចាត់ចែង និងសម្របសម្រួលដំណើរទស្សនកិច្ច របស់គណៈប្រតិភូកម្ពុជា ទៅទឹកដីអាមេរិកផង។
នេះគឺជារឿងដែលមិនធ្លាប់កើតមានមួយ ដែលសមាជិកព្រឹទ្ធិសភានៃរដ្ឋមួយ ឈរឈ្មោះតំណាងឱ្យរដ្ឋបរទេសមួយ ក្នុងការតស៊ូមតិបែបនេះ។ ប្រភពដដែល បានដកស្រង់ប្រសាសន៍មេធាវីនៃ ក្រុមប្រឹក្សាសីលធម៌សមាជិកសភា អ្នកស្រី ជេនីហ្វើរ ស្ត្រឹះស៍ (Jennifer Strus) ថាបើតាមច្បាប់របស់រដ្ឋ ស្ដីពីក្រមសីលធម៌នៃមុខងារសាធារណៈ គឺលោក ដាហ្គ អេរ៉ិចសិន មិនអាចធ្វើដូច្នេះបានទេ ដោយសារច្បាប់នោះហាម។
ប្រភពដដែល ដកស្រង់ប្រសាសន៍ ប្រធានអង្គការសង្គមស៊ីវិល ដេម៉ូក្រាស៊ី ថ្វិនធីវ័ន (Democracy 21) ដែលពិនិត្យមើលការចាយវាយលុយក្នុងផ្នែកនយោបាយ លោក ហ្វ្រិដ វើស្សៃមើរ (Fred Wertheimer) ថា រឿងនេះ ជារឿងដ៏ចម្លែកមួយ ដែលប្រទេសមួយ ជួលសមាជិកព្រឹទ្ធសភារបស់រដ្ឋ នៃប្រទេសមួយផ្សេងទៀត ឱ្យធ្វើជាអ្នករត់ការឱ្យខ្លួនបែបនេះ។
អាស៊ីសេរី ព្យាយាមទាក់ទងមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ជាច្រើនលើក កាលពីថ្ងៃទី ០៦ ខែមេសា ២០១៩ ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន បានទទួលស្វាគមន៍លោក ដាហ្គ អេរ៉ិចសិន យ៉ាងហ៊ឹកហាក់ ដោយលោក ហ៊ុន សែន ផ្ទាល់បានទទួលបដិសណ្ឋារកិច្ចលោក ដាហ្គ អេរ៉ិចសិន ជាផ្លូវការនៅវិមានសន្តិភាព និងផ្សាយតាមប្រព័ន្ធឃោសនារបស់លោកយ៉ាងសុះសាយ ក្នុងជំនួបចុងក្រោយរវាងលោក និង សមាជិកព្រឹទ្ធសភារូបនេះ កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅ។
លោក ដាហ្គ អេរ៉ិចសិន រងការរិះគន់យ៉ាងខ្លាំង ថាមានជំហរផ្ទុយទៅនឹងរដ្ឋាភិបាលអាមេរិក ចំពោះសាររបស់លោក ដែលគាំទ្រការបោះឆ្នោតនៅកម្ពុជា ព្រោះក្រសួងការបរទេសអាមេរិក បានថ្កោលទោស និងចាត់ទុកថា ការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយផាត់ចោលបក្សប្រឆាំងនោះ ថាក្លែងក្លាយ។
ទោះបីរបបលោក ហ៊ុន សែន អះអាងថា មិនឱនក្បាលចំពោះបរទេស រួមទាំងសហរដ្ឋអាមេរិកផង ដែលកំពុងដាក់សម្ពាធខ្លាំងលើរបបនេះ ឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញក៏ដោយ ក៏លោកនៅតែឆ្លៀតបញ្ជូនមន្ត្រីរបបលោក និងលោកខ្លួនឯង ក្នុងការស្វះស្វែងរកការចរចាជាមួយភាគីបរទេស ដើម្បីបញ្ចៀសទណ្ឌកម្មនេះ។
ទោះជាលោក ហ៊ុន សែន ខិតខំយ៉ាងនេះក្តី ក៏មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គ្មានជំនឿថា កម្ពុជានឹងរួចផុតពីទណ្ឌកម្មអន្តរជាតិនោះដែរ ដរាបណាស្ថានភាពអាក្រក់បច្ចុប្បន្ន នៅតែដដែលបែបនេះនោះ។
កូនស្រីច្បងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ចាត់ទុកការជួលសមាជិកព្រឹទ្ធសភារូបនេះ ឱ្យជួយរត់ការជួយរបបលោក ហ៊ុន សែន ក្នុងស្ថានភាពបែបនេះ គឺជារឿងឥតប្រយោជន៍។ កញ្ញា កឹម មនោវិទ្យា សរសេរនៅលើគណនីហ្វេសប៊ុកកញ្ញាថា ទោះជួលអ្នកគ្រាន់បើជាងនេះ រហូតដល់ ៥០ លានដុល្លារទៅទៀត ក៏មិនអាចជួយបង្វែរ ឬកែប្រែគោលជំហរសហរដ្ឋអាមេរិក ក្នុងការការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននោះដែរ។ កញ្ញាបន្ថែមថា ដំណោះស្រាយមានតែមួយគត់ គឺទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា និងបើកលំហប្រជាធិបតេយ្យ ដូចស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ។
.
.
លោក ហ៊ុន សែន កំពុងខិតខំផ្ដល់តម្លៃខ្ពស់ ដល់សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ ដែលមានឋានៈត្រឹមចៅហ្វាយស្រុកមួយរូបនេះ ស្របពេលដែលលោកចាត់ទុកមន្ត្រីប្រតិភូសហភាពអឺរ៉ុប ដែលចុះទៅស្រុកខ្មែរ កាលពីខែមីនា ដើម្បីជាផ្នែកមួយនៃនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA ថាជាមន្ត្រីតូចតាច មិនសមនឹងលោកជួប។
ការចំណាយលុយរាប់សិបម៉ឺនដុល្លារ ដើម្បីជួលមន្ត្រីរូបនេះ លោក ហ៊ុន សែន រងការរិះគន់ថា ចំណាយថវិកាខ្ជះខ្ជាយ និងឥតប្រយោជន៍ ស្របពេលលោក ដាហ្គ អេរ៉ិកសិន ត្រឹមតែជា ជាសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ (State Senator) មួយរូប ដែលគ្មានតួនាទីអ្វីក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកទាល់តែសោះ។ លោកមិនមែនសមាជិកសភាថ្នាក់ជាតិទេ (US senator)។ រដ្ឋនីមួយៗ មានសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ តិចឬច្រើន ទៅតាមរបាយប្រជាជន។ គ្រាន់តែរដ្ឋវ៉ាស៊ីនតោន ស្តេតមួយ ដែលលោករស់នៅ មានសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ ៤៩ នាក់ ដែលម្នាក់តំណាងឱ្យស្រុកមួយ។ ជារួមសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋម្នាក់ តំណាងពលរដ្ឋប្រមាណជាង ១សែននាក់ប៉ុណ្ណោះ ក្នុងរដ្ឋនោះ។ តួនាទីលោក ដាហ្គ អេរ៉ិកសិន គឺប្រហាក់ប្រហែលតួនាទីតំណាងសង្កាត់ ឬ State Representative បន្តិចបន្តួចប៉ុណ្ណោះ។ បើប្រៀបធៀបលោក ដាហ្គ អេរ៉ិកសិន ទៅនឹងពលរដ្ឋខ្មែរអាមេរិក ដែលជាប់ជាតំណាងសង្កាត់មួយ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត លោក មុំ រ៉ាឌី នោះ គឺពួកគាត់ មានឋានៈកម្រិតប្រហាក់ប្រហែលគ្នា ដែលគ្មានតួនាទីកម្រិតទំនាក់ទំនងអន្តរជាតិនោះឡើយ៕
.