
(អត្ថបទដោយ ម៉ែន ណាត /២២ មករា ២០១៩)
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ មករា ២០១៩ បានថ្លែងទិតៀន និងលាយឡំការព្រមាន ដល់ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនចំណុះរបបដឹកនាំរបស់លោក ថាមាននិន្នាការនៃការប្រើពាក្យ «របបក្រុងភ្នំពេញ ឬ របប ហ៊ុន សែន»។ លោកនិយាយថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។ លោក ស ខេង ថា «ការហៅរដ្ឋាភិបាល ជារបបក្រុងភ្នំពេញ ឬ របប ហ៊ុន សែន នោះគឺជាការលាបពណ៌ ដែលគេចង់សំដៅថា រដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋាភិបាលខុសច្បាប់។ វាជារឿងធ្ងន់ធ្ងរពេក យើងមិនអាចទទួលយកបានទេ»។
តាមវិទ្យុវីអូអេ (VOA) ថ្ងៃទី ២១ មករា នេះឲ្យដឹងថា ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ព្រមានមិនឲ្យស្ថាប័នសារព័ត៌មាន ប្រើពាក្យពីរឃ្លា ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនពេញចិត្តគឺ «របបក្រុងភ្នំពេញ» និង «របបលោក ហ៊ុន សែន» ទេ។ មន្ត្រីនាំពាក្យអះអាងថា ពាក្យទាំងនេះ មានគោលដៅ សម្រាប់បម្រើសកម្មភាពបដិវត្តន៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់វិទ្យុ VOA នៅថ្ងៃចន្ទ នេះថា ការប្រើប្រាស់ពាក្យខាងលើ គឺមានចរិតជាសកម្មភាពបដិវត្តន៍មួយ។
លោក ហ៊ីង សុខសាន្ត មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រាប់វិទ្យុអាស៊ីសេរី (RFA) ដែលមានខ្លឹមសារដើមថា «ការប្រើពាក្យ របបក្រុងភ្នំពេញ ឬ របប ហ៊ុន សែន មិនមានអ្វីខុសទាស់នោះទេ ព្រោះមិនមានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិណាមួយ ក្នុងការកម្រិតការប្រើពាក្យពេចន៍ របស់ពលរដ្ឋ ដែលចង់និយាយសម្តៅលើ រដ្ឋាភិបាលដឹកនាំ ដោយ គណបក្សប្រជាជនកម្ពុជា នោះឡើយ»។ លោក ថ្លែងថា «រដ្ឋាភិបាលបច្ចុប្បន្ន មិនបានកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ នោះទេ»។ លោក ជំរុញឱ្យក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ស្តារស្ថានការណ៍នយោបាយ និង ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេស ឱ្យបានល្អប្រសើរឡើងវិញ ជំនួសឱ្យការប្រឹងអួតខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យនោះ។
គួររំលឹកថា របប ហ៊ុន សែន កាលពី ថ្ងៃទី ១៦ វិច្ឆិកា ២០១៧ បានបញ្ជាឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ដោយរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ក្រោយការចាប់ឃុំខ្លួនប្រធានបក្សប្រឆាំងនេះ គឺលោក កឹម សុខា ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ តាំងពីថ្ងៃទី ០៣ កញ្ញា ២០១៧ មកនោះ។
កាលនោះផងដែរ របប ហ៊ុន សែន ក៏បានបង្ក្រាបអង្គការសង្គមស៊ីវិលរបស់អាមេរិកាំង NDI ការបិទអង្គភាពកាសែតឯករាជ្យ រួមទាំង The Cambodia Daily, VOA និង RFA ដែលររប ហ៊ុន សែន នេះ ទទួលការថ្កោលទោសធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ រួមទាំង អឺរ៉ុប និងអាមេរិក។
ទោះបីយ៉ាងណាក្តី សហភាពអឺរ៉ុប អាមេរិក និងប្រទេសលោកសេរីនានា មិនទាន់ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតរបស់របប ហ៊ុន សែន កាលពីខែកក្កដា ២០១៨ នៅឡើយទេ និងថែមដាក់ទណ្ឌកម្ម នៅលើមុខទំនិញខ្លះ នាំទៅអឺរ៉ុប ព្រមទាំងទណ្ឌកម្មលើមន្រ្តីធំៗខ្លះ របស់លោក ហ៊ុន សែន ក្នុងការចេញចូលទឹកដី អាមេរិក។
.