លិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ស៊ាន ប៉ែងសែ
ក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ (សហគមន៍ខ្មែរ) នៅប្រទេសន័រវេស៍ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសមាជិកសមាជិកានៃ គណ:កម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង បន្ទាប់ពីបានទទួលដំណឹងថា លោក ស៊ាន ប៉េងសែ ជាស្ថានិក និងជាប្រធានគណ:កម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ម៉ោង ៤ ហៀបភ្លឺ ដោយរោគាពាធ នៅមន្ទីពេទ្យ ទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d’Orgemont, 77100 Meaux, France) ក្នុងជន្មាយុ ៨២ ឆ្នំា។ (សូមចុចអានលិខិត)!
មរណភាពរបស់ លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តូចផ្តើមគំនិតតវ៉ារឿងប្រជុំ កោះត្រល់ ពីប្រទេសវៀតណាម នៅលើមូលដ្ឋានច្បាប់ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា បើទោះបីជារបបដឹកនាំរបស់លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំ កោះត្រល់ ទៅប្រទេសជិតខាងក្តី។
វីរភាព និងកិច្ចប្រឹងប្រែងរបស់លោក ព្រមទាំងសមាជិកនៃ គណៈកម្មាធិការព្រំដែនកម្ពុជា បានផ្តល់ឯកសារស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់យុវជនខ្មែរ ពលរដ្ឋខ្មែរ ឲ្យចេះចូលរួមការពារបូរណភាពទឹកដីខ្មែរ និងឲ្យចេះស្រឡាញ់ប្រទេសជាតិ។
ជាទីបញ្ចប់ យើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណខន្ធ លោក ស៊ាន ប៉េងសែ ឲ្យបានដល់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ធ្វើនៅទីក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨