
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបច្ចុប្បន្នជាប្រធាន សហភាពសហជីពកម្ពុជា ចូលរួមសន្និសីទអន្តរជាតិ លើកទី១០៨ (International Labour Conference) ស្តីអំពីការងារសម្រាប់អនាគតភ្លឺស្វាង (Work for a brighter future) ដែលរៀបចំដោយអង្គការពលកម្មអន្តរជាតិ (ILO) នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស (Geneva, Switzerland) ប្រព្រឹត្តទៅថ្ងៃទី ១០-២១ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមមន្រ្តីសហជីពពីប្រទេសកម្ពុជា ដែលគាំទ្ររដ្ឋាភិបាល និង សហជីពឯករាជ្យ មានសមាសភាពជិត ១០ រូបរួមមានលោក រ៉ុង ឈុន, លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា, លោក ជួន មុំថុល សហជីពរបស់រដ្ឋាភិបាល និងមន្រ្តីសហជីពអមដំណើរមួយចំនួនទៀត ចូលរួមក្នុងសន្និសីទអន្តរជាតិនេះ។
លោក រ៉ុង ឈុន បានថ្លែងថា សម្រាប់ប្រទេសកម្ពុជា យើងផ្តោតសំខាន់ទៅលើលក្ខខណ្ឌការងារ ដែលក្នុងនោះមានកិច្ចសន្យាការងាររយៈពេលវែង និងរយៈពេលខ្លី ហើយនិងបញ្ហាប្រាក់ឈ្នួលរបស់កម្មករនិយោជិត។ កិច្ចសន្យាការងាររយៈពេលខ្លី គឺជាបញ្ហាដ៏ចម្រូងចម្រាស់ក្នុងការចរចា រវាងក្រុមសហជីព ជាមួយនិងពួកនិយោជក ពីព្រោះច្បាប់ការងាររបស់កម្ពុជា មិនទាន់មានភាពប្រសើរនៅឡើយ។
លោក រ៉ុង ឈុន បន្ថែមថា «ចំពោះសេីភាពសហជីព និងស្ថានភាពការងាររបស់កម្មករនិយោជិតគឺ កម្ពុជានៅមានហានីភ័យខ្ពស់» ស្របពេលស្ថានភាពនយោបាយខ្មែរ ស្ថិតក្នុងស្ថានភាពស្រពិចស្រពិល និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យរងទណ្ឌកម្មធ្ងន់ធ្ងរពីសហភាពអឺរ៉ុប ក្នុងរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA និងពីសហរដ្ឋអារិក ក្នុងរឿងប្រព័ន្ធ GSP។
នៅលើគេហទំព័ររបស់ អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា អង្គការនេះគឺជាស្ថាប័នសម្រសម្រួលការងារ ទៅលើភាគីក្រុមសហជីពកម្មករ ជាមួយភាគីក្រុមហ៊ុននិយោជក និងភាគីរដ្ឋាភិបាល ដើម្បីលើកកំពស់វិស័យការងារ វិស័យសុខុមាលភាពសង្គម ការការពារបណ្តាញការងារសកល និងស្ថិរភាពសម្រាប់អនាគតការងារ។
(អត្ថបទដោយលោក ម៉ែន ណាត /១៣ មិថុនា ២០១៩)


