ក្រុមសហជីព សមាគមគ្រូបង្រៀន និងអង្គការយុវជន ជាសមាជិកនៃ សហភាពសហជីពកម្ពុជា ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ បានផ្ញើលិខិតទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើសុំព្រះអង្គធ្វើជាអាជ្ញាកណ្តាល ជួយសម្របសម្រួលស្ថានភាពនយោបាយ ជាការផ្សះផ្សារជាតិ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ក្នុងលិខិតរបស់សហភាពសហជីពនេះ បង្កប់ជាមួយគោលបំណងធ្វើយ៉ាងណា ឲ្យមានការទម្លាក់ចោលទាំងស្រុង នូវបទចោទប្រកាន់នានា ទៅលើលោក កឹម សុខា មេដឹកនាំ​​បក្ស​សង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួនឃុំឃាំងយ៉ាងអយុត្តិធម៌ ២ ឆ្នាំមកហើយ ដើម្បីជំរុញទៅរកយន្តការចរចា ផ្សះផ្សារ និង​ការរក្សាបាន​នូវប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) របស់សហភាពអឺរ៉ុប និង GSP (Generalized System of Preferences ) របស់សហរដ្ឋអាមេរិក ដែលកម្ពុជា​កំពុង​រង​​សម្ពាធ​ធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ។

ស្របគោលខ្លឹមសារលិខិតរបស់ក្រុមមេដឹកនាំសហភាពសហជីពនោះ នៅក្នុងទំព័រហ្វេសប៊ុក​របស់​ព្រះមហាក្សត្រ Royal du Cambodge ថ្ងៃទី០៥ កញ្ញា ២០១៩ នេះ បានដកស្រង់ព្រះរាជឱង្ការសម្តេចឪ នរោត្តម​ សីហនុ ចុះផ្សាយថា «ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង ជាអាវុធដ៏សំខាន់។​ ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើង ជាធ្លុងមួយនេះ នឹង​ជួយ​ស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើង ឲ្យឆ្លង​សមុទ្រគ្រោះថ្នាក់ ដែល​មាន​នៅ​មុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល»(អត្ថបទដោយលោក ម៉ែន ណាត)

ខ្លឹមសារលិខិតទាំងស្រុងរបស់ សហភាពសហជីពកម្ពុជា ដូចខាងក្រោម៖

……………………………….
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បពិតព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលបង្គំយើងខ្ញុំទាំងអស់គ្នាជាសមាជិកសហភាពសហជីពកម្ពុជា មានការព្រួយបារម្ភពន់ពេក ចំពោះស្ថានភាពនយោបាយដ៏អាប់អួរ ហើយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពជួបប្រជុំសម្តែងមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កត្តាទាំងនេះគឺជាផលវិបាករង្គម ជាបន្ទុកទាំងស្រុងរបស់សង្គម ដែលធ្វើកម្ពុជា ទទួលរងការ​គាប​សង្កត់ និងការព្រមានដាក់ទណ្ឌកម្មនានា ពីសំណាក់សហគមន៍អន្តរជាតិ ពោលគឺយន្តការ​ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ចាប់តាំងពី លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌ និងការរំលាយគណបក្សសង្គ្រោះជាតិ កាលចុងពីឆ្នាំ២០១៧។

ដោយនៅតែមានក្តីកង្វល់ថា បើសិនករណី EBA និង GSP នឹងត្រូវបានកាត់ផ្តាច់ ដោយសារ​​ក្រុមអ្នកនយោបាយ មិនព្រមបន្ទន់ឥរិយាបថរកគ្នា និងមិនព្រមស្វែងរកដំណោះ​ស្រាយបញ្ហាជាតិរួមគ្នាមែននោះ នោះកម្មករខ្មែរជាង ៧០ ម៉ឺននាក់ នឹងត្រូវប្រឈម​ការបាត់បង់ការងារ ហើយពលរដ្ឋរាប់លាននាក់ទៀត នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនយោបាយនេះ រួមទាំងអាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក អ្នករត់ឡានឈ្នួល និងញាតិមិត្តរបស់ក្រុមកម្មករផង។ ពេលនោះរដ្ឋាភិបាលកម្ពុជាំ គឺជាអ្នកទទួលខុសត្រូវទាំង​ស្រុង ចំពោះមុខជាតិ ពលរដ្ឋ និងប្រវត្តិសាស្រ្ត​ខ្មែរ។

សហភាពសហជីពកម្ពុជា យល់ឃើញថាដើម្បីបញ្ចៀសវិបត្តិសង្គមធ្ងន់ធ្ងរ និងភាពអាប់អួរនយោបាយរ៉ាំរ៉ៃតទៅមុខទៀត អ្នកនយោយខ្មែរគ្រប់ភាគី រួមទាំងភាគីអ្នករងគ្រោះ គប្បី​ងាក​ទៅ​រក​ការយោគយល់គ្នាជាថ្មី ផ្សះផ្សារការប្រេះស្រាំនានាដល់ជាតិ ដោយស្មគ្រចិត្តចូល​តុចរចា ក្នុងការការពារផលប្រយោជន៍ជាតិទាំងអស់គ្នា និងការរក្សាបាននូវប្រព័ន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។

ដូចបានទូលថ្វាយខាងលើ ទូលព្រះបង្គំយើងខ្ញុំ សូមយាងព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ប្រើបុព្វសិទ្ធិពិសេស ធ្វើជាអធិបតីអង្គប្រជុំ ជួយសម្របសម្រួលអ្នកនយោបាយ ទាំងភាគីរបស់គណបក្សប្រជាជនកម្ពុជា និងភាគីគណបក្សសង្គ្រោះជាតិ ដើម្បីស្តារលទ្ធិប្រជា​ធិបតេយ្យ និងធានាប្រក្រតីភាពរបស់កម្ពុជាឡើងវិញ ប្រកបដោយព្រះតម្រិះដ៏ខ្ពង់ខ្ពស់។

សូមករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះមេត្តាប្រោស ទទួលនូវ​ភារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។

ថ្ងៃពុធ ៦កើត ខែភទ្របទ ឯកស័ក ព.ស. ២៥៦៣
ក្រាបបង្គំទូថ្វាយនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩

(ហត្ថលេខា និងត្រា)
– រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
– យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសជីពកម្ពុជា
– អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
– មាស ម៉ុង អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា