
ថ្លែងក្នុងសន្និសីទកាសែត នៅការិយាល័យសមាគមគ្រូបង្រៀន ភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នេះ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀន និងជាប្រធានសហភាពសហជីពកម្ពុជា បានបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែរក្សាជំហរជួបជុំសម្តែងមតិ នៅខាងមុខតុលាការក្រុងភ្នំពេញ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល ដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសមនសិការឯទៀត បើទោះជាអាជ្ញាធរក្រុង ហាមប្រាម បំបិទសិទ្ធិក្រុមគ្រូបង្រៀន និងកម្មករ ដែលបានស្នើសុំកាលពីសប្តាហ៍មុន។ លោក រ៉ុង ឈុន បន្តថា ការជួបប្រជុំសម្លែងមតិនេះ ត្រូវលើកពេលរហូតដល់មានការជូនដំណឹងជាថ្មី ដោយសាថ្នាក់ដឹកនាំ មានបេសសកម្ម។
ក្នុងសន្និសីទកាសែតនេះ មានការចែកចាយសេចក្តីថ្លែងការណ៍របស់សមាគមគ្រូបង្រៀន ទៅក្រុមអ្នកកសែត ដោយសំដែងក្តីព្រួយបារម្ភអំពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ របស់អឺរ៉ុប និង របស់អាមេរិក ខណៈពេលរដ្ឋាភិបាល លោក ហ៊ុន សែន មិនទាន់បន្ទាន់ឥរិយាបថ ស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេត្យឡើងវិញ។
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖
សេចក្តីថ្លែងការណ៍
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានការសោកស្តាយ និងខកចិត្តជាខ្លាំង ចំពោះសាលារាជធានីភ្នំពេញ ដែលបដិសេធសំណើរបស់សមាគម ដោយមិនអនុញ្ញាតឲ្យធ្វើការជួបជុំសម្តែងមតិរបស់កម្មករ ក្រុមគ្រូបង្រៀន នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យមានការដោះលែង លោក កឹម សុខា និងលើកលែងការចោទប្រកាន់ លោក សម រង្ស៊ី ដែលជាកត្តាជួយលើកទឹកចិត្តរដ្ឋាភិបាល រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។
ទង្វើរបស់សាលារាជធានីភ្នំពេញ ដែលហាមប្រាមមិនឲ្យមានការជួបជុំសម្តែងមតិនេះ គឺជាការបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលមានចែងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជា និងប្រាស់ចាកពីកត្តិកាសញ្ញាស្តីពីសិទ្ធិមនុស្សសកល។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានការព្រួយបារម្ភ ចំពោះរដ្ឋាភិបាល នៅបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ការឃុំឃាំងមេដឹកនាំបក្សប្រឆាំង និងបញ្ហាគួបផ្សំជាច្រើនទៀត ដែលធ្វើឲ្យកម្ពុជា ប្រឈមកាន់តែខ្លាំងទៅនឹងការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ ហើយធ្វើឲ្យកម្មកររាប់សែននាក់ ទទួលផលវិបាកសង្គម រងគ្រោះដោយផ្ទាល់ បាត់បង់ការងារ និងបាត់អត្ថប្រយោជន៍នានា។ ពលរដ្ឋរាប់លាននាក់ទៀត ក៏ក្លាយជាជនរងគ្រោះដោយប្រយោល ពីផលវិបាកសង្គមមួយនេះ ក្នុងនោះរួមមានក្រុមគ្រួសារមន្រ្តីរាជការ កងម្លាំង និងអ្នកលក់ដូរផងដែរ។ ពេលនោះកម្ពុជា ប្រឈមការបាត់បង់ចំណូលជាតិមួយចំណែកធំ ហើយបញ្ហាសង្គម ក៏កាន់តែមានវិបត្តិធ្ងន់ធ្ងរ។
ដោយហេតុនេះ សមាគមគ្រូបង្រៀនឯករាជ្យ នៅតែរក្សជំហរក្នុងការជួបជុំសម្តែងមតិ ប៉ុន្តែការប្រមូលផ្តុំសម្តែងមតិ នៅថ្ងៃទី១៥ ខែសីហានេះ ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំមានបេសសកម្ម និងសូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល មេត្តាបើកលំហសិទ្ធិសេរីភាពពលរដ្ឋ សិទ្ធិជួបជុំសំដែងមតិ និងស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ តាមស្មារតីរដ្ឋធម្មនុញ្ញ ព្រមទាំងដោះលែងមេដឹកនាំបក្សប្រឆាំង និងអ្នកទោសមនសិការទាំងអស់ ដើម្បីថែរក្សាផលប្រយោជន៍ពលរដ្ឋ និងតម្លៃជាតិជាធំ។
រាជនីភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩
អគ្គលេខាធិការដ្ឋាន (មានត្រា)
