
(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត /២២ កក្ដដា ២០១៩)
បណ្តាញសារព័ត៌មានក្នុងស្រុក Fresh News ដែលគ្រប់គ្រងដោយការងារផ្ទាល់របស់លោក ហ៊ុន សែន បានចុះផ្សាយអំពីការប្រតិកម្ម តបទៅកាសែតអាមេរិក The Wall Street Journal នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះថា ជាការផ្សាយព័ត៌មានមិនពិត ពីកម្ពុជា។
លោក ហ៊ុន សែន មេដឹកនាំបក្សកុម្មុយនីស្ត CPP និងជាមេដឹកនាំផ្តាច់ការផង បានប្រតិកម្មដូច្នេះថា «តើកម្ពុជាត្រូវការវត្តមានយោធាចិន លើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិន លើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ»។
កាសែត The Wall Street Journal ផ្សាយថា ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់ ជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា ខណៈដែលរដ្ឋាភិបាលចិន កំពុងបង្កើនសមត្ថភាពយោធាខ្លួន ក្នុងការពិនិត្យមើលពីឥទ្ធិពលយោធា នៅជុំវិញពិភពលោក។
កាសែត The Wall Street Journal បន្តថារដ្ឋាភិបាលកម្ពុជា និង ចិន ចុះហត្ថលេខាជាសម្ងាត់ជាមួយគ្នា កាលពីអំឡុងត្រីមាសទី២ ឆ្នាំ២០១៩ ហើយថា «កិច្ចព្រមព្រៀងនោះ កម្ពុជាផ្តល់ឱ្យភាគីចិន នូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតប្រលានយន្តហោះធំមួយ ដែលកសាងដោយចិន និងអនុញ្ញាតឱ្យចិន ប្រើជាមូលដ្ឋានយោធា រយៈពេល ៣០ ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតនាវា ជាដើម»។
កាលពីខែវិច្ឆិកា ២០១៨ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានលើកឡើង «អំពីការលេចញនូវមូលដ្ឋានកងទ័ពជើងទឹកចិន នៅកម្ពុជា» នៅក្នុងកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិក។ មូលដ្ឋានកងទ័ពជើងទឹកចិន នៅកម្ពុជា ធ្វើឡើងតាមរយៈ ក្រុមហ៊ុនចិន Tianjin Union ដែលគេស្គាល់ថា ជាក្រុមហ៊ុន UDG នៅខេត្តកោះកុង។ ក្រុមហ៊ុននេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានចំនួន ៩៩ ឆ្នាំ លើផ្ទៃដីប្រមាណ២០% នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា កាលពីឆ្នាំ២០០៨។
គេហទំព័រ VOD News នៅថ្ងៃទី២២ ខែកក្កដានេះ បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ថា «ព័ត៌មានធ្វើឱ្យឈឺក្បាល វាអត់មានសោះ បែរជាធ្វើឱ្យមានបញ្ហាច្របូកច្របល់។ អស់ពីមួយ ដល់មួយ ធ្វើឱ្យមានការពិបាក ក្នុងការសន្និដ្ឋានសភាពការណ៍ វាធ្វើឱ្យមានការភ័ន្តច្រលំ ឬក៏បង្កាច់បង្ខូច អំពីជំហររបស់កម្ពុជា ដែលខំរក្សាភាពអព្យាក្រឹតរបស់ខ្លួន»។
អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោកស្រី Emily Zeeberg ត្រូវបាន VOD ដកស្រង់ដែរថា «សហរដ្ឋអាមេរិក កំពុងតាមដានពីការពិត នៃរឿងនេះ ដោយជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យបង្ហាញតម្លាភាព នៃទំនាក់ទំនងយោធា រវាងកម្ពុជា និងចិន ដើម្បីឱ្យពលរដ្ឋកម្ពុជា និង{ក្រុមប្រទេសក្នុង}តំបន់ អាចយល់ពីផលប៉ះពាល់ នៃទំនាក់ទំនងនេះ»។