លោក អ៊ុំ សំអាន រិះគន់​​របប​​ភ្នំពេញ​​ដែល​​ត្រៀម​​រៀបចំ​ខួប​ ៧​ មករា ​រួម​គ្នា​​ជាមួយ​​វៀតណាម

(RFA Khmer / ដោយ មាន ប្ញទ្ធិ / ០៩ ធ្នូ ២០១៨)
តំណាងរាស្ត្រ​ជាប់ឆ្នោត​មកពី ​គណបក្ស​សង្គ្រោះជាតិ ដែល​សកម្ម​ខាង ​បញ្ហា​ព្រំដែន និង ​អន្តោប្រវេសន៍ លោក អ៊ុំ សំអាន ​រិះគន់​របប​ក្រុង​ភ្នំពេញ​​ខ្លាំងៗ ដែល​គ្រោង​នឹង​រៀបចំ​រួមគ្នា ​ជាមួយ​ប្រទេស ​វៀតណាម ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៤០ ​ឆ្នាំ នៃ​ការ​ដួល​រលំ​ទៅ ​នៃ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី ៧ ខែ​មករា ខាង​មុខ​នេះ។ លោក ​ថាការរៀបចំ​ទិវា​រួមគ្នា​នេះ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​អ្វី​នោះ​ទេ  តែ​គឺជា​ការ​បង្ហាញ​ការ​ដឹងគុណ ឬ​ជំពាក់​គុណ​របស់​របប​នេះ ចំពោះ​ប្រទេស​វៀតណាម ​មិន​ចេះ​ចប់​មិន​ហើយ​ទៅវិញ​ទេ។

លោក អ៊ុំ សំអាន ថ្លែងប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី៩ ធ្នូ ថា រឿង​ដែល​វៀតណាម​ចង់​ឲ្យ​កម្ពុជា​រៀបចំ​ខួប​លើក​ទី ៤០​ ឆ្នាំ​រួមគ្នា​នេះ គឺជា​សារសំខាន់​មួយ​ដែល​មេដឹកនាំ​របប​កុម្មុយនិស្ត​វៀតណាម​ចង់​រំឭក​កម្ពុជា​ថា មេដឹកនាំ​សព្វថ្ងៃ​នេះ នៅតែ​ជាប់ជំពាក់​គុណ​របស់​វៀតណាម ដែល​បាន​លើក​បន្តុប​ពួកគេ​ឲ្យ​បាន​ឡើង​កាន់​អំណាច​រហូត​មក​ទល់​ពេល​សព្វថ្ងៃ​នេះ៖ «ខ្ញុំ​យល់​ថា ការ​ចង់​រៀបចំ​ខួប ៧ មករា រួមគ្នា​ជាមួយ​កម្ពុជា​ហ្នឹង គឺ​វៀតណាម​ចង់​រំឭក​កម្ពុជា​ថា កម្ពុជា គឺ​ជំពាក់​គុណ​វៀតណាម ដែល​វៀតណាម​បាន​បញ្ជូន​កងទ័ព​រាប់​ម៉ឺន​នាក់ កាលពី​ទសវត្សរ៍​ទី៨០ មក​រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម។ ដូច្នេះ ត្រូវតែ​ដឹងគុណ​វៀតណាម ត្រូវតែ​កាត់​ដី​ឲ្យ​វៀតណាម ត្រូវតែ​ឲ្យ​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា។ នេះ គឺ​គេ​រំឭក​គុណ​របស់​គេ។ យើង​ដឹង​ហើយ​កាលពី​ទសវត្សរ៍​ទី​៨០ ហ្នឹង កងទ័ព​វៀតណាម នៅ​កម្ពុជា ហើយ​យើង​ចុះសន្ធិសញ្ញា​ទៅលើ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​ធ្វើ​ឲ្យ​ខាតបង់​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន»។

លោក អ៊ុំ សំអាន មាន​ប្រសាសន៍​បន្ត​ថា ការ​រៀប​ចំ​នេះ មិន​មាន​ផ្ដល់​ផល​ចំណេញ​អ្វី ដល់​កម្ពុជា​នោះ​ទេ ក្រៅពី​អ្វី​ដែល​លោក​ថា កម្ពុជា​ត្រូវតែ​បន្ត​អនុវត្ត​ស្រប​តាម​មហិច្ឆតា​របស់​អតីត​មេដឹកនាំ កុម្មុយនិស្ត​វៀតណាម​លោក ហូ ជីមិញ ដែល​ចង់​យក​កម្ពុជា វៀតណាម និង​ឡាវ នៃ​តំបន់​ឥណ្ឌូចិន ក្លាយ​ទៅជា​ប្រទេស​តែមួយ​នៅ​ពេល​អនាគត ដែល​វៀតណាម​ជា​អ្នកគ្រប់គ្រង។

ការរិះគន់​ខ្លាំងៗ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​របប​ក្រុងភ្នំពេញ ហៅ​ការ​ប្រារព្ធ​រួមគ្នា​នេះ ថា​ដើម្បី​រំលឹក​ការ​តស៊ូ​រួមគ្នា ដើម្បី​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្សាយ​កាលពី​ថ្ងៃ​ទី៨ ធ្នូ ជុំវិញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ៣​ថ្ងៃ របស់​លោក ហ៊ុន សែន ទៅ​វៀតណាម ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃទី៨ ធ្នូ កន្លង​ទៅ​នេះ។

ព័ត៌មាន​នៃ​ការ​គ្រោង​រៀបចំ​រួមគ្នា​នៃ​ខួប​លើក​ទី៤០ នៃ​ទិវា​ដែល​ប្រទេស​ទាំងពីរ​ហៅថា «​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍» នេះ។ ដំបូង​ឡើយ​ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម រាយការណ៍​ឲ្យ​ដឹង កាលពី​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ទៅ​វៀតណាម កាលពី​ចុងខែ​វិច្ឆិកា ថា​គឺជា​សំណើ​របស់​នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វុក ដើម្បី​ជា​ការ​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​ជ្រាលជ្រៅ និង​លើកកម្ពស់​ការ​យល់ដឹង​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​អំពី​សារៈសំខាន់​នៃ​ប្រវត្តិសាស្ត្រ​នេះ ខណៈ​ថ្ងៃ​ទី៧ មករា គឺជា​ថ្ងៃ​ដ៏​ចម្រូងចម្រាស​មួយ​នៅ​កម្ពុជា ដោយសារ​វៀតណាម បាន​លើកទ័ព​ជាង ២​សែន​នាក់ ចូល​មក​លុកលុយ​កម្ពុជា ដោយ​លើក​បន្តុប​ក្រុម​បក្ខពួក​របប​លោក ហ៊ុន សែន សព្វថ្ងៃ ឲ្យ​ឡើង​កាន់​អំណាច ក្រោម​ការ​បន្ត​ត្រួតត្រា​របស់​ខ្លួន ដែល​មាន​លក្ខណៈ​ជា​អាណានិគម​មក​លើ​កម្ពុជា​អស់​រយៈពេល ១០ឆ្នាំ។

លោក អ៊ុំ សំអាន គូស​បញ្ជាក់​ថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​មិន​ចង់​ឃើញ​ការរៀបចំ​ពិធី​នេះ​រួមគ្នា​នោះ​ឡើយ ព្រោះ​ហេតុការណ៍​នេះ បង្ហាញ​ថា វៀតណាម​នៅ​តែ​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​ដដែល។

ក្រៅពី​ការ​ឯកភាព​រៀបចំ​រួមគ្នា​ទិវា ៧ មករា​នេះ សារព័ត៌មាន​វៀតណាម​រាយការណ៍​ថា ភាគី​ទាំង​ក៏​មាន​បំណង​ពន្លឿន​ការ​បិទ​បញ្ចប់​ការកំណត់​បង្គោល​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ដីគោក ដែល​មាន​ប្រវែង ១.២៧០ គីឡូម៉ែត្រ ឲ្យ​រួចរាល់​ត្រឹម​ឆ្នាំ២០១៩ ខណៈ​ភាគី​ទាំងពីរ នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវការ​ចំនួន​ពីរ ដើម្បី​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ការកំណត់​ខណ្ឌសីមា និង​ការ​បង្គោះ​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ​សម្រេច​បាន ៨៤​ភាគរយ កាល​ពី​កន្លង​ទៅ​នោះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា មិនបាន​រាយការណ៍​លម្អិត​ពី​រឿង​នេះ​ឡើយ ដោយ​គ្រាន់តែ​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ្វ៊ុក បាន​ពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ និង​បាន​ស្វាគមន៍​នូវ​សមិទ្ធផល​នៃ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កន្លងមក ហើយ​បាន​ឯកភាព​ជំរុញ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ដីគោក ដែល​នៅ​សេសសល់​ចំនួន ១៦​ភាគរយ​ទៀត។ ក្រសួង​ការបរទេស​ថា ការ​ដោះស្រាយ​នេះ គឺ​ផ្អែក​តាម​ស្មារតី​នៃ​មិត្តភាព និង​ភាពជា​អ្នកជិតខាង​ល្អ សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​រួម​ប្រកប​ដោយ មិត្តភាព សន្តិភាព ស្ថិរភាព និង​សហប្រតិបត្តិការ​រឹងមាំ​យូរអង្វែង​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយៗ។

ជុំវិញ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នេះ លោក អ៊ុំ សំអាន ប្រកាស​ជំហរ​ថា លោក​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​រាល់​អ្វី​ដែល​កម្ពុជា និង​វៀតណាម សម្រេច​បាន​ក្នុង​ការកំណត់​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​ទាំងនេះ ដោយ​ហេតុការណ៍​របប​ក្រុងភ្នំពេញ​ធ្វើឡើង​តាមរយៈ​អនុសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ដែល​កម្ពុជា​បាន​ចុះ​ដោយ​ខុសច្បាប់​ជាមួយ​វៀតណាម​កាល​ពី​ពេល​អតីត​កាល ឲ្យ​ព្យាយាម​ធ្វើ​ឲ្យ​ស្របច្បាប់​ឡើងវិញ​កាលពី​ឆ្នាំ​២០០៥ កន្លង​ទៅ តាមរយៈ​សន្ធិ​សញ្ញា​​បំពេញ​បន្ថែម​នៃ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ។ លោក អ៊ុំ សំអាន ព្រមាន​ថា គណបក្ស​សង្គ្រោះជាតិ នឹង​សើរើ​ឡើងវិញ​នូវ​រាល់​ដំណើរ​ការ​កំណត់​​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​ទាំងអស់​នេះ ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ជា​គោល ប្រសិនបើ​គណបក្ស​នេះ​មាន​ឱកាស​មក​ឡើង​កាន់​អំណាច​នា​ពេល​អនាគត​នោះ៕

.