ថ្ងៃទី០២ និង ទី៣ ខែមករានេះ ជាខួបបួនឆ្នាំដែលកងកម្លាំងរដ្ឋាភិបាលបង្រ្កាបហិង្សាទៅលើហ្វូងបាតុករ នៅផ្លូវជាតិលេខ៤ និង នៅផ្លូវវេងស្រេង ដែលបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស។ ជនរងគ្រោះនៅក្នុងព្រឹត្តិការហិង្សានេះ នៅតែចងចាំ និងឈឺចាប់ ដែលត្រូវទាហានឆត្រយោង ៩១១ នៅមុខរោងចក្រ យ៉ាក ជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ។ ពួកគេ នៅចងចាំរូបភាពហិង្សាទាំងនេះ និងបាននិងយាយថា ៤ ឆ្នាំមកនេះ ពួកគេនៅតែមិនទទួលបានយុត្តិធម៌នៅឡើយ។
(ដោយ មាន រិទ្ធ / RFA / 02-01-2018)
ក្រុមអ្នករងគ្រោះដោយការបង្ក្រាបមុខរោងចក្រ យ៉ាក ជីន នៅតែភ័យខ្លាចនៅពេលរំលឹកដល់ ការបង្ក្រាបកងទ័ពឆត្រយោង៩១១ មកលើពួកគេ ទោះបីជាព្រឹត្តិការហិង្សានោះ បានកន្លងផុតជាច្រើនឆ្នាំហើយក្ដី។
ក្រោយការបង្ក្រាបយ៉ាងហិង្សាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មកដល់ពេលនេះ មានអ្នកខ្លះបានជាសះស្បើយពីជំងឺ ប៉ុន្តែក៏មានអ្នកខ្លះមិនទាន់បានជាសះស្បើយនៅឡើយទេ ដោយត្រូវទៅព្យាបាលរបួសនៅក្រៅប្រទេស។
ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតឲ្យអាស៊ីសេរីដឹងថា លោកនៅតែនឹកឃើញរូបភាពក្រុមទាហាន យកដែកបំពងទីបវាយសំពងមករូបលោក ធ្វើឲ្យរងរបួស។ លោកបន្តថា អ្វីដែលកាន់តែឈឺចាប់ទៀតនោះ គឺក្រោយការបង្ក្រាបលោកនឹងអ្នកស្លូតត្រង់ផ្សេងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនយកដាក់ពន្ធនាគារ ហើយត្រូវតុលាការចោទប្រកាន់ទាំងអយុត្តិធម៌។ «»
ពលរដ្ឋសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិស័ក្កិ ដែលត្រូវក្រុមទាហានបង្ក្រាបដែរនោះ និយាយថា ខណៈលោកមិនទាន់ទទួលបានយុត្តិធម៌ ពីការបង្ក្រាបនេះ នៅថ្ងៃនេះលោក បានត្រឹមសរសេរពីការបង្ក្រាប លើរូបលោកបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។ លោក ចាន់ ពុទ្ធិស័ក្កិ រំលឹកថា នៅពេលនោះ ក្រុមនោះបានវាយធ្វើបាបលើលោករូបគ្រប់រូបភាព ហើយថែមទាំងយកអីវ៉ាន់របស់លោកទៀតផង។ «»
ករណីបង្ក្រាបបាតុកម្ម មកលើកម្មករនៅមុខរោងចក្រ យ៉ាក ជីន ក្នុងសង្កាត់កំបូល កាលពីថ្ងៃទី ០២ និងការបង្ក្រាបកម្មករនៅផ្លូវវេងស្រេង ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤ ដែលស្នើសុំដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារក្នុងមួយខែ ខណៈប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយនៅពេលនោះ កម្លាំងរដ្ឋាភិបាល មានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីបបានបាញ់ និងវាយទៅលើកម្មករ កាលពីថ្ងៃទី ២-៣ មករា នៅមុខរោងចក្រយ៉ាក ជីន និងផ្លូវវ៉េងស្រេង បណ្ដាលឲ្យមនុស្ស ៤ នាក់ស្លាប់ និងរបួសជិត ៤០ នាក់។ កងកម្លាំងរបស់រដ្ឋាភិបាលក៏បានចាប់ខ្លួនមនុស្ស ២៣នាក់ផ្សេងទៀត ពីបទបង្កហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងនោះ មានអ្នកការពារសិទ្ធិមនុស្សចំនួន ៣ នាក់គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ចាន់ ពុទ្ធិស័ក្កិ។
ព្រឹត្តិការណ៍នេះ បានបន្សល់ទុកនូវការភ័យខ្លាច ក្តីឈឺចាប់ ក្តីរន្ធត់ និងជនរងគ្រោះគ្រោះជាកម្មករដទៃទៀត។ ដោយឡែកនៅអមសងខាងផ្លូវឯណេះវិញ គេសង្កេតឃើញខ្សែភ្លើងដាច់រញ៉េរញ៉ៃ ដុំថ្មតូចធំនៅរាយប៉ាយពាសពេញផ្លូវ និងអគារមួយចំនួនត្រូវបាក់បែក ជាដើម។ យូរៗម្ដងគេសង្កេតឃើញអណ្ដាតភ្លើងក៏បានឆាបឆេះឡើងនៅលើកំណាត់ផ្លូវវ៉េងស្រេង នៅក្នុងពេលយុទ្ធនាការបង្ក្រាបហិង្សារបស់កម្លាំងប្រដាប់អាវុធមកលើក្រុមកម្មករ ធ្វើបាតុកម្ម កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
ប្រធានសមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ប្រាប់ថា បួនឆ្នាំមកនេះស្នាមរបួស ការឈឺចាប់ និងជំងឺរបស់លោកដោយការបង្ក្រាបហិង្សា ដែលកម្លាំងវាយដំ ទាត់ធាក់ មកលើរាងកាយលោកនោះ មិនទាន់ជាសះស្បើយនៅឡើយទេ ដោយលោកត្រូវទៅព្យាបាលនៅក្រៅប្រទេសរៀងរាល់ ២ ខែម្ដង។ លោកថា យុត្តិធម៌សម្រាប់លោក ប្រៀបដូចជាការរាវម្ជុលក្នុងបាតសមុទ្រដូច្នោះដែរ។
ជុំវិញករណីនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនបានទទួលខុសត្រូវទេ ហើយថែមទាំងចោទប្រកាន់ ក្រុមកម្មករ តំណាងសហជីពមួយចំនួន និងបក្សប្រឆាំងផងដែរ ថាមានបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក តាមរយៈការប៉ងធ្វើបដិវត្តពណ៌ទៅវិញ។ លោក ហ៊ុន សែន ថែមទាំងបានសម្ដែងការសោកស្ដាយ ពីព្រោះលោកមិនបានសម្លាប់អ្នកទាំងនោះឲ្យអស់ថែមទៀតផង។
ប៉ុន្តែ សហគមន៍អន្តរជាតិមិនយល់ដូចលោក ហ៊ុន សែន ចោទប្រកាន់បែបនេះទេ ពួកគេចាត់ទុកការបង្ក្រាបហិង្សារបស់រដ្ឋាភិបាល ការបិទសិទ្ធិសេរីភាព ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ គឺជារឿងខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវលើករណីអស់ទាំងនេះ។
អំពើហិង្សាបង្ក្រាបបាតុកម្មនៅផ្លូវវ៉េងស្រេងនេះ ធ្វើឲ្យមនុស្ស ៤នាក់ស្លាប់ មួយចំនួនត្រូវបានចាប់ខ្លួន រួមទាំង លោក ថេង សាវឿន លោក វន់ ពៅ ក្មេងប្រុសម្នាក់បាត់ខ្លួន និងរងរបួសជាច្រើននាក់ផ្សេងទៀត។
មន្ត្រីផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែន ករុណា និយាយថា ការបង្ក្រាបការទាមទាររបស់កម្មករកាលពីដើមឆ្នាំ២០១៤កន្លងទៅ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ លោកថា ប្រសិនរដ្ឋាភិបាលយល់ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យគួរស្ដាប់ការទាមទាររបស់ពលរដ្ឋ កម្មករ មិនមែនមកបង្ក្រាបពលរដ្ឋយ៉ាងហិង្សាដូចនោះទេ។
រយៈពេលបួនឆ្នាំមកនេះ ពលរដ្ឋ និងក្រុមមន្ត្រីសង្គមស៊ីវិលមួយចំនួន ត្រូវចាប់ខ្លួននិងចោទប្រកាន់ក្រោយការបង្ក្រាប។ បើទោះជាពួកគេ ត្រូវតុលាការឲ្យអនុវត្តទោសនៅក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្នុងការឃ្លាំងមើលរបស់តុលាការ ក្នុងចំណោមការចោទប្រកាន់អ្នកទាំងនោះ អ្នកខ្លះណាក៏រួចផុតការចោទប្រកាន់ និងអ្នកខ្លះទៀត ទោសរបស់ពួកគេមិនផុតអាជ្ញាយុកាលនៅឡើយទេ។
ការប្រារព្ធខួបនៃការវាយបង្ក្រាបនៅឆ្នាំនេះ ក្រុមពលរដ្ឋ និងសង្គមស៊ីវិលមិនបានទៅធ្វើពិធីនៅកន្លែងដែលត្រូវ កងកម្លាំងវាយបង្ក្រាបទេ ពួកគេបានត្រឹមតែបង្ហាញរូបភាពឈឺចាប់ដែលខ្លួនមាននៅលើបណ្ដាញសង្គមហ្វេសប៊ុករៀងៗខ្លួនតែប៉ុណ្ណោះ៕