
(RFA Khmer /ដោយ មួង ណារេត /11 th-2-2019)
សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ បានប្រកាសចាប់ផ្តើមនីតិវិធី ព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន ក្រោយព្រមានរបបលោក ហ៊ុន សែន តាំងពីដើមខែ តុលា ឆ្នាំ ២០១៨ អំពីការចាប់ផ្តើមនីតិវិធីនេះ បើរបបនេះមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ បញ្ជាក់ថា បើទោះបីនីតិវិធីព្យួរការអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ ឬ EBA» ពីកម្ពុជានេះ មិនមែនបានន័យថា សហភាពអឺរ៉ុប នឹងដកការអនុគ្រោះពន្ធនេះភ្លាមៗក៏ដោយ ក៏នៅទីបំផុត សហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធនេះជាស្ថាបពរ ប្រសិនបើរបបលោក ហ៊ុន សែន នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ទៅតាមសំណូមពររបស់សហគមន៍អន្តរជាតិ។
អនុប្រធានស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប អ្នកស្រី ហ្វេដេរ៊ីកា ម៉ូហ្ការ៊ីនី (Federica Mogherini ) បញ្ជាក់ថា រយៈពេល ១៨ ខែចុងក្រោយនេះ សហភាពអឺរ៉ុបមើលឃើញនូវស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា ធ្លាក់ចុះដុនដាបខ្លាំង។ សហភាពអឺរ៉ុប តាមរយៈរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ច្បាស់ ពីជំហររបស់សហភាពអឺរ៉ុបនេះរួចទៅហើយ ថាបើស្ថានភាពបច្ចុប្បន្ននេះ នៅតែមិនប្រសើរឡើង នោះការបន្តផ្តល់ការអនុគ្រោះពន្ធ នឹងជួបបញ្ហា។ អ្នកស្រីបញ្ជាក់បន្ថែមថា ភាពជាដៃគូផ្នែកពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបជាមួយកម្ពុជា ត្រូវឈរលើការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាមូលដ្ឋានស្នូល។
ចំណែកឯស្នងការពាណិជ្ជកម្មអឺរ៉ុបអ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្រ្តុម (Cecilia Malmström ) បានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ ថាច្បាស់ណាស់ នីតិវិធីព្យួរការអនុគ្រោះពន្ធនៅថ្ងៃនេះ មិនទាន់ជាសេចក្តីសម្រេចចុងក្រោយ ដកការអនុគ្រោះពន្ធភ្លាមមែន ប៉ុន្តែនីតិវិធីនេះចាប់ផ្តើមចេញដំណើរហើយ។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វីដែលសហភាពអឺរ៉ុប បញ្ជាក់ទៅភាគីកម្ពុជាឲ្យធ្វើតាមនោះ គឺមិនមែនជាការសន្យាខ្យល់ទេ។ អ្នកស្រីបញ្ជក់ទៀតថា បើកម្ពុជា ចង់បន្តទទួលបានការអនុគ្រោះពន្ធនេះតទៅទៀត កម្ពុជាត្រូវស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញដាច់ខាត។
សំណូមពរជាច្រើន ដែលសហភាពអឺរ៉ុបទាមទារឲ្យរបបលោក ហ៊ុន សែន ធ្វើតាម ដើម្បីជាថ្នូរនឹងការបន្តការផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មនេះ រួមមាន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញដូចដើម ផ្តល់មុខតំណែងដល់មន្រ្តីក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំងអស់ឡើងវិញ និង រៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដជាដើម។
សហភាពអឺរ៉ុប បានជូនដំណឹងទៅរបបលោក ហ៊ុន សែន កាលពីដើមខែ តុលា ឆ្នាំ ២០១៨ ថាសហភាពអឺរ៉ុប នឹងចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពន្ធ នៅខែ កុម្ភៈ នេះ បើរបបនេះ នៅតែចចេសមិនព្រមធ្វើតាមចំណុចអស់ទាំងនេះ។
ក្រោយការព្រមាននេះ របបលោក ហ៊ុន សែន បានបន្ទន់ឥរិយាបទខ្លះ ដូចជាដោះលែងអ្នកទោសនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មាន និង បន្ធូរបន្ថយការរឹតត្បិតសិទ្ធិសេរីភាពខ្លះ ចំពោះសហជីពកម្មករ ប៉ុន្តែ ប៉ុណ្ណឹង សហគមន៍អន្តរជាតិ យល់ថាមិនទាន់គ្រប់គ្រាន់ នៅឡើយទេ។
ចាប់ពីចេញសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថ្ងៃនេះ សហភាពអឺរ៉ុប នឹងផ្តើមបើកការត្រួតពិនិត្យ ស៊ីជម្រៅមួយសម្រាប់រយៈពេល ៦ ខែ។ បន្ទាប់មក បីខែតទៅមុខទៀត ស្ថាប័ននេះ នឹងចេញរបាយការណ៍ អំពីការវិវត្តនៃស្ថានការណ៍សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយសហភាពអឺរ៉ុប នឹងសម្រេចជាស្ថាបពរ ក្នុងការដកការអនុគ្រោះពន្ធនេះ។
ភ្លាមៗក្រោយការប្រកាសដំណឹងនេះ របបលោក ហ៊ុន សែន តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះសារតាមហ្វេស៊បុក ដោយភ្ជាប់មកនូវសេចក្តីថ្លែងការណ៍របស់របបនេះ និងបញ្ជាក់ថា ជាការរម្លឹកអំពីជំហររបស់ខ្លួន តបទៅនឹងសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍ចាស់នេះ ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ រៀបរាប់អំពីការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និង ចាត់ទុកការវាយតម្លៃរបស់ស្ថាប័នដែលមាន ២៨ ប្រទេសនេះ ថាលម្អៀង។ របបលោក ហ៊ុន សែន ការពារចំណាត់ការរម្លាយគណបក្សសង្គ្រោះជាតិ ថាជាការត្រឹមត្រូវ និង ប្រាប់ទៅសហភាពអឺរ៉ុបវិញថា បើនៅតែដកការអនុគ្រោះពន្ធពីកម្ពុជាមែន នោះកម្ពុជានឹងនៅតែបន្តប្តេជ្ញាតាំងចិត្តកាន់តែមុតមាំថែមទៀត ការពារ និង រក្សាចំណាត់ការ ដែលខ្លួនអះអាងថាត្រឹមត្រូវ និង ស្របច្បាប់ ស្របពេលដែលសហគមន៍អន្តរជាតិ ថ្កោលទោស និង ដាក់ទណ្ឌកម្មជុំទិសនេះ។
អ្នកវិភាគ មន្រ្តីសិទ្ធិមនុស្ស និង ប្រធានសហជីពកម្មករជាច្រើន បានព្រមានរបបលោក ហ៊ុន សែន ជាហូរហែមកហើយ ថាបើរបបនេះ នៅតែចចេស មិនព្រមស្តារសិទ្ធិមនុស្សឡើងវិញ កម្ពុជាចៀសមិនផុតពីបាត់បង់ការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ។ មជ្ឈដ្ឋានទូទៅ រួមទាំងតំណាងថៅកែរោងចក្រ និង អ្នកជំនួញធំៗផង សុទ្ធតែមើលឃើញពីផលប៉ះពាល់ធ្ងន់ លើវិស័យសេដ្ឋកិច្ចកម្ពុជា ពេលអត់ការអនុគ្រោះពន្ធនេះ។ ពលរដ្ឋខ្មែររាប់លាននាក់ នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារតែវិបត្តិនេះ៕
.