សហរដ្ឋអាមេរិក និង អឺរ៉ុប ប្រឆាំងជំទាស់ការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន កាលពីយប់រំលងអាធ្រាត ចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិគ្រឹះរបស់លោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ។
(VOA, 04-9-2017ដោយ សុខ ខេមរា)
វ៉ាស៊ីនតោន — អាមេរិក និង អឺរ៉ុប ប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំក្រុមជំទាស់ ដោយបានដាក់សំណួរ ទៅលើដំណើរការ និងភាពដែលអាចជឿទុកចិត្តបាន ចំពោះការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅក្នុងឆ្នាំ ២០១៨ ខាងមុខ។
ក្រសួងការបទេសអាមេរិក និងសហភាពអឺរ៉ុប បានប្រតិកម្មជំទាស់នឹងការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទដែលអាជ្ញាធរចោទថា ក្បត់ជាតិ ឬប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដែល VOA ទទួលបាន ក្រសួងការបរទេសអាមេរិកបញ្ជាក់ឲ្យដឹងថា៖ «យើងកត់សម្គាល់ពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនយោបាយជំទាស់ ដ៏គួរឲ្យគោរព ពីបទចោទមួយចំនួន ដែលមើលទៅហាក់ដូចជាមាននិន្នាការនយោបាយ»។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖ «ទង្វើរបស់រដ្ឋាភិបាលកម្ពុជា កើតឡើង ក្រោយពីមានជំហានថ្មីៗ ប្រកបដោយក្តីកង្វល់។ ក្នុងនោះ គឺការបំបិទសិទ្ធិសេរីភាព ចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលឯករាជ្យ ដែលមិនធ្លាប់កើតមានពីមុន។ វិធានការទាំងនេះ គឺធ្វើឲ្យមានការអន្តរាយ ដល់ដំណើរការជឿនលឿនរបស់កម្ពុជា ក្នុងទសវត្សរ៍ថ្មីៗ ហើយធ្វើឲ្យមានការលើកឡើង ជាសំណួរអំពីសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការរៀបចំការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប្រកបដោយការជឿជាក់ ដែលអាចបង្កើតលទ្ធផលបោះឆ្នោតមួយ ដែលស្របតាមច្បាប់គតិយុត្ត និងប្រជាធិបតេយ្យបាន»។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបវិញបានបញ្ជាក់ថា៖ «ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា កាលពីយប់ថ្ងៃទី ២ កញ្ញា ឈានចូលថ្ងៃទី ៣ កញ្ញា គឺជាការរំលោភអភ័យឯកសិទ្ធិសភា ហើយជាការបញ្ជាក់ពីកំណើនស្ថានភាពនយោបាយ ដ៏គ្រោះថ្នាក់។ បន្ថែមពីលើទង្វើរបស់អាជ្ញាធររដ្ឋាភិបាលថ្មីៗ ប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល និងអង្គការសារព័ត៌មាននានា ការចាប់ខ្លួននេះ ជាការចង្អុលបង្ហាញឲ្យដឹងអំពីការព្យាយាមរឹតត្បិតលំហរប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា និងលំហរអំពីការរាយការណ៍ព័ត៌មាន ការបញ្ចេញមតិ និងការិះគន់ ដោយឯករាជ្យ»។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖ «ដំណើរការប្រជាធិបតេយ្យដែលគួរឲ្យជឿជាក់បាន ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខ ក្នុងខែកក្កដា ឆ្នាំ២០១៨ នោះ ចាំបាច់ត្រូវមានបរិយាកាស ដែលគណបក្សនយោបាយនានា អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មាន អាចអនុវត្តតួនាទីរបស់គេរៀងខ្លួនតាមច្បាប់ ដោយគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង ឬរឹតត្បិតតាមអំពើចិត្តឡើយ។ សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជួយដល់កម្ពុជា ក្នុងកិច្ចប្រឹងប្រែងនេះ។ យើងក៏រំពឹងថា អាជ្ញាធរកម្ពុជា គោរពសិទ្ធិទទួលបានដំណើរការផ្លូវច្បាប់ របស់ពលរដ្ឋកម្ពុជាទាំងអស់ ហើយនឹងប្រតិបត្តិការរបស់ អង្គការនានា ក្នុងប្រទេសកម្ពុជាផងដែរ។ ដោយសារអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា យើងសង្ឃឹមថា អាជ្ញាធរនឹងដោះលែងលោក កឹម សុខា ជាបន្ទាន់»។
ទន្ទឹមគ្នានឹងមានសេចក្តីថ្លែងការណ៍របស់ សហគមន៍អន្តរជាតិ និង អង្គការសង្គមស៊ីវិលអន្តរជាតិនានានោះ ក៏មានសេចក្តីថ្លែងការណ៍ព្រោងព្រាត ពីមន្ត្រីយោធាជាន់ខ្ពស់ និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋាភិបាល និងពលរដ្ឋអ្នកគាំទ្រគណបក្សគ្រប់គ្រងប្រទេស ត្រូវបានផ្សព្វផ្សាយបន្ទរ តាមការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅលើមេដឹកនាំជំទាស់គឺលោក កឹម សុខា ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយភ្លាមៗ ក្រោយការចាប់ខ្លួន លោក កឹម សុខា ឱ្យដឹងថា វីដេអូខ្លីមួយដែលចែកចាយតាមបណ្តាញសង្គម និងភស្តុតាងប្រមូលបានដោយសម្ថកិច្ច បញ្ជាក់ថា លោក កឹម សុខា បានរៀបចំផែនការសម្ងាត់ ឃុបឃិតគ្នាជាមួយបក្ខពួកបរទេស ដែលនេះគឺជាអំពើចារកម្ម ក្បត់ជាតិ តាមបញ្ញាត្តិច្បាប់ ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដដែល អំពាវនាវឱ្យមានការស្ងៀមស្ងាត់ នឹងទុកករណីនេះ ជូនតុលាការកម្ពុជា ដើម្បីបន្តនីតិវិធីរបស់ខ្លួន។
នៅក្នុង សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារបស់លោក ម៉ែន ណាត ក្នុងប្រទេសន័រវេ បានថ្កោលទោស ចំពោះការចាប់ខ្លួនលោក កឹម សុខា ថាផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយបានអំពាវនាវដល់ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីធានាប្រក្រតីភាពឡើងវិញ នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់ឱកាស និងផ្តល់សិទ្ធិសេរីភាពស្មើគ្នា ឲ្យគណបក្សប្រឆាំង ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខ ដោយសេរី យុត្តិធម៌ អាចទទួលយកបាន។
{លោក ម៉ែន ណាត}៖ «ខ្ញុំយល់ថា បើរដ្ឋាភិបាល មិនអនុវត្តដូចជម្រាបជូនខាងដើមទេ មានន័យថា រដ្ឋាភិបាល ធ្វើរដ្ឋប្រហារធម្មនុញ្ញហើយ។ ហើយយើងឃើញថា ជាការក្តោបក្តាប់អំណាចមួយ ឈានទៅរកការដឹកនាំបែបផ្តាច់ការ ដែលពលរដ្ឋកម្ពុជា មិនអាចទទួលយកបាន ជាដាច់ខាត»។
លោក ម៉ែន ណាត បានបន្តថា រដ្ឋាភិបាល បានធ្វើផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង កិច្ចព្រមព្រៀងរបស់ អ.ស.ប.ចំពោះការគោរពសិទ្ធិមនុស្ស និងការអនុវត្តន៍ប្រជាធិបតេយ្យ ។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ ដែលគណបក្សជំទាស់ ត្រូវគេដឹងថា កំពុងឡើងសំឡេងប្រកិតៗ នឹងគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះ៕