
(ដោយ បែន សុខហ៊ាន / Phnom Penh Post /25-1-2018)
ភ្នំពេញ៖ អតីតអ្នកជំនាញព្រំដែនកម្ពុជា លោក ស៊ាន ប៉េងសែ ដែលជាអ្នករិះគន់ឥតសំចៃ មកលើរដ្ឋាភិបាល ជុំវិញបញ្ហាព្រំដែន និង ជាអតីតមន្ត្រីជាន់ខ្ពស់ ក្នុងរបបលោកសេនាប្រមុខ លន់ នល់ នាទសវត្សរ៍ទី ៧០ បានទទួលមរណភាព នៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃអង្គារ {ថ្ងៃទី ២៣ ខែមករា ២០១៨} ក្នុងទីក្រុងប៉ារីស ទីដែលលោកបានរស់នៅ ដោយនិរទេស ចាប់តាំងពីការដួលរលំនៃ របបសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមេរិកមក។
លោក ប៉េងសែ បានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំដោយរោគាពាធ នៅមន្ទីរពេទ្យ (Centre Hospitalier d’Orgemont, 77100 Meaux, France) បន្ទាប់ពីលោក បានរស់នៅដោយនិរទេសខ្លួនតាំងពីឆ្នាំ ១៩៧៤ មក។ លោក ប៉េងសែ កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៣៦ នៅក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី វណ្ណ ដារ៉េត ដែលត្រូវជាក្មួយបង្កើតរបស់ព្រឹទ្ធាចារ្យស្ថាបត្យករខ្មែរដ៏ល្បីល្បាញ វណ្ណ មូលីវណ្ណ នៅខែមករា ឆ្នាំ ១៩៦៦ ដោយមានកូនចំនួន ៤ នាក់ ប្រុស ៣ នាក់។ លោក មានឪពុកឈ្មោះ ស៊ាន ប៊ុនសេង និងម្តាយឈ្មោះ ហេង យូឡាយ។
តាមការបញ្ជាក់របស់ លោក ឌី ការ៉េត អតីតអ្នកកាសែតជើងចាស់ និងជាមិត្តភក្តិជិតស្និទ្ធ ដែលបានសរសេរប្រវត្តិរបស់ លោក ប៉េងសែ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីទីក្រុងប៉ារីស កាលពីម្សិលមិញថា លោក ប៉េងសែ បានសិក្សានៅវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម និងបន្តទៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងទីក្រុងភ្នំពេញ។ ចន្លោះពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦០ លោក បានអាហារូបករណ៍ទៅរៀន នៅប្រទេសបារាំង នៅសាលាជាន់ខ្ពស់បារាំង សិក្សាអំពី រ៉ែ និងបានទទួលសញ្ញាបត្រជាវិស្វករ។
លោក បានត្រឡប់មកកម្ពុជា ក្រោយពីបញ្ចប់ការសិក្សា និងធ្វើជានាយកមន្ទីរ រ៉ែ នៃក្រសួងឧស្សាហកម្ម ចន្លោះពីឆ្នាំ ១៩៦៧ ដល់ ១៩៧០។
នៅថ្ងៃទី ១១ ខែមេសាឆ្នាំ ១៨៧០ លោក ត្រូវបានតែងតាំងជាអគ្គស្នងការទទួលបន្ទុកថាមពល រ៉ែ និងសមុទ្រ។ នៅខែឧសភា ឆ្នាំ ១៩៧៣ របបសាធារណរដ្ឋខ្មែរ បានតែងតាំងលោក ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង សិប្បកម្ម។ នៅខែឧសភា ១៩៧៤ លោកត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមការចរចា អំពីបញ្ហាព្រំដែន ជាមួយវៀតណាម ខាងត្បូង នៅទីក្រុងប៉ារីស។
លោក ឌី ការ៉េត បញ្ជាក់ថាពេលនោះហើយដែល លោក ស៊ាន ប៉េងសែ ត្រូវជាប់គាំង នៅប្រទេសបារាំង ខណៈកងទ័ពខ្មែរក្រហម បានផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ និងចូលកាន់កាប់ទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៧៥។ លោក ប៉េងសែ បានទទួលសញ្ជាតិបារាំង នៅឆ្នាំ ១៩៧៩។
លោក បានបង្កើត គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នាឆ្នាំ ១៩៩៩ ដែលមានលោកជាប្រធាន រហូតមកដល់សព្វថ្ងៃ និងបានធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០០ ដើម្បីជួបជាមួយ ព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីស្នើឲ្យព្រះអង្គ អន្តរាគមន៍លុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ និង ១៩៨៥ ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលខ្មែរសម័យនោះ ដែលលោកចាត់ទុកថា «បានធ្វើឲ្យបាត់បង់ទឹកដី សមុទ្រ កោះត្រល់ និងកោះក្រចកសេះ ទៅប្រទេសវៀតណាម ខណៈដែលពេលនោះប្រទេសកម្ពុជា គ្រប់គ្រងដោយកងទ័ពវៀតណាម»។
លោក ឌី ការ៉េត ថ្លែងថា៖ «គាត់គឺជាបុគ្គលស្លូតបូតល្អ ត្រឹមត្រូវ ចិត្តត្រង់ និងមានចិត្តសប្បុរស ជាមួយមិត្តភក្ដិណាស់ អត់ចេះភូត ឬនិយាយបំផ្លើស។ គាត់ជាមនុស្សមានសីលធម៌ខ្ពស់… ប៉ុន្តែរឿងមួយទៀតនៅពេលចាប់ផ្តើមនិយាយគ្នា គាត់អត់និយាយរឿងអីក្រៅ ពីរឿងបូរណភាពទឹកដី រឿងព្រំដែន និងរឿងគាត់មួម៉ៅ ក្ដៅក្រហាយ នឹងសន្ធិសញ្ញា ដែលយួន ស៊ីញ៉េជាមួយលោក ហ៊ុន សែន អំពីរឿងទឹកដី រឿងព្រំដែន។ គាត់ខឹងណាស់ គាត់មួម៉ៅណាស់។ គាត់ បានផ្តាំហើយផ្តាំទៀត ឲ្យលុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ រឿងសមុទ្រ និង ១៩៨៥ រឿងព្រំដែនដីគោក»។
លោកបញ្ជាក់ថាលោក ប៉េងសែ ចាត់ទុកសន្ធិសញ្ញាទាំងនេះ រួមទាំងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ថា «ខុសច្បាប់» និង «បំពានលើច្បាប់អន្តរជាតិ»។
ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជា បានច្រានចោលការលើកឡើងទាំងនេះ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ធ្វើការបំភ្លឺជាច្រើនម៉ោង នៅក្នុងរដ្ឋសភាកាលពីឆ្នាំ ២០១២ ជុំវិញបញ្ហាព្រំដែននេះ។
លោក ប៉េងសែ ក៏ធ្លាប់ត្រូវបានតុលាការកម្ពុជា ធ្វើការចោទប្រកាន់ ដោយកំបាំងមុខ ជុំវិញបណ្ដឹងបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហ៊ុន សែន ផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ខេមបូឌាដេលី កាលពីឆ្នាំ ២០០៥។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ថ្លែងថា លោកសូមចូលរួមមរណទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសពលោក ប៉េងសែ។ ប៉ុន្តែលោកថា លោក ប៉េងសែ បានធ្វើការអះអាងផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «យើងមានការសោកស្ដាយដែរកន្លែងខ្លះ ក៏ឃើញការបញ្ចេញមតិយោបល់ ផ្អែកលើការយល់ឃើញរបស់គាត់ ផ្អែកលើនិន្នាការនយោបាយ ដូច្នេះវាជាបញ្ហាផ្ទុយគ្នាខ្លះ ឬខ្វែងគំនិតគ្នាជាមួយនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន។ យើងខ្វែងគំនិតគ្នាដោយសារគាត់មាននិន្នាការខាងសេរីនិយម គាត់ចោទគណបក្សប្រជាជនថា កុម្មុយនីស្ត និងចោទផ្ទុយអំពីបញ្ហាជាក់ស្ដែង ដែលរាជរដ្ឋាភិបាលគណបក្សប្រជាជន តែងតែគិតគូរការពារបូរណភាពទឹកដី យើងបោះបង្គោលព្រំដែនផ្អែក លើគោលការណ៍ច្បាប់ គោលការណ៍ដែលឯកសារបន្សល់ទុក ដោយអាណានិគមបារាំង។ យើងមិនបានធ្វើផែនទីដោយខ្លួនឯងឯណា យើងយកផែនទី ដែលបន្សល់ទុកដោយអាណានិគមនិយម បារាំង»។
លោកបន្ថែមថា៖ «គាត់ក៏ប្រើផែនទីបារាំងដែរ មូលហេតុអី បានជាគាត់ វាយតម្លៃថារាជរដ្ឋាភិបាល ធ្វើឲ្យបាត់បង់ទឹកដីរាប់ម៉ឺនគីឡូ។ បោះបង្គោលព្រំដែនគោក រវាងវៀតណាម ក៏ប៉ុន្តែគាត់ថា បាត់បង់ដែនសមុទ្រដល់ទៅ ៤ ម៉ឺនគីឡូម៉ែត្រការ៉េ អាហ្នឹងជាការមិនត្រឹមត្រូវ ហើយពីព្រោះព្រំដែនទឹកយើង មិនទាន់បានកំណត់នៅឡើយទេ មិនទាន់មានការឯកភាពកំណត់ថា ត្រង់ចំណុចណាជាចំណុចណាទេ»។ លោកបញ្ជាក់ថា៖ «ដោយសារសន្ធិសញ្ញាហ្នឹងហើយ ដែលយើងការពារបានទឹកដីថា កោះពូលូវ៉ៃ ជារបស់ខ្មែរ ដែលវៀតណាម ក៏ទទួលស្គាល់បច្ចុប្បន្ននេះ វាគ្មានបញ្ហាអីទេ។ កាលជំនាន់ លន់ នល់ កោះពូលូវ៉ៃ មិនមែនជារបស់ខ្មែរឯណា គឺវៀតណាមខាងត្បូង កាន់កាប់។ អត់មានប៉ះពាល់កោះត្រល់ទេ ព្រោះកោះត្រល់ បានបាត់អធិបតេយ្យរបស់កូសាំងស៊ីន តាំងពីឆ្នាំ ១៩៣៩ ហើយបែរជាមកបន្ទោស រាជរដ្ឋាភិបាល ក្រោយឆ្នាំ ១៩៩៣ ម៉េចកើត! …»។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ ដែលមានមូលដ្ឋាន នៅប្រទេសន័រវេសដែលមានលោក ម៉ែន ណាត ជាប្រធាន បានចេញលិខិតរំលែកទុក្ខមួយកាលពីថ្ងៃម្សិលមិញ ដោយចាត់ទុកមរណភាពរបស់ លោក ប៉េងសែ ថាជា «ការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ»។
លិខិតរំលែកទុក្ខមានខ្លឹមសារថា៖ «មរណភាពរបស់លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិត តវ៉ារឿងប្រជុំ កោះត្រល់ ពីប្រទេសវៀតណាម នៅលើមូលដ្ឋានច្បាប់ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា បើទោះបីជារបបដឹកនាំរបស់ លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំ កោះត្រល់ ទៅប្រទេសជិតខាងក្តី»។
លោក រ៉ុង ឈុន អតីតសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង បច្ចុប្បន្នជាសមាជិកម្នាក់នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកមរណភាពលោក ប៉េងសែ ថាជាការបាត់ ទ្រព្យសម្បត្តិដ៏មានសារៈសំខាន់មួយ របស់ប្រទេសជាតិ។ «គាត់ បានលះបង់ច្រើន តាំងពីសម័យសង្គមរាស្ត្រនិយមមក គាត់បានធ្វើការងារយ៉ាងច្រើន អំពីបញ្ហាព្រំដែនគោក ក៏ដូចជាព្រំដែនសមុទ្រ»។ លោកថ្លែងថាលោក ប៉េងសែ ធ្លាប់បានជជែកពិភាក្សា ជាមួយសម្ដេចនរោត្តម សីហនុ នាទីក្រុងប៉េកាំង ស្ដីអំពីបញ្ហាព្រំដែនកម្ពុជា។ «ឲ្យតែគាត់មានការលើកឡើង និយាយពីព្រំដែនឃើញថា រដ្ឋាភិបាល មិនសប្បាយចិត្តនៅរាល់ការលើកឡើងរបស់គាត់។ គេបដិសេធ និងប្រតិកម្មខ្លាំងៗ ត្រឡប់ទៅគាត់វិញ…។ រាល់មតិដែលលើកឡើងត្រូវយកមកគិតពិចារណា មិនត្រូវចាត់ទុកដូចជាបន្លា នៅក្នុងកែវភ្នែកទេ ពីព្រោះដើម្បីជាតិរស់ មិនមែនដើម្បីបុគ្គល ឬនរណាម្នាក់ទេ»។
លោក ឡុង បុត្តា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងថាការស្លាប់របស់លោក ប៉េងសែ គឺស្មើនឹងការបាត់បង់សាក្សីរស់ដ៏សំខាន់ ដែលបានរួមចំណែកក្នុងកិច្ចការព្រំដែន របស់កម្ពុជា។ លោក បានថ្លែងថា៖ «គាត់ជាអ្នកដែលស្គាល់រឿងបញ្ហាព្រំដែនច្បាស់លាស់ គាត់បានធ្វើកិច្ចការជាច្រើន លើវិស័យឧស្សាហកម្ម រ៉ែ និងកិច្ចការព្រំដែន…»។
តាមការគ្រោងទុកសពលោក ស៊ាន ប៉េងសែ នឹងត្រូវបូជានៅថ្ងៃទី ២៩ ខែមករា និងធ្វើពិធីបុណ្យ ៧ ថ្ងៃនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវត្តពោធិវង្ស នាក្រុង សង់ សួរម៉ាន ប្រទេសបារាំង៕



