លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆាំង ដែលជាអ្នកស្រាវជ្រាវឯកសារព្រំដែន និងដឹកនាំសកម្មជន ទៅពិនិត្យមើលព្រំដែន ខ្មែរ-យួន ជាញឹកញាប់ កាលពីឆ្នាំ២០១៥ បានរកឃើញថា ភាគីយួន បោះបង្គោលព្រំដែន ចូលក្នុងទឹកដីខ្មែរ ស្ទើរគ្រប់ចំណុច។ ហើយលោក បានរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់ផែនទីនានា អមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែលផលិតនៅ យួន មកធ្វើការបោះបង្គោលព្រំដែន (នេះបញ្ជាក់ដោយ វ៉ា គឹមហុង តំណាងរដ្ឋាភិបាល ក្នុងសន្នសីទកាសែតរឿងព្រំដែន ថ្ងៃទី០២ កក្កដា ២០១៥)។
កាលនោះលោក អ៊ុំ សំអាន បានហៅការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាល ហ៊ុន សែន ជាមួយភាគី យួន ថាជាការចាញ់ប្រៀប រដ្ឋាភិបាល យួន ដែលផ្ទុយទាំងស្រុងខ្លឹមសាររដ្ឋធម្មនុញ្ញ មាត្រា២ និងមាត្រា៥៥ ព្រមទាំងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១។
លោក អ៊ុំ សំអាន ត្រូវបានរបប ហ៊ុន សែន បញ្ជាចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀុំមរាប បន្ទាប់ពីលោក ត្រឡប់ពីអាមេរិក ដល់បណ្ឌលតំណាងរាស្រ្តរបស់លោក។ (អត្ថបទដោយ ម៉ែន ណាត)
ការវិវត្តនៃអ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលជាប់នៅក្នុងពន្ធនាគារ ព្រៃ.ស
(RFA Khmer, 10 Dec 2017 ដោយ មួង ណារេត)
មេធាវីការពារក្ដីឲ្យ សមាជិកសភាតំណាងរាស្ត្រ លោក អ៊ុំ សំអាន ត្អូញត្អែរពីភាពយឺតយ៉ាវ ដែលតុលាការកំពូលបន្តពន្យារពេល មិនលើកយករឿងក្ដីមួយនេះ ទៅជំនុំជម្រះ។ អង្គការផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ការបន្តអូសបន្លាយបែបនេះ នឹងធ្វើឲ្យលោក អ៊ុំ សំអាន ត្រូវប្រឈមមុខនឹងការបាត់បង់ផលប្រយោជន៍ និងប៉ះពាល់សិទ្ធិយ៉ាងខ្លាំង។
គិតមកដល់ពេលនេះ លោក អ៊ុំ សំអាន ត្រូវជាប់ពន្ធនាគារអស់រយៈពេលជាង ១ ឆ្នាំទៅហើយ ក្រោយពេលតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា សំណុំរឿងមួយនេះ លោកបានដាក់ទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យបើកការជំនុំជម្រះលើអង្គសេចក្ដី ប៉ុន្តែត្រូវបានតុលាការពន្យារពេលរហូតមក។ លោកបន្តថា ការរង់ចាំនេះ មិនដឹងត្រូវប្រើពេលយូរប៉ុន្មានទៀតនោះទេ ព្រោះខាងតុលាការពុំបានជូនដំណឹង ពីការកំណត់ថ្ងៃបើកសវនាការទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញលោក ហេង សុខណា បានប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារលោក អ៊ុំ សំអាន ២ឆ្នាំ ៦ខែ និងពិន័យលុយចំនួន ៤លានរៀល កាលពីខែ តុលា ឆ្នាំ២០១៦។ សមាជិកសភាមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ត្រូវបានអយ្យការអមតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផ្សព្វផ្សាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយ តាមមាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ការចាប់ខ្លួនដោយសមត្ថកិច្ច ខេត្តសៀមរាប ទាំងយប់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ត្រូវរងការរិះគន់ថា ទាំងអាជ្ញាធរសមត្ថកិច្ច និងរដ្ឋាភិបាលអនុវត្តដោយបំពាន ទៅលើសិទ្ធិអ្នកតំណាងរាស្ត្រ។
មាត្រា ៨០នៃរដ្ឋធម្មនុញ្ញ ចែងថា អ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយគ្រាន់តែសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចាប់ខ្លួន ការចោទប្រកាន់ ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកសភាណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភាជាមុនសិន។ ហើយ ការចាប់ខ្លួននោះទៀតសោត លើកលែងតែករណីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
អ្នកវិភាគនយោបាយ សង្កេតឃើញថា ផ្ដើមចេញពីការចាប់ខ្លួន សមាជិកសភាពលោក អ៊ុំ សំអាន និងអតីតសមាជិកព្រឹទ្ធសភា ពីខាងបក្សប្រឆាំង លោក ហុង សុខហួរ នេះជាដើម ទាំងនៅមានអភ័យឯកសិទ្ធិសភានៅឡើយ រដ្ឋាភិបាលបានបង្កើត ទៅជាការរិះគន់មិនចេះចប់។ ប៉ុន្តែទាំងលោក ហ៊ុន សែន និងមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោក តែងថ្លែងការពារថា នេះជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវបំផុត។ ជាញឹកញាប់លោកនាយករដ្ឋមន្ត្រី ថែមទាំងបានអះអាងថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយ មានទោសប៉ុណ្ណោះ។
ទាក់ទិនរឿងនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមយល់ឃើញថា ព្រោះតែការគ្រប់គ្រងមិនឯករាជ្យ ហើយការបែកចែកអំណាច នៅក្នុងស្ថាប័នរដ្ឋមានភាពសាំញ៉ាំនេះហើយ បានបង្កើតទៅជាប្រព័ន្ធដឹកនាំរដ្ឋមួយ ដែលសាធារណជនកំណត់ថា ហាក់លែងមានតម្លៃ។ អ្នកវិភាគរូបនេះសង្កេតឃើញថា សព្វថ្ងៃនេះគេពិតជាពិបាកកំណត់ណាស់ថា តើមួយណាឲ្យប្រាកដជាសម្ដីរបស់រដ្ឋាភិបាល ហើយមួយណាជារបស់បក្ស។ «»
ការចាប់ខ្លួន ការឃាត់ខ្លួន និងការចោទប្រកាន់ជាហូរហែកន្លងមកនេះ ទៅលើតំណាងរាស្ត្រ និងសកម្មជននយោបាយ បក្សប្រឆាំងមួយចំនួនទៀត រដ្ឋាភិបាលត្រូវរងការរិះគន់ថា បានព្យាយាមប្រើប្រាស់អំណាចដ៏លើសលប់ ប្រយោជន៍ ដើម្បីអាចបានគ្រប់គ្រងប្រទេស បន្តទៅមុខទៀត។
អ្នកវិភាគនយោបាយ ចាត់ទុកថា រឿងរ៉ាវនៅកម្ពុជា និងការវិវត្តនយោបាយសព្វថ្ងៃនេះ កាន់តែលែងទុកចិត្តទៀតនោះ គឺសមាជិកសភាដែលលើកបន្តុបដោយគណបក្សប្រជាជនកម្ពុជា ដែលពលរដ្ឋពុំបានបោះឆ្នោតឲ្យផងនោះ ដោយអំណាចរបស់លោក ហ៊ុន សែន អ្នកទាំងនោះបានចូលអង្គុយនៅលើកៅអីរដ្ឋសភា ដោយស្រួលខ្លួន។ ផ្ទុយទៅវិញ សមាជិកសភាពីខាងបក្សប្រឆាំង ដែលកើតចេញពីការបោះឆ្នោត ត្រូវជាក់គុក ដកតំណែង និងជាប់បណ្ដឹងតាមផ្លូវតុលាការដូចសម្លកំពឹសហូរហែក៏មាន មកទល់សព្វថ្ងៃនេះ។
លោកបណ្ឌិត មាស នី យល់ឃើញថា មនុស្សមួយចំនួន ដែលលោក ហ៊ុន សែន លើកបន្តុប ឬអំណាចឡើងតាមជើងខោនេះ ពិតជាពិបាកកំណត់បានថាជាតំណាងឲ្យពលរដ្ឋបានទេ។ អ្នកវិភាគរូបនេះ ឲ្យដឹងថា អ្នកទាំងនោះក៏នឹងពិបាកធ្វើកិច្ចការណា ដែលផ្ទុយពីគំនិតដើមរបស់លោក ហ៊ុន សែន ណាស់ដែរ ព្រោះត្រូវជាប់គុណរបស់លោកនាយករដ្ឋមន្ត្រីទៅហើយ។ «»
នៅមុនចូលកាន់តំណែងដែលហៅថា ជាតំណាងរាស្ត្រនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសជំហរហើយថា នឹងមិនធ្វើសេចក្ដីសម្រេចណា ដែលនាំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ គណបក្សរបស់ទ្រង់នោះឡើយ។ នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល បានកំណត់ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះមុខរដ្ឋសភា។ ប៉ុន្តែ រាល់ពេលសមាជិកពីខាងបក្សប្រឆាំង កោះហៅឲ្យឆ្លើយបំភ្លឺ នៅក្នុងរដ្ឋសភា មិនត្រឹមតែពុំបានអនុវត្តទេ ថែមទាំងត្រូវលោក ហ៊ុន សែន គំរាមទៀតផង។
ការអនុវត្តច្បាប់ដែលរងការរិះគន់ថា រដ្ឋាភិបាលកាន់តែឈានទៅរករបបផ្ដាច់ការនេះ ក្រៅពីត្រូវចាប់ខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា ញាត់គុក និងវៃអ្នកតំណាងរាស្ត្រ ២ រូបនៅក្បែរ វិមានរដ្ឋសភា ស្ទើរស្លាប់ស្ទើររស់ កាលពីខែតុលា ឆ្នាំ២០១៥ ហើយ អង្គរក្សរបស់លោក ហ៊ុន សែន គេឃើញអនុវត្តទោសបានមួយដង្ហើមចង្រិត ទីបំផុតអ្នកទាំងនោះ ត្រូវដំឡើងឋានៈទៅជាថ្នាក់ឧត្ដមសេនីយ៍ ព្រោងព្រាត។
ប្រធានគ្រប់គ្រងផ្នែកអង្កេត នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ដោយសារការអនុវត្តច្បាប់មានភាពលម្អៀងនេះហើយ បានបង្កើតឲ្យអំពើនិទ្ទណ្ឌភាព កាន់តែធ្ងន់ធ្ងរទៅៗ នៅកម្ពុជា។ លោកបន្តថា ថ្វីបើច្បាប់បានកំណត់ ពីភាពស្មើគ្នាចំពោះមុខច្បាប់ ជាក់ស្ដែងខ្លឹមសារនេះ ហាក់មិនបានឆ្លុះបញ្ចាំងទៅនឹងអនុវត្តនោះឡើយ។ «»
នៅក្នុងរឿងក្ដីទំនាស់ព្រំដែន រវាងកម្ពុជា និងវៀតណាមនេះ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន ព្យាយាមស្នើសុំនៅក្រៅឃុំជាហូរហែមកហើយ ប៉ុន្តែការស្នើសុំនេះតែងបរាជ័យជានិច្ច។ ក្នុងពេលតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស ដែលមេធាវីអះអាងថា មានសុខភាពធម្មតានោះ លោក ជូង ជូងី ដែលជាមេធាវីការពារក្ដី មើលឃើញថា លោក អ៊ុំ សំអាន ត្រូវជាប់ពន្ធនាគារទាំងអយុត្តិធម៌។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេត នៃអង្គការលីកាដូ មានប្រសាសន៍ថា ការដែលតុលាការចេះតែបន្តអូសបន្លាយពេលវេលា ក្នុងការជំនុំជម្រះនេះ វានឹងធ្វើឲ្យប៉ះពាល់សិទ្ធិជនត្រូវចោទយ៉ាងខ្លាំង។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ យល់ឃើញថា ជាគោលការណ៍ច្បាប់ ជនត្រូវចោទក៏ត្រូវបានការការពារ ដោយច្បាប់ដែរ។
ក្នុងពេលលោក ហ៊ុន សែន ព្យាយាមកម្ទេចសំឡេងប្រឆាំង បិទទ្វារអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន សិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី និងសិទ្ធិនៃការបញ្ចេញមតិ ក៏ត្រូវបានរដ្ឋាភិបាលរាំងខ្ទប់ដែរ៕