(RFA Khmer /ដោយលោក មួង ណារេត /22-4-2019)
អ្នកឃ្លាំមើល​សង្គម​ថ្លែង​ថា កម្ពុជា​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ទាំង​បញ្ហា​ក្នុងស្រុក និង​ការ​ប្រឈម​ពី​ខាងក្រៅ ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​នោះ​ឡើយ។

តំណាង​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា សហគមន៍​អន្តរ​ជាតិនិយម​ប្រជាធិបតេយ្យ​នៅតែ​ថ្កោលទោស​របប​ដឹកនាំ​បច្ចុប្បន្ន​ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កើតមាន​តាំងតែ​ពី​ចុង​ឆ្នាំ​២០១៧ រហូត​មក។ លោក ​បន្ត​ថា គិត​មក​ទល់​ពេល​នេះ ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​នាំ​ទៅ​រក​ការ​ស្តារ​ឡើងវិញ​នូវ​ស្ថានភាព​អាក្រក់​ទាំងឡាយ ព្រមទាំង​ការ​បញ្ចៀស​នូវ​វិបត្តិ​ផ្សេងៗ ដូចជា​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​នោះ នៅ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​ថា កម្ពុជា​នៅ​មាន​បញ្ហា​ក្នុង​ស្រុក​ជាច្រើន​ផ្សេងទៀត ដែល​មិន​ទាន់​បាន​ដោះស្រាយ ដូច្នេះ​រឿង​ទាំងនេះ​ កំពុង​រុញច្រាន​កម្ពុជា​ ទៅ​រក​វិបត្តិ​សង្គម​នៅ​ពេល​ខាងមុខ៖ «ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី មិនឆ្លើយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ ដែល​កើត​មាន​នៅ​កម្ពុជា​យើង​ទេ។ ហើយ​បើ​កម្ពុជា​យើង ​មិន​ស្វះ​ស្វែង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ហ្នឹង​ឱ្យ​ល្អ​ប្រសើរ​ទេ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុន​ហ្នឹង​ គេ​ខ្លាច​រអា។ គេ​គិត​ថា​វា​ពុំ​មាន​សុវត្ថិភាព​ក្នុង​ការ​ដែល​ គេ​មក​បណ្តាក់​ទុន​នៅកម្ពុជា​យើង​ទេ។ ទោះបីគេ​មិន​ដក​ EBA ឥលូវ​ហ្នឹង​ក៏​ដោយ ក៏​វា​មាន​ផល​ប៉ះពាល់​ បើយើង​មិន​ជម្រះ ឬមួយ​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ នៅ​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ ​នៅ​លើ​ហ្វេសប៊ុក ​នៅ​ថ្ងៃ​ទី​ ២០ មេសា ថា របប​របស់​លោក​នឹង​បន្ត​រួមដៃ​គ្នា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការ​កសាង​ជាតិ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​បំផុត។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ បាន​អួតអាង​ថា លោក​បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព​ពេញលេញ និង​ការ​រីកចម្រើន​ពិតប្រាកដ ហើយ​លោក​ក៏បាន​អរគុណ​ពលរដ្ឋ​ដែល​គាំទ្រ​ឥត​ងាករេ​ ចំពោះ​ការដឹកនាំ​របស់​លោក​ផង​ដែរ។ លោក​បន្ថែម​ថា ពេល​នេះ​កម្ពុជា​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​ឡើយ។

ទោះជា​យ៉ាងណា លោក រ៉ុង ឈុន មើល​ឃើញ​ថា កម្ពុជា​មិនទាន់​មាន​សុខ​សន្តិភាព​ពេញលេញ​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ លោក​ថា សន្តិភាព​មាន​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​កន្លះ​ប្រទេស​វិញ ឆន្ទៈ​របស់​ពួកគាត់​ត្រូវ​បាន​រំលោភបំពាន និង​ជាន់​ឈ្លី ដោយ​ក្រុម​អ្នក​កាន់​អំណាច៖ «រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់​មេបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ហើយ​និរទេស​អ្នក​នយោបាយ ដក​សិទ្ធិ​អ្នក​នយោបាយ​មិន​ឱ្យ​ធ្វើ​នយោបាយ នេះ​មិន​មែន​មាន័យ​ថា មាន​សន្តិភាពពេញ​លេញ​ទេ មានន័យ​ថា សន្តិភាព​តែមួយផ្នែក​ ឬមួយ​ក្រុម​ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ មិន​ទាន់ទទួល​បាន​សន្តិភាព​ពេញលេញ​នោះទេ»

ចំណែក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក វិញ យល់ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ ឆ្លុះបញ្ចាំង​ការពិត​តែមួយ​ជ្រុង​តូច​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​មាន​បញ្ហា​ក្នុងស្រុក​ជាច្រើន ដូចជា គ្រឿងញៀន ចោរកម្ម អសន្តិសុខ ការ​បំផ្លាញ​បរិស្ថាន ព្រៃឈើ និង​ធនធានធម្មជាតិ បូករួម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ជាដើម។ ចំណែក​បញ្ហា​ខាងក្រៅ​វិញ លោក​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​ហានិភ័យ​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ទីផ្សារ​សហរដ្ឋអាមេរិក​។ លោក​ជឿជាក់​ថា បញ្ហា​ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ព្រួយបារម្ភ និង​ចង់​ឃើញ​របប​លោក ហ៊ុន សែន ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​សន្តិភាពពេញលេញ លុះ​ត្រា​តែ​សន្តិភាព​ហ្នឹង​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត តែ​បច្ចុប្បន្ន​នេះ​យើង​មើល​ទៅ​សិទ្ធិសេរីភាពនៃ​ការ​បញ្ចេញ​មតិ​ គឺ​នៅ​រួម​តូច​មែន​ទែន​។ យើង​មើល​ មាន​ការ​ព្រាត់​ប្រាស អ្នក​នយោបាយ​ខ្លះ​គាត់​និរទេស​ទៅ​ក្រៅប្រទេស ហើយ​ចំណែក​អ្នក​ហ៊ាន​បញ្ចេញមតិ​ក្នុង​ស្រុក​ត្រូវ​បាន​ការ​បំភិតបំភ័យ​ គំរាម​កំហែង អ៊ីចឹង​ទាំង​អស់​ហ្នឹង​ហើយ​ដែល​មិន​អាច​ឆ្លុះ​បញ្ចាំង​ថា សន្តិភាព​ពេញ​លេញ​នៅប្រទេស​កម្ពុជា​បាន​ទេ»

យុវជន​រូប​នេះ យល់ថា លោក ហ៊ុន សែន កំពុងតែ​និយាយ​លួង​ចិត្ត​ខ្លួនឯង ជុំវិញ​ការ​លើកឡើង​ថា ពលរដ្ឋ​គាំទ្រ​ការដឹកនាំ​របស់​លោក​ដោយ​ឥត​ងាករេ​នោះ។ លោក​ថា ពលរដ្ឋ​ភាគច្រើន​បាន​បាត់បង់​ទំនុក​ចិត្ត​លើ​ការដឹកនាំ​របស់​លោក​រួច​ទៅ​ហើយ ហើយក៏​បាន​រេ​ទៅ​គាំទ្រ​គណបក្សប្រឆាំង​។ លោក​បន្ត​ថា រឿង​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ តាមរយៈ​លទ្ធផល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លងទៅ ដែល​គណបក្ស​កាន់អំណាច​ធ្លាក់​សំឡេងឆ្នោត​យ៉ាង​គំហុក។ លោក​បន្ថែម​ថា ការដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គឺ​កើត​ចេញ​មកពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ មិនមែន​កើត​ចេញ​ពី​ឆន្ទៈ​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ឡើយ៕

.